
ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងនឹងឧបត្ថម្ភធនចំពោះអត្រាការប្រាក់លើប្រាក់កម្ចី ដែលផ្តល់ដល់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យខ្នាតតូចៗក្នុងគោលបំណងលើកទឹកចិត្តដល់ការសាងសង់ ឬការជួសជុលអចលនទ្រព្យ។
វិធានការនេះមានគោលបំណងគាំទ្រដល់កម្មវិធីគោលនយោបាយរបស់លោកប្រធានាធិបតីឥណ្ឌូនេសុី Prabowo Subianto ក្នុងការសាងសង់ផ្ទះដែលមានតម្លៃសមរម្យចំនួន៣លានយូនីតក្នុងមួយឆ្នាំ ខណៈប្រជាជនចំនួន២៨០លាននាក់ប្រឈមមុខនឹងវិបត្តិកង្វះលំនៅដ្ឋាន។
រដ្ឋាភិបាលឥណ្ឌូនេសុីបានលើកឡើងថា ខ្លួននឹងឧបត្ថម្ភធនចំនួន៥ភាគរយចំពោះអត្រាការប្រាក់លើប្រាក់កម្ចី ដែលផ្តល់ទៅឱ្យបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យខ្នាតតូចសម្រាប់រយៈពេល៥ឆ្នាំ។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លើសពីនេះ រដ្ឋាភិបាលនឹងឧបត្ថម្ភធនចន្លោះពី៥,៥ភាគរយទៅ១០ភាគរយចំពោះអត្រាការប្រាក់លើប្រាក់កម្ចី ដែលផ្តល់ដល់ប្រជាជនឥណ្ឌូនេសុីជាលក្ខណៈបុគ្គលសម្រាប់យកទៅសាងសង់ ឬជួសជុលផ្ទះរបស់ពួកគេ អាស្រ័យលើទំហំប្រាក់កម្ចីសម្រាប់រយៈពេល៥ឆ្នាំ។
ទោះជាយ៉ាងណា វិធានការខាងលើអនុវត្តន៍ចំពោះប្រាក់កម្ចី ដែលមានទំហំទឹកប្រាក់អតិបរមាត្រឹមតែ៥០០លានរូពៀ (ជិត៣០.០០០ដុល្លារអាមេរិក)ប៉ុណ្ណោះ។
រដ្ឋាភិបាលឥណ្ឌូនេសុីបានចាក់បញ្ចូលមូលនិធិចំនួន២០០ទ្រីលានរូពៀទៅក្នុងបណ្តាធនាគាររបស់រដ្ឋក្នុងខែកញ្ញានេះ ដោយជំរុញឱ្យស្ថាប័នទាំងនោះផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់សមរម្យដល់វិស័យអចលនទ្រព្យ៕ប្រភព: Reuters៕
