ដោយ ម៉ាណេត
ភ្នំពេញៈ ស្ថាបនិកក្រុមហ៊ុនណាហ្គាខបដែលនឹងចុះបញ្ជីផ្សារហ៊ុននៅហុងកុងនឹងវិនិយោគប្រាក់ផ្ទាល់ខ្លួន ចំនួន ១,៨ ពាន់លានដុល្លារអាមេរិចដើម្បីពង្រីកគម្រោងកាស៊ីណូណាហ្គាវើលថ្មីរបស់ខ្លួន។
គម្រោងពង្រីកអាជីវកម្មណាហ្គា ៣ ដែលបានប្រកាសកាលពីខែមុនគ្រោងនឹងចំណាយអស់ទឹកប្រាក់ ៣,៥ ពាន់លានដុល្លារដែលក្នុងចំនួនប្រាក់ពាក់កណ្តាលនឹងត្រូវដាក់ទុនវិនិយោគដោយលោក Chen Lip Keong ប្រធាននាយកប្រតិបត្តិបច្ចុប្បន្ននេះ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃនេះ។
របាយការណ៍បានឲ្យដឹងថា “លោក Chen Lip Keong បានគ្រោងចំណាយថវិកាជាងពាក់កណ្តាលនៃការចំណាយសាងសង់កាស៊ីណូធំជាងគេនៅអាស៊ីនៅក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុននេះប្រឈមនឹងការប្រកួតប្រជែងកាន់តែច្រើន ហើយកម្ពុជានិងឧស្សាហកម្មល្បែងអាស្រ័យយ៉ាងខ្លាំងទៅលើប្រទេសចិន ប៉ុន្តែអ្នកវិនិយោគមានទំនុកចិត្តនៅក្នុងការបោះទុនផ្ទាល់របស់ខ្លួន”។
យោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថា លោក Chen Lip Keong គឺជាអ្នកមានបំផុតទី 6 នៅក្នុងប្រទេសម៉ាឡេស៊ីជាមួយនឹងទ្រព្យសម្បត្តិ ៤,៧ ពាន់លានដុល្លារ។ លោក Chen Lip Keong ដែលមានដើមកំណើតនៅប្រទេសម៉ាឡេស៊ីទទួលអាជ្ញាប័ណ្ណអជីវកម្មកាស៊ីណូដំបូងពីប្រទេសកម្ពុជាកាលពីឆ្នាំ ១៩៩៤។ លោកបានបានចំណាយប្រាក់ចំនួន ៣៦៩ លានដុល្លាររបស់ខ្លួនដើម្បីសាងសង់អគារណាហ្គា ២ ដែលជាការពង្រីកអគារភ្លោះរបស់ណាហ្គាវើលដំបូងដែលបានបើកដំណើរការនៅឆ្នាំ ២០១៧។
គម្រោងពង្រីកអាគារណាហ្គា ៣ នឹងមានអាគារ ៤២ ជាន់ចំនួន ៤ ជាន់លើផ្ទៃដី ៧,៧៥៧ ម៉ែត្រការ៉េនៅជិតអគារអតីតអគារបូឌីញ។
ប្រាក់ចំណេញត្រីមាសទីមួយរបស់ក្រុមហ៊ុនណាហ្គាបានកើនឡើងដល់ ៣២១ លានដុល្លារ។ កាលពីឆ្នាំមុនរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនមួយនេះមានចំនួន ១,៤ ពាន់លានដុល្លារ និងប្រាក់ចំណេញសុទ្ធចំនួន ៣៩០.៦ លានដុល្លារ។
ក្រុមហ៊ុនមណាហ្គាខបមានគម្រោងក្នុងការតភ្ជាប់បរិវេញទាំងបីរបស់ខ្លួនតាមរយៈផ្លូវក្រោមដីដែលមានផ្សារទំនើបផងដែរ៕
[…] ប្រភព៖ Property Area […]