ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមភ្នាក់ងារអចលនទ្រព្យនានាបានឱ្យដឹងថា វិធានការរឹតបន្តឹងថ្មីរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងលើជនបរទេសនឹងធ្វើឱ្យតម្លៃផ្ទះនៅក្នុងទីក្រុងសេអ៊ូលធ្លាក់ចុះ បន្ទាប់ពីបានកើនឡើងយ៉ាងគំហុក ដោយសារកំណើនអតិថិជនមកពីប្រទេសចិន។
ពលរដ្ឋហុងកុង និងចិនដីគោកបានទិញអចលនទ្រព្យសរុបចំនួន៩៦.៩៥៥យូនីតនៅប្រទេសកូរ៉េខាងត្បូងគិតត្រឹមខែឧសភា ឆ្នាំ២០២៥ ហក់ឡើង៧៨,៥ភាគរយបើធៀបនឹងឆ្នាំ២០២០។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយកាសែតក្នុងស្រុក The Chosun Daily របស់កូរ៉េខាងត្បូង។
លោកស្រី JoAnn Hong នាយកជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Korea រំពឹងថា វិធានការរឹតបន្តឹងលើជនបរទេសនឹងរួមចំណែកដល់ការធ្វើឱ្យតម្លៃផ្ទះធ្លាក់ចុះ និងស្តារស្ថិរភាពនៃតម្លៃផ្ទះនៅទីក្រុងធំៗក្នុងប្រទេសកូរ៉េខាងត្បូង។
លោកស្រីបានបន្តថា ចាប់តាំងពីឆ្នាំ២០២២មក ជនបរទេសបានគ្របដណ្តប់ចំណែកប្រមាណ១ភាគ៥នៃការទិញលំនៅដ្ឋានលំដាប់មធ្យម និងលំដាប់ខ្ពស់នៅកូរ៉េខាងត្បូង ជាពិសេសនៅតំបន់ទីក្រុងសេអ៊ូល។ តំបន់នេះរួមមាន រដ្ឋធានីសេអ៊ូល ទីក្រុង Incheon និងខេត្ត Gyeonggi ។
ក្នុងរយៈពេល៣ឆ្នាំកន្លងទៅ តម្លៃលំនៅដ្ឋានក្នុងទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូងបានហក់ឡើងជិត១០ភាគរយជារៀងរាល់ឆ្នាំ ហើយក្នុងនោះ ជនជាតិចិនបានទិញលំនៅដ្ឋានច្រើនជាងគេ៕ប្រភព: SCMP៕