ទីផ្សារសណ្ឋាគារនៅទីក្រុងហ្សាការតានឹងបង្ហាញកំណើនវិជ្ជមានក្នុងឆមាសទី២ ខណៈរដ្ឋាភិបាលឥណ្ឌូនេសុីលើកទឹកចិត្តផ្នែកពន្ធ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យសណ្ឋាគារនៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេសុីនឹងអាចបង្ហាញកំណើនវិជ្ជមាននៅក្នុងឆមាសទី២ ឆ្នាំ២០២៥នេះ។

ភាពសុទិដ្ឋិនិយមនេះបានកើតមានឡើង ស្របពេលដែលរដ្ឋាភិបាលឥណ្ឌូនេសុីបានផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ ដែលអាចជួយជំរុញតម្រូវការស្នាក់នៅសណ្ឋាគារក្នុងប្រទេសឥណ្ឌូនេសុី។

ទោះជាយ៉ាងណា ក្រុមហ៊ុន Colliers បានជំរុញឱ្យសណ្ឋាគារនានាស្វែងរកទីផ្សារថ្មីៗយ៉ាងសកម្ម និងអនុវត្តន៍យុទ្ធសាស្រ្តសម្របខ្លួន ដើម្បីកាត់បន្ថយផលប៉ះពាល់កាលពីឆមាសទី១ ដែលបណ្តាលមកពីការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលឥណ្ឌូនេសុីលើការជួលសណ្ឋាគារដើម្បីរៀបចំកិច្ចប្រជុំ។

ក្រុមហ៊ុន Colliers លើកឡើងថា តាមរយៈការចាប់យកនូវឱកាស និងការសម្របខ្លួនទៅនឹងសក្ដានុពលទីផ្សារថ្មី ទីផ្សារសណ្ឋាគារមិនត្រឹមតែអាចទប់ទល់នឹងបញ្ហាបច្ចុប្បន្នប៉ុណ្ណោះទេ។ប៉ុន្តែ ទីផ្សារក៏នឹងមានភាពធន់ និងការប្រកួតប្រជែងក្នុងរយៈពេលវែងផងដែរ។

បច្ចុប្បន្ន សណ្ឋាគារនៅប្រទេសឥណ្ឌូនេសុីព្យាយាមទាក់ទាញបណ្តាក្រុមហ៊ុនអាជីវកម្ម និងក្រុមអ្នកជំនាញ ដែលកក់បន្ទប់សណ្ឋាគារក្នុងគោលបំណងធុរកិច្ច ដូចជា សកម្មភាព Business Trip ជាដើម។

កាលពីពេលថ្មីៗនេះ អាជ្ញាធរនៃទីក្រុងហ្សាការតា បានប្រកាសគោលនយោបាយកាត់បន្ថយពន្ធបណ្តោះអាសន្នចំពោះសណ្ឋាគារ ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ។

នៅក្រោមបទប្បញ្ញត្តិថ្មី សណ្ឋាគារទទួលបានការកាត់បន្ថយពន្ធចំនួន៥០ភាគរយចាប់ពីចុងខែសីហាដល់ខែកញ្ញានេះ និងការកាត់បន្ថយពន្ធចំនួន២០ភាគរយ ចាប់ពីខែតុលារហូតដល់ខែធ្នូ ឆ្នាំ២០២៥។

វិធានការនេះត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ជួយ​ជំរុញអំណាចនៃការទិញ​របស់​ប្រជាជនឥណ្ឌូនេសុី ជាពិសេស​ការ​ចំណាយ​នៅ​សណ្ឋាគារ៕ប្រភព: Vietnam Plus៕

LEAVE A REPLY

Please enter your comment!
Please enter your name here