ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្របពេលវិស័យអចលនទ្រព្យកំពុងតែមានការអភិវឌ្ឍន៍ខ្លាំងនៅកម្ពុជា បច្ចុប្បន្ននេះគេសង្កេតឃើញថាមានបណ្តាយុវជនជាច្រើន បានបង្ហាញពីទំនោរ និងចាប់អារម្មណ៍ងាកទៅប្រឡូកនៅក្នុងវិស័យមួយនេះក្នុងរូបភាពផ្សេងៗគ្នា ដោយក្នុងនោះអ្នកខ្លះក៏ទទួលបានជោគជ័យ ហើយមួយចំនួនទៀតក៏មិនទទួលបានផលនោះដែរ ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីឈ្មោះ Khmer Foundation Appraisal (KFA) លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី០៦ ខែឧសភា ថា ៖ «ជាការពិត នៅពេលបច្ចុប្បន្ននេះយើងឃើញមានបណ្តាយុវជនជាច្រើនបានចូលរួមយ៉ាងសកម្មនៅក្នុងវិស័យមួយនេះពិតប្រាកដមែន ដោយសារតែពួកគាត់យល់ឃើញថា ការងារ ក៏ដូចជាអាជីពក្នុងវិស័យអចលនទ្រព្យអាចផ្តល់ឱកាសល្អច្រើនដល់ពួកគាត់ ជាពិសេស បើទោះជាគាត់មិនមានដើមទុនជាថវិកាក៏ពួកគាត់អាចចាប់អាជីពជាភ្នាក់ងារអចលនទ្រព្យបានដែរ សំខាន់គឺការតាំងចិត្ត និងព្យាយាមប្រកបដោយភាពស្មោះត្រង់តែប៉ុណ្ណោះ។ មានអ្នកខ្លះ គាត់បានយកបណ្តាញអនឡាយធ្វើជាវិធីសាស្ត្រក្នុងការស្វែងរកទីផ្សារ ឬស្វែងរកអតិថិជន ជាមួយនឹងភាពឆ្លាតវៃ ក្នុងការចាប់យកចំណែកទីផ្សាររបស់ពួកគាត់»។
-->
លោកឧកញ៉ាបានបន្តទៀតថា ៖ «ហេតុផលមួយទៀតដែលជាដើមចមជំរុញឱ្យពួកគាត់ងាកមកចាប់អារម្មណ៍កាន់តែច្រើនក៏ព្រោះតែនិន្នាការនៃវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្នមានការរីកចម្រើនខ្លាំង ដែលធ្វើឱ្យខ្វះផ្នែកខាងធនធាន និងកម្លាំងក្នុងការលក់ ដូច្នេះពួកគាត់អាចមានឱកាសក្នុងការទទួលបានផលពីការងារទាំងនេះតាមរយៈទទួលបានកម្រៃជើងសារពីការលក់។ ឧទាហរណ៍ដូចជាការលក់ខុនដូរ លក់ផ្ទះល្វែង ក៏ដូចជាការលក់ដីឡូតិ៍ជាដើម។ ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងអាជីពមួយនេះ ថ្វីត្បិតតែផ្តល់ឱកាសច្រើនដល់ពួកគាត់ទទួលបានប្រាក់ចំណេញច្រើន តែក៏ទាមទារ និងតម្រូវឱ្យពួកគាត់មានភាពស្មោះត្រង់ជាចាំបាច់»។
អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកស្រី តាំង ហួរ បានទទួលស្គាល់ថា បច្ចុប្បន្នវិស័យអចលនទ្រព្យពិតជាមានកម្លាំងយុវជនជាច្រើនចូលរួមពិតមែន ហើយក៏មានអ្នកខ្លះឈានទៅដល់ការបើកជាក្រុមហ៊ុនស្របច្បាប់ ហើយអ្នកខ្លះក៏មិនស្របច្បាប់។
លោកស្រីបានបន្តទៀតថា ៖ «ដោយសារតែការងារនៅក្នុងវិស័យអចលនទ្រព្យផ្តល់ឱកាសល្អក្នុងការទទួលបានផលប្រយោជន៍ បច្ចុប្បន្ននេះក៏មានមនុស្សមួយចំនួនបានអនុវត្តខុសពីគោលការណ៍ច្បាប់កំណត់ ដោយតាំងខ្លួនជាភ្នាក់ងារអចលនទ្រព្យ ឬជាក្រុមហ៊ុនដែលមិនមានការទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធ ក៏ដូចជាក្រសួងផងដែរ។ ប្រការនេះអាចធ្វើឱ្យមានហានិភ័យខ្ពស់ចំពោះអតិថិជនក្នុងរូបភាពឆបោកនៅក្នុងវិស័យអចលនទ្រព្យ»។
លោកស្រីបានបន្តទៀតថា ៖ «ថ្វីត្បិតវិស័យនេះអាចផ្តល់ឱកាសល្អជាច្រើនដល់ពួកគាត់ប៉ុន្តែក៏ទាមទារឱ្យមានភាពស្មោះត្រង់ និងអនុវត្តទៅតាមគោលការណ៍ច្បាប់ជាចម្បង។ ដោយឡែកចំពោះអតិថិជន ក៏ត្រូវចេះពិនិត្យមើលទៅលើអត្តសញ្ញាណរបស់បុគ្គលដែលជាភ្នាក់ងារ ថាតើមានក្រុមហ៊ុនស្របច្បាប់ពិតប្រាកដឬទេ មានឯកសណ្ឋាន និងប័ណ្ណបញ្ជាក់ពីក្រុមហ៊ុន ឬទេ ចៀសវាងចាញ់ការបោកបញ្ឆោតរបស់ជនខិលខូចដែលតាំងខ្លួនជាភ្នាក់ងារអចលនទ្រព្យ» ។
លោក វិន ឈុនហ៊ាត ដែលធ្លាប់បម្រើការងារជាអ្នកសរសេរព័ត៌មានបានផ្លាស់ប្ដូរមុខជំនាញ និអាជីពទៅជាផ្នែកមួយនៃវិស័យអចលនទ្រព្យផងដែរក្នុងនាមជាភ្នាក់ងារលក់ដីឡូតិ៍។ លោកបានប្រាប់ឱ្យដឹងថា ៖ «ចំពោះការសម្រេចចិត្តបញ្ចប់ការងារជាអ្នកសរសេរព័ត៌មានដោយប្ដូរជាមួយប្រាក់ខែត្រឹម៥០០-៦០០ដុល្លារក្នុងមួយខែគឺមិនអាចផ្គត់ផ្គង់ និងទប់ទល់ជាមួយនឹងការចំណាយបានទេ។ ប៉ុន្តែចំពោះការងារជាភ្នាក់ងារជាអ្នកលក់ដីឡូតិ៍ ថ្វីត្បិតហត់នឿយ និងត្រូវប្រឈមជាមួយកម្ដៅថ្ងៃខ្លាំងបន្តិចមែន ប៉ុន្តែអាចមានឱកាសទទួលបានប្រយោជន៍ត្រឡប់មកវិញគិតជាមធ្យមក៏បាន ២៥០០-៣០០០ដុល្លារក្នុងមួយខែដែរ ហើយម៉្យាងការងារ និងអាជីពមួយនេះមិនតម្រូវចំណាយដើមទុនក្រៅតែពីការព្យាយាមតែប៉ុណ្ណោះ»។
លោកបញ្ជាក់ បន្ទាប់ពីសន្សំថវិកាដែលទទួលបានពីកម្រៃជើងសារនៃការលក់ដីឡូតិ៍នេះ លោកនឹងបន្តចូលខ្លួនធ្វើការវិនិយោគខ្នាតតូចនៅក្នុងវិស័យមួយនេះ ខណៈដែលលោកបានគិតថា វិស័យមួយនេះនៅតែផ្តល់ឱកាសវិជ្ជមានចំពោះរូបលោក៕
[…] ប្រភព៖ Property Area […]