ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមធនាគារវិនិយោគខ្នាតយក្សអាមេរិក Morgan Stanley បានវិភាគថា អាជីវកម្មរបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗនៅប្រទេសចិននឹងមានភាពប្រសើរឡើងនៅឆមាសទី២ ឆ្នាំនេះ បន្ទាប់ពីបានធ្លាក់ចុះក្នុងឆមាសទី១។
ធនាគារ Morgan Stanley បានបន្តថា ការលក់ និងប្រាក់ចំណេញនឹងធ្លាក់ចុះក្នុងល្បឿនយឺតជាងមុននៅឆមាសទី២ ដោយបានព្យាករណ៍ថា ការលក់ផ្ទះអាចនឹងកើនឡើងបន្តិចនៅត្រីមាសទី៤ ឆ្នាំ២០២៥នេះ ដោយសារការបញ្ចប់ការសាងសង់ផ្ទះក្នុងទីក្រុងធំៗ និងការបញ្ចុះអត្រាការប្រាក់របស់់ធនាគារកណ្តាលអាមេរិក។
ទស្សនវិស័យវិជ្ជមាននៅឆមាសទី២ មានភាពខុសផ្ទុយស្រឡះនឹងលទ្ធផលប្រាក់ចំណូលរបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនកាលពីឆមាសទី១។
ជាក់ស្តែង ក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំ២០២៥ ប្រាក់ចំណូលរបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗរបស់ប្រទេសចិនបានធ្លាក់ចុះ៤ភាគរយ ខណៈប្រាក់ចំណេញស្នូល(Core profit)បានដាំក្បាលចុះ១៧ភាគរយ។
ធនាគារ Morgan Stanley បានលើកឡើងថា “ទស្សនវិស័យអាជីវកម្មរបស់បណ្តាអ្នកអភិវឌ្ឍន៍នឹងបង្ហាញសញ្ញាប្រសើរឡើងក្នុងឆមាសទី២ ខណៈទំហំប្រាក់ចំណេញ និងប្រាក់ចំណូលពីការជួលអចលនទ្រព្យអាចនឹងមានកម្រិតខ្ពស់ជាងឆមាសទី១”។
ភាពសុទិដ្ឋិនិយមនេះជាសញ្ញាដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន ខណៈវិស័យអចលនទ្រព្យបានគ្របដណ្តប់ចំណែក១ភាគ៤នៃផលទុនជាតិសរុប(GDP) របស់ប្រទេសចិន។
វិស័យអចលនទ្រព្យចិនបានដាំក្បាលចុះចាប់តាំងពីរដ្ឋាភិបាលចិនបានអនុវត្តគោលនយោបាយ“បន្ទាត់ក្រហម៣”ដែលបានរឹតបន្តឹងការផ្តល់ប្រាក់កម្ចីដល់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យកាលពីចុងឆ្នាំ២០២០៕ប្រភព: SCMP៕