ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃខុនដូនៅប្រទេសសិង្ហបុរីបានកើនឡើងដល់កម្រិតខ្ពស់ថ្មីក្នុងអំឡុងខែកក្កដាដល់ខែសីហា ឆ្នាំ២០២៥។ នេះជាសញ្ញាបង្ហាញពីទំនុកចិត្តរបស់អ្នកទិញចំពោះទីផ្សារអចលនទ្រព្យ ទោះបីជាមានភាពមិនច្បាស់លាស់ម៉ាក្រូសេដ្ឋកិច្ចយ៉ាងណាក្តី។
យោងតាមទិន្នន័យពីអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងសិង្ហបុរី (URA) បានឱ្យដឹងថា តម្លៃខុនដូជាមធ្យមបានកើនឡើងដល់ទំហំទឹកប្រាក់ចំនួន១.៧៧៥ដុល្លារអាមេរិកគិតពីចន្លោះខែកក្កដាដល់ខែសីហា ឆ្នាំ២០២៥ ហក់ឡើង១៣,២ភាគរយធៀបនឹងត្រីមាសទី២។
កំណើនយ៉ាងគំហុកនេះត្រូវបានជំរុញដោយតម្លៃខុនដូនៅតំបន់សំខាន់ៗ ជាពិសេសតំបន់ស្នូលកណ្តាលទីក្រុងសិង្ហបុរី (Core Central Region) និងតំបន់ជាយក្រុងសិង្ហបុរី។
តួយ៉ាង តម្លៃខុនដូជាមធ្យមនៅក្នុងតំបន់ CCR បានហក់ឡើង២៦,២ភាគរយ ដល់ទំហំទឹកប្រាក់ចំនួន២.២៧១ដុល្លារអាមេរិកនៅចន្លោះខែកក្កដាដល់ខែសីហា ឆ្នាំនេះ បើប្រៀបធៀបនឹងត្រីមាសទី២។
តម្លៃខុនដូបានកើនឡើង ស្របពេលមានការបើកដំណើរការគម្រោងខុនដូថ្មីជាបន្តបន្ទាប់។ការណ៍នេះបានជួយជំរុញតម្រូវការ និងតម្លៃខុនដូ ខណៈអតិថិជនជាច្រើនហ៊ានទិញខុនដូទាំងនោះក្នុងតម្លៃខ្ពស់ ដោយសារគម្រោងខុនដូស្ថិតនៅចំទីតាំងប្រកបដោយភាពទាក់ទាញ។
ជាក់ស្តែង គម្រោងអគារខុនដូ River Valley Green នៅតំបន់ CCR បានលក់ចេញខុនដូចំនួន៨៦,១ភាគរយ នៃចំនួនខុនដូសរុបក្នុងគម្រោងទាំងមូលក្នុងរយៈពេលត្រឹមតែ១ខែដំបូង បន្ទាប់ពីបើកសម្ពោធនៅខែសីហា។
គម្រោងខាងលើមានទីតាំងនៅជិតតំបន់ផ្សារទំនើប Orchard Road តំបន់ពាណិជ្ជកម្មកណ្តាល (CBD) និងស្ថានីយរថភ្លើងក្រោមដី Great World MRT Station៕ប្រភព: Edgeprop៕