រូបតំណាង
ដោយ ម៉ាណែត
ភ្នំពេញ៖ ធនាគារពិភពលោក(World Bank)នឹងផ្តល់ជំនួយ៥៧លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីជំរុញការលើកកំពស់អនាម័យនិងការផ្គត់ផ្គង់់ទឹកស្អាតនៅប្រទេសកម្ពុជា ដែលគំរោងនេះនឹងអនុវត្តន៍រយៈពេល៥ឆ្នាំ។
ក្នុងជំនួបពិភាក្សារវាងលោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយលោក Takuya Kamata នាយកប្រតិបត្តិធនាគារពិភពលោកប្រចាំកម្ពុជា ទទួលបន្ទុកវិស័យទឹកសកលប្រចាំតំបន់អាស៊ីនៅថ្ងៃទី៣ខែ ឧសភា ឆ្នាំ ២០១៩កន្លងមក ភាគីទាំងពីរបានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ ទៅលើដំណើរការអនុវត្តគម្រោងហិរញ្ញប្បទានឥណទានសម្បទាន របស់ធនាគារពិភពលោក ដែលត្រូវធ្វើរួមគ្នាជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម សម្រាប់អនុវត្តគម្រោងលើកកំពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលមានរយៈពេល៥ឆ្នាំ គិតពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ដែលមានថវិកាគម្រោងចំនួន៥៧លានដុល្លារកន្លះ។ក្នុងនោះថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន២លានដុល្លាកន្លះ ។
-->
ហិរញ្ញប្បទានរបស់ធនាគារពិភពលោក អនុវត្តលើវិស័យទឹកស្អាតក្នុងទឹកប្រាក់ចំនួន៣២លានដុល្លារអាមេរិក និងការលើកកំពស់អនាម័យ២៥លានដុល្លារកន្លះ។ ចំពោះវិសាលភាពនៃការអនុវត្តគម្រោង បានកំណត់ទៅលើការពង្រីកបណ្តាញ និងផលិតកម្មនៅស្រុកស្ទោង ខេត្តកំពង់ធំ និក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី -អភិវឌ្ឍន៍ការផ្គត់ផ្គង់ខ្នាតតូច នៅភ្នំព្រឹក ខេត្តបាត់ដំបង និងឃុំមួយចំនួននៅខេត្តព្រៃវែង សៀមរាប និងកំពង់ឆ្នាំង រួមទាំងការគៀងគរ ហិរញ្ញប្បទានវិស័យឯកជនក្នុងប្រព័ន្ធខ្នាតតូច ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុកគម្រោងនេះមានសារៈសំខាន់ ក្នុងការួមចំណែកគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងក្រសួងលើវិស័យទឹកស្អាតសម្រាប់គោលដៅឆ្នាំ២០២៥។ លោកបន្តថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម គឺការលើកទឹកចិត្តអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាដៃគូអភិវឌ្ឍន៍ ចាប់អារម្មណ៌ការបណ្តាក់ទុន និងការគិតគូរការអភិវឌ្ឍន៍លើវិស័យទឹកស្អាត ជាលក្ខណៈ ទ្រង់ទ្រាយធំ ហើយអាចធ្វើការលក់ដុំ ទៅអ្នកចែកចាយបន្តក្នុងតម្លៃមួយ សមរម្យដែលអាចទទួលយកបានទាំងអស់គ្នា។
ក្រសួងកំពុងផ្តោតការផ្គត់ផ្គង់ទឹកស្អាតមិនត្រឹម តែក្នុងតំបន់ទីក្រុង និងទីប្រជុំជនទេ តែត្រូវយកចិត្តទុកដាក់ដល់ទីជនបទ តាមលទ្ធភាពជាក់ស្តែង។ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងពីគោលនយោបាយលើកទឹកចិត្តមួយចំនួនរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងចំពោះប្រតិបត្តិករទឹកស្អាតឯកជន ដូចជា៖ទីតាំង រីកន្លែងណា ដែលរដ្ឋមិនទាន់មានលទ្ធភាព តបណ្តាញទឹកស្អាតទៅដល់គឺក្រសួងអនុញ្ញាតឲ្យឯកជនចូលទៅវិនិយោគ ហើយបានផ្តល់អជ្ញាប័ណ្ណអាជីវកម្ម រហូតដល់២០ឆ្នាំ ដែលកាលពីមុនមាន រយៈពេលតែ ៣ឆ្នាំ។
រូបតំណាង
លោក Takuya Kamata បានបញ្ជាក់ថា គម្រោងទឹកស្អាត និងអនាម័យលើកនេះ ជាចំណុចចាប់ផ្តើមជាថ្មី លើការគាំទ្រក្នុងវិស័យទឹកស្អាត របស់ធនាគារពិភពលោកដល់កម្ពុជា ហើយបានរៀបចំផែនការលំអិតជាផែនការ វិនិយោគ និងផែនការសកម្មភាពអនុវត្តប្រកបដោយតម្លាភាពរួមគ្នា៕