ដោយ ម៉ាណេត
ជប៉ុនៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឈួន ដារ៉ា បានជំរុញធុរជនជប៉ុន ចូលមកបណ្តាក់ទុន និងធ្វើធុរកិច្ចថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីថ្លែងការរបស់ក្រសួងពាណិជ្ជកម្មចេញកាលពីព្រឹកមិញនេះ។
ការអំពានាវ និងលើកទឹកដល់វិយោគិនជប៉ុនធើ្វការបណ្តាក់ទុនបន្ថែមនៅកម្ពុជាត្រូវបានធ្វើការឡើងនៅក្និងព្រឹត្តិការណ៍ «ពិព័រណ៍កម្ពុជា» ដែលរៀបចំឡើងនៅក្នុងទីក្រុងតូក្យូ កាលពីសប្តាស៍មុន។
-->
លោក ឈួន ដារ៉ា បានគូសបញ្ជាក់ថា “តាមរយៈការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ថ្ងៃនេះ ខ្ញុំសង្ឃឹមថានឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងកម្ពុជា និងជប៉ុន កាន់តែមានវឌ្ឍភាពថែមទៀត”។
នៅក្នុងឱកាសនោះ លោក ឈួន ដារ៉ា ក៏បានធ្វើការបង្ហាញអំពីសក្តានុពល និងវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មកម្ពុជាដែរ ដែលកាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់សរុបប្រមាណជាង ២៥ពាន់លានដុល្លារ នៅក្នុងនោះការនាំចេញរបស់កម្ពុជាមានចំនួន ១១ពាន់លានដុល្លារ និងនាំចូលមានចំនួន ១៣ពាន់លានដុល្លារ។
លោកក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើន ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសការកសាងសន្តិភាព និងស្តារឡើងវិញនូវនីតិសម្បទា ក៏ដូចជាលទ្ធិប្រជាធិបតេយ្យ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងកាលពីថ្មីនេះថា ប្រទេសកម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ក្រៀមក្រំ ហើយទទួលការអភិវឌ្ឍរឹងមាំនាពេលបច្ចុប្បន្ន ហើយប្រទេសជប៉ុនបាននិងកំពុងជំរុញនូវការបង្កើតឱកាសមួយសម្រាប់ជនជាតិបរទេសដើម្បីរៀន សូត្រឬក៏ធ្វើការ។
លោក បន្តថា “ហើយយើងមានសេចក្តីរីករាយណាស់ប្រសិនបើជនជាតិខ្មែរ មករៀន ឬមកធ្វើការ បានទទួលចំណេះដឹង ក៏ដូចជាបទពិសោធន៍ពីប្រទេសជប៉ុន ត្រឡប់ទៅស្រុកខ្មែរវិញ ហើយប្រើប្រាស់សម្រាប់ជាប្រយោជន៍ដល់កម្ពុជា។ ទាំងអស់គ្នា សូមបន្តចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីជប៉ុន កម្ពុជា ហើយបានខ្លាំងក្លាថែមទៀតចាប់ពីពេលនេះតទៅ”។
កាលពីឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៦.២លាននាក់ ក្នុងកំណើន ១០.៧ ភាគរយ ក្នុងនោះទេសចរជប៉ុនមានចំនួនជាង ២១ម៉ឺននាក់ ក្នុងកំណើន ៣.៥ ភាគរយ ហើយ២ខែដើមឆ្នាំ២០១៩ នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ១,២ លាននាក់ ក្នុងនោះទេសចរជប៉ុន ជិត៤ ម៉ឺននាក់ ក្នុងកំណើន ៣.១ ភាគរយ។ ទេសចរជប៉ុនតែងស្ថិតក្នុងចំណោមប្រភពទីផ្សារទេសចរណ៍ធំៗទាំង១០របស់កម្ពុជា។ ឆ្នាំ២០១៩ នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរជប៉ុនប្រមាណជាង ២៣ ម៉ឺននាក់។
នៅក្នុងពិព័រណ៍កម្ពុជាឆ្នាំ២០១៩នេះ មានរៀបចំកម្មវិធីសម្តែងសិល្បៈបុរាណខ្មែរ និងតន្រ្តីសម័យ ព្រមទាំងស្តង់លក់ និងតាំងផលិតផលកសិកម្ម និងសិប្បកម្ម ដូចជា៖ អង្ករ ម្រេច ស្ករត្នោត កាហ្វេ នំស្រួយ សូត្រខ្មែរ ក្រម៉ាខ្មែរ ម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ដើម្បីបង្ហាញដល់ភ្ញៀវកិត្តិយស ដែលបានចូលរួមកម្មវិធី។ នៅក្នុងនោះ ទំនិញអង្ករ ម្រេច និងសូត្រខ្មែរ គឺជាផលិតផលដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ និងការបញ្ជាទិញជាបន្តបន្ទាប់ ពីភ្ញៀវទេសចរ និងប្រជាជនជប៉ុន៕