ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា តម្លៃផ្ទះថ្មីរបស់ប្រទេសចិនបានធ្លាក់ចុះ០,៣ភាគរយនៅក្នុងខែសីហា ធៀបនឹងខែកក្កដា ដោយសារតម្រូវការនៅតែបន្តធ្លាក់ចុះ ហើយទីផ្សារលំនៅដ្ឋានបន្តជះផលប៉ះពាល់លើកំណើនសេដ្ឋកិច្ចចិន។
តួលេខខាងលើនេះត្រូវបានគណនាដោយកាសែត Reuters ដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន (NBS) ។ បើគិតមូលដ្ឋានប្រចាំឆ្នាំ តម្លៃផ្ទះថ្មីបានធ្លាក់ចុះ២,៥ភាគរយនៅក្នុងខែសីហា ក្រោយពីបានធ្លាក់ចុះ២,៨ភាគរយនៅក្នុងខែកក្កដា។
វិស័យអចលនទ្រព្យរបស់ប្រទេសចិនបានដាំក្បាលចុះចាប់តាំងពីឆ្នាំ២០២១។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលចិនបានដាក់ចេញវិធានការជំរុញជាច្រើន រាប់ចាប់ពីការកាត់បន្ថយអត្រាការប្រាក់លើប្រាក់កម្ចីរហូតដល់ការជួសជុលភូមិក្នុងទីក្រុង ដើម្បីស្តារវិស័យអចលនទ្រព្យ។








