ដោយៈ ចំណាន
ប្រទេសចិនៈ អនុប្រធានាធិបតីចិន លោកHan Zheng អនុប្រធានាធិបតីចិនបានបញ្ជាក់ថា ចិននិងកម្ពុជា ជាមិត្តដែកថែប ហើយចិននឹងបន្តរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា។
អនុប្រធានាធិបតីចិនបានថ្លែងបែបនេះ ក្នុងពេល លោកវង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយលោកនៅតំបន់ក្វាងស៊ី។
ក្នុងជំនួបនោះ អនុប្រធានាធិបតី Han Zheng បានបង្ហាញនូវក្តីរីករាយ និងបានវាយតម្លៃខ្ពស់ជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដែលបានដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងចំណងមិត្តភាពចិន-កម្ពុជា ពិសេសតាមរយៈតួនាទីជាអគ្គលេខាធិការនៃគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នាពេលកន្លងមក។
លោកអនុប្រធានាធិបតី ក៏បានលើកឡើងថា ថ្មីៗនេះថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក និងបានគូសបញ្ជាក់ផងដែរថា ចិន និងកម្ពុជា គឺជាមិត្តដែកថែប ហើយចិនប្តេជ្ញាគាំទ្រ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ក្នុងការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ ថ្នាក់ដឹកនាំកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រដល់ការពង្រឹងសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រចាំការបានសម្ដែងនូវការអបអរសាទរក្នុងឱកាស “ខួបលើកទី៨០ នៃជ័យជម្នះក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក” ដែលបានបង្ហាញអំពីភាពខ្លាំងក្លារបស់ប្រទេសចិន ទាំងផ្នែកសេដ្ឋកិច្ច យោធា និងនយោបាយ។
លោកក៏បានសម្ដែងនូវការអបអរសាទរ ផងដែរចំពោះរដ្ឋាភិបាលចិនដែលបានរៀបចំពិព័រណ៍ចិន-អាស៊ាន ប្រកបដោយជោគជ័យកន្លងមក ហើយ ឯកឧត្តម បានចាត់ទុកពិព័រណ៍ចិន-អាស៊ាន ជាវេទិកាសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ាន-ចិន ព្រមទាំងកិច្ចសហប្រតិបត្តិការផ្នែកឌីជីថល។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់មិត្តចិន ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ និងការអនុវត្តបទឈប់បាញ់ ព្រមទាំងការផ្តល់នូវជំនួយមនុស្សធម៌ដល់ជនភៀសសឹក។
ក្នុងឱកាសនោះដែរ លោកវង្សី វិស្សុត បានកត់សម្គាល់ផងដែរថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ប្រកបដោយភាពជោគជ័យ របស់លោក ប្រធានាធិបតី ស៊ី ជីនពីង ទៅកាន់កម្ពុជាកាលពីខែមេសា និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល Shanghai Cooperation Organization (SCO) Plus Summit របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីខែសីហាកន្លងទៅនេះ គឺពិតជាបានឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រឹងបន្ថែមទៀតនូវមិត្តភាពដែកថែបកម្ពុជា-ចិន និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។
ទន្ទឹមនេះ ប្រវត្តិសាស្ត្រក៏បានគូសបញ្ជាក់ដែរថា ចិននិងកម្ពុជាមាននិស្ស័យជាមួយគ្នា (Friends by destiny) និងបានចាក់ឫសជ្រៅរាប់សតវត្ស ហើយចំណងមិត្តភាពដ៏មានតម្លៃនេះ ត្រូវបានទទួលស្គាល់ដោយថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរជាច្រើនជំនាន់ ចាប់ផ្តើមពី ព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង លោកប្រធាន ម៉ៅ សេទុង និង លោក ជូ អេនឡាយ និងត្រូវបានបន្តពូនជ្រំ ថ្នាក់ថ្នមដោយថ្នាក់ដឹកនាំជំនាន់ក្រោយ រួមមាន៖ សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង។
លោកបញ្ជាក់ថា “ចិនក៏តែងតែបង្ហាញថា ចិនជាមិត្តដែលពឹងពាក់បាន និងទុកចិត្តបាន ហើយនៅក្នុងបរិបទបច្ចុប្បន្ននេះ ក្នុងខណៈដែលពិភពលោក កំពុងរងនូវការបែកខ្ញែកនៃសណ្តាប់ធ្នាប់ កម្ពុជាគឺកាន់តែត្រូវការមិត្តចិន”៕