អ្នកជំនាញ​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ និង​ភ្នាក់​អចលនវត្ថុ​ទាំងអស់​ត្រូវ​មាន​វិជ្ជាជីវៈ​ខ្ពស់​

0

ដោយ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ​ស្រប​ពេល​ដែល​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ កំពុងតែ​មានការ​អភិវឌ្ឍន៍​ខ្លាំង​ ក្រុម​អ្នកជំនាញ​និង​ថ្នាក់ដឹកនាំ​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​អ្នកប្រតិបត្តិ​ក្នុង​វិប​ស័យ​នេះ​ ត្រូវ​មាន​ក្រម​សីល​ធ៌ម​ និង​គោរព​វិជ្ជាជីវៈ​ដើម្បី​ជំរុញ​ឲ្យ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​នេះ​ធ្វើឡើង​ប្រកបដោយ​និរន្តរភាព​។

អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោកស្រី​ តាំង​ ហួរ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី៦​ ឧសភា​កន្លងមក​ ដោយ​បាន​សម្ដែង​នូវ​ក្ដី​ព្រួយបារម្ភ​ ជាមួយនឹង​ការ​ស្នើសុំ​ក្រុមហ៊ុន​ ក៏ដូចជា​ភ្នាក់ងារ​អចលនវត្ថុ​ទាំងអស់​ចូលរួម​គោរព​តាម​គោលការណ៍​ច្បាប់​ដែល​បាន​កំណត់​ ដើម្បី​ទទួល​បាន​ទំនុក​ពីសំណាក់​អ្នក​វិនិយោគ​ និង​លើកកម្ពស់​វិស័យ​អចល​ទ្រព្យ​នៅ​កម្ពុជា​។

​លោកស្រី​បាន​បន្ត​ថា​ “យើង​សាទរ​ជាមួយនឹង​វត្តមាន​ក្រុមហ៊ុន​ ដែល​កំពុងតែ​មាន​ប្រតិបត្តិ​ការ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ដូច​ពេល​បច្ចុប្បន្ន​នេះ​ ប៉ុន្តែ​នៅក្នុង​នោះ​ក៏​នៅ​មាន​អង្គភាព​ ឬក្រុមហ៊ុន​មួយចំនួន​តូច​ហាក់​មិនទាន់​បាន​បំពេញ​សិទ្ធិ​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ស្របច្បាប់​ក្នុងនាម​ជា​ភ្នាក់ងារ​លើ​វិស័យ​មួយ​នេះ​នៅឡើយ​ ហើយ​មិនទាន់​អនុវត្ត​បាន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​នោះ​ទេ​។ ជាក់ស្ដែងដូចជាការពីពេលកន្លងទៅនេះ នៅខេត្តព្រះសីហនុ មានជនខិលខូចមួយចំនួនបានតាំងខ្លួនជាភ្នាក់ងារ និងជាក្រុមហ៊ុនលក់ដីខ្យល់ដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួនទៅឱ្យអតិថិជន រហូតកើតមានបញ្ហាវិវាទ ប្ដឹងផ្តល់ដល់ប្រព័ន្ធតុលាការ”។ លោកស្រី​បន្ត​ថា​ “ក្នុងនាម​ជា​អ្នកតំណាង​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ សូម​ស្នើ​ដល់​អ្នក​ដែល​កំពុងតែ​ប្រកប​ជំនួញ​នៅក្នុង​វិស័យ​មួយ​នេះ​ ជាពិសេស​ភ្នាក់ងារ​អចលនទ្រព្យ​តែម្ដង​ ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់ក្រ​សួង​ ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​មាន​ឧត្តមា​នភា​ព និង​តម្លាភាព​ក្នុង​ការប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​”។

ជា​ការចូលរួម​បង្កើន​សមត្ថភាព​ និង​ចំណេះដឹង​ក្នុងនាម​ជា​អ្នកជំនាញ​ផ្នែក​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ តប​តាម​ការ​ចង់បាន​របស់ក្រ​សួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ និង​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។ បច្ចុប្បន្ន​នេះ​ សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​និង​កំពុង​សហការ​ជាមួយ​សាកល​វិទ្យា​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បង្កើត​វគ្គ​បណ្តុះបណ្តាល​ ផ្តល់​ចំណេះដឹង​ក្នុងនាម​ជា​អ្នកជំនាញ​អចលនទ្រព្យ​បាន​ចំនួន៣ជំនាន់​រួចមក​ហើយ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​ទទួលស្គាល់​ថា​ បច្ចុប្បន្ន​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ ពិតជា​មាន​ក្រុមហ៊ុន​ និង​ភ្នាក់ងារ​មួយចំនួន​មិនបាន​ធ្វើឡើង​ទៅតាម​គោលការណ៍​ដែល​កំណត់ដោយច្បាប់​នៅឡើយ​ ប៉ុន្តែ​វា​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។ លោក​ឧកញ៉ា​បាន​បន្ត​ថា​ បើ​ទោះជា​វា​មាន​ចំនួន​តិចតួច​ពិតមែន​ ប៉ុន្តែ​វា​ពិតជា​ជះឥទ្ធិពល​ និង​បង្ក​ហានិភ័យ​នៅក្នុង​វិស័យ​មួយ​នេះ​»។

លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​ “បើ​ចំពោះ​អ្នក​វិ​និ​យោ​គធំៗ​ដែល​មានបទពិសោធន៍​ក្នុង​វិស័យ​នេះ​ហាក់​មិន​មាន​បញ្ហា​ជាមួយ​ភ្នាក់ងារ​ ឬក្រុម​ហ៊ុន​តូច​ៗដែល​មិន​ស្របច្បាប់​នោះ​ទេ​ ដោយសារតែ​អ្នក​វិ​និ​យោ​គធំៗ​ទាំងនោះ​ក៏​មាន​ជំនាញ​ និង​បទពិសោធន៍​នៅក្នុង​វិស័យ​មួយ​នេះ​រួច​ទៅ​ហើយ​”។លោក​បន្ត​ថា​ “អ្វី​ដែល​ប៉ះពាល់​ និង​កើតមាន​ហានិភ័យ​ខ្ពស់​នោះ​ គឺ​អតិថិជន​កម្រិតទាប​ដែល​មិនធ្លាប់​មានចំណេះ​ដឹង​ក្នុង​វិស័យ​នេះ​ ឧទាហរណ៍​ ដូចជា​អ្នកទិញ​គម្រោង​លំនៅ​ដ្ឋាន​កម្រិតទាប​ ដែល​មិនមែន​ជា​ការ​អភិវឌ្ឍ​ដោយក្រុម​ហ៊ុន​ស្របច្បាប់​ អ្នក​ដែល​ទិញ​ដី​ដោយ​មិនបាន​ស្គាល់​ពី​សាវ​តា​របស់​ក្រុមហ៊ុន​ ក៏ដូចជា​អ្នកទិញ​គម្រោង​ដី​ឡូ​តិ៍​មួយចំនួន​តូច​ជាដើម​”។

ជា​ការចូលរួម​ចំណែក​ក្នុង​ការ​បញ្ចៀស​ហានិភ័យ​ក្នុង​វិស័យ​មួយ​នេះ​ លោក​ឧកញ៉ា​ក៏បាន​ទទូច​ឱ្យ​បណ្តា​ភ្នាក់ងារ​ដែល​កំពុងតែ​មាន​សកម្មភាព​ គួរតែ​មានការ​សិក្សា​បន្ថែម​ឱ្យ​បាន​ច្បាស់​ពាក់ព័ន្ធ​ទៅ​នឹង​ចំណេះដឹង​ និង​វិជ្ជាជីវៈ​ក្នុងនាម​ជា​អ្នកជំនាញ​ ជាពិសេស​ត្រូវ​មាន​ភាព​ស្មោះត្រង់​ជាមួយ​អតិថិជន​របស់​ខ្លួន​។ ដោយឡែក​ចំពោះ​អតិថិជន​ក៏​គួរ​ធ្វើការ​ស្វែងយល់​ឱ្យ​បាន​ច្បាស់​ពី​សាវ​តា​របស់​ក្រុមហ៊ុន​ដែល​ភ្នាក់ងារ​ ជៀសវាង​មានការ​ខាតបង់​ផលប្រយោជន៍​ក្រោយពេល​សម្រេចចិត្ត​ទិញ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here