រដ្ឋមន្ត្រី​ទេសចរណ៍​ថា​ ស្រែ​អំ​បិ​ល​ជាគោល​ដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​សម្រាប់​ទស្សនា

0

​ដោយ​ វុត្ថា​

កំពត​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោង​ ខុន​ បាន​អះអាង​ថា​ ស្រែអំបិល​នៅក្នុង​ខេត្តកំពត​ ខេត្ត​កែប​អាច​ជាគោល​ដៅ​ទេសចរណ៍​ថ្មី​មួយ​សម្រាប់​ទស្សនា​ ស្វែងយល់​និង​ អប់រំ​ឱ្យ​មានការ​យល់ដឹង​ ពី​ជីវភាព​កសិករ​ និង​ការផលិត​អំបិល​។

យោង​តាម​ការ​ចុះផ្សាយ​តាមរយៈ​ហ្វេ​សបុ​កផ្លូវការ​របស់ក្រ​សួង​ទេសចរណ៍​នៅ​ថ្ងៃទី​ ៦ ខែឧសភា​ នេះ​ថា​ រដូវ​នេះ​ជារ​ដូវ​ប្រមូល​ផល​ អំបិល​ពី​ ស្រែអំបិល​(ខេត្ត​កែប​ ខេត្ត​ កំពត​) គួរ​នាំគ្នា​លើកស្ទួយ​និង​ប្រើប្រាស់​អំបិល​របស់​ជាតិ​ ( អំបិល​ក្នុង​ស្រុក​យើង​ ដែល​មាន​តាំងពី​ដើម​រៀងមក​) ហើយ​ជា​អំបិលដែល​សម្បូរ​ដោយ​ជាតិ​ Iode​ ដែល​អាច​ជួយ​កាត់បន្ថយ​បាន​ច្រើន​ដល់​ជំងឺ​ពក​ “ក”។

មិនគ្រាន់​តែ​ជា​តំបន់​វិនិយោគទុន​ប៉ុណ្ណោះទេ​ កសិដ្ឋាន​ស្រែអំបិល​ខេត្តកំពត​ និង​ក្រុងកែប​ បាន​ក្លាយជា​កន្លែង​ទេសចរណ៍​មួយ​សម្រាប់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ និង​ចង់​ស្វែងយល់​បន្ថែម​ពី​ការ​ធ្វើ​អំបិល​។ មិន​តែប៉ុណ្ណោះ​ តំបន់​នេះ​ពិតជា​ល្អ​ និង​ស្រស់​សម្រាប់​ការ​ថតរូប​ និង​វីដេអូ​ ជាពិសេស​នៅពេល​ព្រឹកព្រលឹម​ថ្ងៃរះ​ និង​ពេល​សូ​រិយា​រៀប​អស់​ស្ត​ង្គ​ត់​។

លោក​ ធួន​ ស៊ី​ណា​ ប្រធាន​សមាគមន៍​ PATA​ បាន​ឱ្យ​ដឹង​ដែរ​ថា​ ពិត​ណាស់​ ស្រែអំបិល​នៅក្នុង​ខេត្តកំពត​ ខេត្ត​កែប​ គឺជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​ តែ​ក៏​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ដែរ​ក្រោយមក​មានការ​លេច​លឺ​រឿង​ការ​រំលាយ​សហគមន៍​ស្រែ​បិល​ ហើយ​ពួកគេ​លក់​ដី​នៅ​តំបន់​នោះ​យក​ទៅ​អភិវឌ្ឍន៍​អ្វី​ផ្សេង​ វា​នឹង​ប៉​ពាល់​ខ្លាំង​ដល់​ការផលិត​អំបិល​តំបន់​ដែល​ជា​កេរ្តិ៍​ខ្មែរយើង​ ព្រោះ​ដំ​លៃ​ដី​នា​ពេល​បច្ចុ​បប្ប​ន្ន​កាន់តែ​ឡើងថ្លៃ​ ។

លោក​បន្ត​ថា​ “បើ​រដ្ឋ​មាន​វិធី​សាស្រ្ត​ណាមួយ​ជួយ​ពួកគេ​ក្នុង​ការទប់ស្កាត់​ក្នុង​ការ​រក្សា​ស្រែអំបិល​ទាំងនេះ​បាន​ គឺជា​រឿង​ល្អ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ ព្រោះ​វា​ជាគោល​ដៅ​ទេសចរណ៍​ថ្មី​ ហើយក៏​អាច​រក្សា​អត្តសញ្ញាណ​របស់​យើង​បាន​ដែរ​”។

លោក​បាន​ផ្តល់​យោបល់​ដល់​រដ្ឋាភិបាល​គួរតែ​មានការ​ផ្តល់​ជំនួយ​ណាមួយ​ដើម្បី​ជួយ​សម្រួល​ដល់​កសិករ​ស្រែអំបិល​ទាំងនោះ​ឱ្យ​មានលទ្ធភាព​ផលិត​អំបិល​ បើ​មិន​ចឹង​ទេ​ គឺ​មិន​អាច​ទប់​ជាប់​នៃ​ការ​ទន្រ្ទាន​ចូល​ទៅ​ទិញ​ដី​នៅ​ទីនោះ​ បើ​កសិករ​អាច​លក់​ដី​យក​លុយ​ទៅ​ប្រកបមុខរបរ​ផ្សេង​ វា​នឹង​បាត់បង់​នូវ​អត្តសញ្ញាណ​ស្រែអំបិល​នៅក្នុង​ខេត្ត​នេះ​ហើយ​”។

លោក​ ជាវ​ តាយ​ អភិបាលខេត្ត​កំពត​កាលពី​កន្លងមក​នេះ​បាន​មានប្រសាសន៍​ថា​ ការ​ទទួលផល​អំបិល​របស់​សហគមន៍​អ្នក​ផលិត​ អំបិល​កំពត​-កែប​នៅពេល​បច្ចុប្បន្ន​ពឹងផ្អែក​ទាំងស្រុង​លើក​ត្តា​ធម្មជាតិ​។

ប្រសិនបើ​មាន​ក្រុម​អ្នកបច្ចេកទេស​ជំនាញ​ផ្នែក​ខាង​អំបិល​រ៉ែ​ រដ្ឋបាល​ខេត្តកំពត​ស្វាគមន៍​និង​សហការ​ ដើម្បី​ទាញ​យក​អំបិល​មក​ប្រើប្រាស់​ជំនួស​ឱ្យ​ការ​បូមទឹក​សមុទ្រ​ហាល​ជាច្រើន​ថ្ងៃ​នោះ​។

លោក​បន្ត​ថា​ ឆ្នាំ២០១៨​ កន្លងមក​ អំបិលដែល​ផលិត​បាន​មាន​បរិមាណ​តិចតួច​បំផុត​ គឺ​ប្រហែល​ពី​បី​ពាន់​ទៅ​បួន​ពាន់​តោន​ប៉ុណ្ណោះ​ ព្រោះតែ​ធាតុអាកាស​មិន​អំណោយផល​។ អំបិលដែល​នៅ​សេសសល់​ពី​ឆ្នាំ​មុន​ៗប្រមាណ​មួយ​សែន​តោន​នោះ​ គឺ​បាន​ប្រើប្រាស់​អស់ទាំង​ស្រុង​ រហូត​មានការ​នាំចូល​មក​ពី​ប្រទេស​ប្រទេសក្រៅ​ ព្រោះ​ក្នុង​មួយ​ឆ្នាំ​ៗត្រូវការ​ប្រើប្រាស់​មួយ​សែន​តោន​សម្រាប់​ទូទាំង​ប្រទេស​។

ដូច្នេះ​ បើសិនជា​ផលិត​មិនបាន​មួយ​សែន​តោន​នោះ​ការ​ផ្គត់ផ្គង់​អំបិល​មិន​គ្រប់​តាម​តម្រូវការ​ឡើយ​។ ប៉ុន្តែ​ក្នុងករណី​ធាតុអាកាស​ល្អ​ ជាមួយនឹង​ចំនួន​ស្រែអំបិល​ដែល​មាននៅ​ខេត្តកំពត​ និង​ខេត្ត​កែប​ ជាង​បួន​ពាន់​ហិ​កតា​ គឺ​អាច​ផលិត​បាន​ពី​មួយ​សែន​ប្រាំ​ម៉ឺន​តោន​ទៅ​មួយ​សែន​ប្រាំមួយ​ម៉ឺន​តោន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here