ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃផ្ទះនៅប្រទេសនូវែលសេឡង់(New Zealand) បានធ្លាក់ចុះក្នុងរយៈពេល៥ខែជាប់ៗគ្នាគិតត្រឹមខែសីហាមកនៅត្រឹមកម្រិតទាបបំផុតក្នុងរយៈពេល២ឆ្នាំ ដោយសារកំណើនសេដ្ឋកិច្ចធ្លាក់ចុះ និងការកើនឡើងនៃភាពអត់ការងារធ្វើ។
យោងតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Cotality បានឱ្យដឹងថា តម្លៃផ្ទះនៅទូទាំងប្រទេសនូវែលសេឡង់បានធ្លាក់ចុះ០,២ភាគរយនៅខែសីហាបើធៀបនឹងខែកក្កដា និងធ្លាក់ចុះ០,១ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។
ទីផ្សារលំនៅដ្ឋានរបស់ប្រទេសនូវែលសេឡង់កំពុងធ្លាក់ចុះ ស្របពេលមានការផ្គត់ផ្គង់ផ្ទះលើសតម្រូវការ ខណៈអ្នកទិញស្ទាក់ស្ទើរក្នុងការខ្ចីប្រាក់ ដោយសារសេដ្ឋកិច្ចធ្លាក់ចុះ។
ទោះបីជាធនាគារកណ្តាលរបស់ប្រទេសនេះបានកាត់បន្ថយអត្រាការប្រាក់មកនៅត្រឹមកម្រិតទាបបំផុតក្នុងរយៈពេលជាង៣ឆ្នាំយ៉ាងណាក្តី ក៏ប៉ុន្តែ តម្រូវការផ្ទះនៅមិនទាន់កើនឡើងនៅឡើយ។
លោក Kelvin Davidson ប្រធានសេដ្ឋវិទូផ្នែកអចលនទ្រព្យនៅក្រុមហ៊ុន Cotality បានលើកឡើងថា នេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែលតម្លៃផ្ទះកំពុងធ្លាក់ចុះ ដោយសារសេដ្ឋកិច្ចជួបការលំបាក បូករួមទាំងការកើនឡើងនៃអត្រាភាពអត់ការងារធ្វើ និងការថយចុះនូវទំនុកចិត្តរបស់អ្នកទិញ។
សេដ្ឋកិច្ចនូវែលសេឡង់កំពុងធ្លាក់ចុះ ដោយសារភាពមិនច្បាស់លាស់អំពីស្ថានភាពពាណិជ្ជកម្មសកល និងគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក បានជំរុញឱ្យក្រុមហ៊ុនជាច្រើនកាត់បន្ថយការវិនិយោគ និងការជួលបុគ្គលិក។
ចំណែក អត្រាអ្នកគ្មានការងារធ្វើរបស់ប្រទេសនេះបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៥ឆ្នាំក្នុងរង្វង់៥,២ភាគរយ៕ប្រភព: The Business Times ៕