ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក លោក Scott Bessent បានបង្ហើបឱ្យដឹងថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងនឹងចាត់វិធានការថ្មី ដើម្បីដោះស្រាយការហក់ឡើងនៃតម្លៃលំនៅដ្ឋាន។
លោក Bessent បានថ្លែងប្រាប់កាសែត Washington Examiner ក្នុងបទសម្ភាសន៍មួយថា“លោកប្រធានាធិបតី ត្រាំ អាចនឹងប្រកាសភាពអាសន្នផ្នែកលំនៅដ្ឋានថ្នាក់ជាតិក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីទប់ទល់នឹងការហក់ឡើងនៃតម្លៃផ្ទះ និងការដាំក្បាលចុះនៃការផ្គត់ផ្គង់”។
ទីផ្សារលំនៅដ្ឋានអាមេរិកបានរងផលប៉ះពាល់ ដោយសារការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក(Fed)។ ម៉្យាងទៀត ការហក់ឡើងយ៉ាងគំហុកនៃតម្លៃផ្ទះ ជាការព្រួយបារម្ភដ៏ធំរបស់ប្រជាជនអាមេរិក។
លោក Bessent បានថ្លែងប្រាប់កាសែត Reuters ក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយថា បច្ចុប្បន្ននេះ តម្លៃជួលលំនៅដ្ឋានកំពុងធ្លាក់ចុះ។ ការណ៍នេះមានសារៈសំខាន់សម្រាប់ជនជាតិអាមេរិក ដែលមិនទាន់មានផ្ទះសម្បែងជាកម្មសិទ្ធិផ្ទាល់ខ្លួន”។
លោក Scott Bessent រំពឹងថា “ការលក់ផ្ទះនៅសហរដ្ឋអាមេរិកនឹងកើនឡើង នៅពេលអត្រាការប្រាក់ចាប់ផ្តើមធ្លាក់ចុះ។ ពលរដ្ឋអាមេរិក ដែលបានខ្ចីប្រាក់ក្នុងអត្រាការប្រាក់ទាប នឹងប្រកាសដាក់លក់ផ្ទះរបស់ពួកគេ”។
លោក Bessent បានបន្ថែមថា រដ្ឋបាលលោក ត្រាំ ក៏កំពុងរិះរកមធ្យោបាយដើម្បីសម្រួលដល់ការចេញលិខិតអនុញ្ញាត ក្នុងគោលបំណងពន្លឿនការសាងសង់។ ការណ៍នេះនឹងជួយជំរុញការផ្គត់ផ្គង់លំនៅដ្ឋាន៕ប្រភព: Reuters៕