ដោយ វុត្ថា
ជប៉ុន៖ មន្ត្រីជាន់ខ្ពស់ប្រទេសជប៉ុន បានអះអាងឲ្យដឹងថា កម្ពុជាជាប្រទេសដែលមានឱកាសវិនិយោគដ៏ទាក់ទាញប្រកបដោយក្តីសង្ឃឹម ហើយប្តេជ្ញាជំរុញលំហូរទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត។
លោក Kenji YAMADA អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសជប៉ុននៅក្នុងមហោស្រពកម្ពុជាឆ្នាំ២០១៩ (Cambodia Festival 2019) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលចាប់ផ្តើមកាលពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ថា កម្ពុជាជាប្រទេសដែលមានឱកាសវិនិយោគដ៏ទាក់ទាញ និងសម្បូរដោយកម្លាំងពលកម្មវ័យក្មេង ប្រកបដោយសក្តានុពល និងប្រកបដោយក្តីសង្ឃឹម ហើយជាមួយនឹងកិច្ចសហប្រតិបត្តិការល្អដ៏យូរលង់រវាងប្រទេសទាំងពីរ ជប៉ុនប្តេជ្ញាជំរុញលំហូរទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែមទៀតផងដែរ។
ឆ្នាំ២០១៩ នេះជាខួបលើកទី៦៦ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ហើយបច្ចុប្បន្នជប៉ុនមិនត្រឹមតែមានស្ថានទូតនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ តែក៏មានស្ថានកុងសុលនៅខេត្តសៀមរាបផងដែរ។
កាលពីឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៦.២លាននាក់ ក្នុងកំណើន ១០.៧% ក្នុងនោះទេសចរជប៉ុនមានចំនួនជាង ២១ម៉ឺននាក់ ក្នុងកំណើន ៣.៥% ហើយ២ខែដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ១,២លាននាក់ ក្នុងនោះទេសចរជប៉ុន ជិត៤ម៉ឺននាក់ ក្នុងកំណើន ៣.១%។
ទេសចរជប៉ុនតែងស្ថិតក្នុងចំណោម ប្រភពទីផ្សារទេសចរណ៍ធំៗទាំង១០ របស់កម្ពុជា។ ឆ្នាំ២០១៩ នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរជប៉ុនប្រមាណជាង ២៣ម៉ឺននាក់ផងដែរ៕