ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារការិយាល័យនៅប្រទេសហ្វីលីពីនកំពុងងើបឡើងវិញជាលំដាប់ ដោយសារតម្រូវការពីបណ្តាក្រុមហ៊ុនបច្ចេកវិទ្យា ទោះបីជាក្រុមហ៊ុនហ្គេមអនឡាញអន្តរជាតិ (POGO) បន្តចាកចេញ និងបញ្ហាប្រឈមសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី។
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Leechiu Property Consultants បានឱ្យដឹងថា សន្ទុះនៃទីផ្សារការិយាល័យហ្វីលីពីននឹងបន្តឈានចូលដល់ឆ្នាំ២០២៦ ដោយសារកំណើននៃសកម្មភាពជួលការិយាល័យនៅក្នុងទីក្រុងធំៗ។
ខណៈបណ្តាក្រុមហ៊ុនកាន់តែច្រើនបានចុះហត្ថលេខាលើកិច្ចសន្យាជួលការិយាល័យ តំបន់ពាណិជ្ជកម្មសំខាន់ៗរបស់រដ្ឋធានីម៉ានីល ដូចជាតំបន់ Bonifacio Global City និងតំបន់ Makati កំពុងក្លាយជាកត្តាជំរុញកំណើនដ៏សំខាន់នៃទីផ្សារការិយាល័យហ្វីលីពីន។
-->

លោក Edward Gador អ្នកជំនាញនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Leechiu Property Consultants បានលើកឡើងថា ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៥ ទីផ្សារការិយាល័យហ្វីលីពីនកំពុងបង្ហាញពីការស្ទុះងើបឡើងវិញយ៉ាងរឹងមាំ។
តម្រូវការការិយាល័យសរុបបានកើនឡើងដល់៩៦៦.០០០ម៉ែត្រការ៉េ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៨ ដែលស្មើនឹងចំនួន៨៨ភាគរយនៃតម្រូវការសរុបពេញមួយឆ្នាំ២០២៤។
ទិន្នន័យនេះបង្ហាញពីភាពប្រសើរឡើងនៃទំនុកចិត្តក្នុងចំណោមអ្នកជួល ទោះបីជាមានវិបត្តិនយោបាយក្នុងប្រទេសហ្វីលីពីន និងបញ្ហាប្រឈមសេដ្ឋកិច្ចសកលយ៉ាងណាក្តី។
បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន និងគ្រប់គ្រងដំណើរការធុរកិច្ច(IT-BPM) ជាកត្តាជំរុញដ៏សំខាន់នៃតម្រូវការការិយាល័យក្នុងរដ្ឋធានីម៉ានីល ដោយគ្របដណ្តប់ចំណែក៤៥ភាគរយនៃតម្រូវការការិយាល័យសរុប៕ប្រភព: Bilyonaryo ៕
