ដោយ: គង់ លាងហួរ
អន្តរជាតិ: មូលនិធិខ្នាតយក្សរបស់ប្រទេសឥណ្ឌូនេស៊ី Danantara គ្រោង បណ្តាក់ទុនវិនិយោគប្រហែល១០ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៣ខែដំបូងរបស់ខ្លួន ដោយចាប់ផ្តើមពីខែតុលានេះ។
យោងតាមកាសែត Reuters បានចុះផ្សាយថា ចំនួន៨០ភាគរយនៃទុនវិនិយោគ១០ពាន់លានដុល្លារអាមេរិកនឹងត្រូវបានវិនិយោគនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយដើមទុនចំនួន២០ភាគរយនឹងត្រូវបានវិនិយោគនៅក្រៅប្រទេស។
មូលនិធិ Danantara ត្រូវបានបង្កើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ដោយប្រធានាធិបតីឥណ្ឌូនេសុីលោក Prabowo Subianto ក្រោមទុនវិនិយោគសរុបដំបូងចំនួន២០ពាន់លានដុល្លារ ដើម្បីគាំទ្រដល់គម្រោងយុទ្ធសាស្រ្តចំនួន២០។

ការបង្កើតមូលនិធិ Danantara មានគោលបំណងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រកបដោយវិជ្ជាជីវៈ និងតម្លាភាព ព្រមទាំងជួយធ្វើពិពិធកម្មសេដ្ឋកិច្ច និងជំរុញការប្រកួតប្រជែងជាសាកលរបស់ប្រទេសឥណ្ឌូនេស៊ី។
មូលនិធិ Danantara គ្រោងនឹងផ្តោតលើសន្តិសុខថាមពល សន្តិសុខស្បៀង ថាមពលកកើតឡើងវិញ សេវាហិរញ្ញវត្ថុ ការថែទាំសុខភាព អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក្នុងរយៈពេល២ឆ្នាំខាងមុខ។
មូលនិធិខ្នាតយក្សនេះក៏កំពុងព្យាយាមបង្កើនសាច់ប្រាក់ងាយស្រួលនៅក្នុងទីផ្សារភាគហ៊ុនរបស់ទីក្រុងហ្សាការតា ខណៈការជួញដូរភាគហ៊ុនប្រចាំថ្ងៃលើទីផ្សារនាពេលបច្ចុប្បន្នមានទំហំទឹកប្រាក់ជាមធ្យមប្រហែល១ពាន់លានដុល្លារ៕ប្រភព: Reuters៕







