Hattha top Banner

ទិញ​ផ្ទះ និង​ដី​ទុក​លក់​យកចំណេញ​ មួយណា​ល្អ​ជាង?

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ស្រប​ពេលដែល​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ កំពុងមាន​ការចាប់អារម្មណ៍​ច្រើន​ពី​អ្នកវិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ ការវិនិយោគ​ក្នុង​វិស័យនេះ​ក៏មាន​ផលចំណេញ និង​ហានិភ័យ​ផងដែរ។

ថ្ងៃនេះ​គេហទំព័រ Propertyarea.asia សូម​នាំ​លោកអ្នក ទៅ​ស្តាប់​អ្នកជំនាញ ដែលមាន​បទពិសោធន៍ លើ​វិស័យ​អចលនទ្រព្យ​ជាច្រើន​ឆ្នាំ និង​កំពុង​ទទួលបាន​ជោគជ័យ​ក្នុង​វិស័យនេះ។

លោក​ឧកញ៉ា នួន រិ​ទ្ឋី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal បាន​ថ្លែង​ឲ្យ​ដឹងថា ការវិនិយោគ​លើដី និង​ផ្ទះ​ត្រូវ​សម្លឹងមើល​កត្តាសំខាន់ៗចំនួន​បី ទីតាំង តម្លៃ និង​ពេលវេលា។

ទី១កត្តា​ទីតាំង

ទីតាំង​សំដៅ​ដល់​ការវិនិយោគ ដែល​អ្នកវិនិយោគ​ត្រូវ​ផ្តោតលើ​តំបន់​មានការ​អភិវឌ្ឍ និង​មាន​គំរោង​អភិវឌ្ឍន៍​ច្រើន​នាពេល​អនាគត ព្រោះ​បើ​យើង​ទិញ​ដី​នៅ​តំបន់​មិនមាន​ការអភិវឌ្ឍ ឬ​មិន​ងាយ​នឹងមាន​គំរោង​អភិវឌ្ឍន៍​ទៅដល់ ការទិញ​ដី​នៅ​ទីតាំង​បែប​នោះ មិន​ងាយ​ទទួលបាន​ផលចំណេញ​នោះទេ។

ទី២ កត្តា​តម្លៃ

តម្លៃ​ដី​ក៏​ជា​អ្វីដែល​អ្នកវិនិយោគ គួរផ្តោត​ការយកចិត្តទុកដាក់​ជា​ចម្បង​ផងដែរ ព្រោះ​ប្រសិនជា​ទីតាំង​ដី​នោះ​មានតម្លៃ​ខ្ពស់​ខ្លាំង​រួចទៅហើយ អ្នកវិនិយោគ​ក៏​មិនអាច​ទទួលបាន​ផលចំណេញ​ច្រើន​ផងដែរ ដោយសារ​តំបន់​ខ្លះ​តម្លៃ​ដី​បាន​ឡើង​កប់​ពពក​រួចទៅហើយ ហេតុនេះ​វា​មិន​ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​ទីតាំង​នោះ​ឡើងថ្លៃ​ច្រើន​ទៀត​ទេ។

ទី៣ កត្តា​ពេលវេលា

កត្តា​ពេលវេលា គឺ​ជាប់ទាក់ទង​នឹង​ស្ថានភាព​សេដ្ឋកិច្ច សង្គម និង​លំហូរ​ទុនវិនិយោគ​ពី​ក្រៅប្រទេស។ ការកំណត់​ពេលវេលា​ទិញ​ដី ដើម្បី​វិនិយោគ​ជា​រឿង​ចាំបាច់​ផងដែរ ព្រោះ​បើ​ទិញ​ចំពេល​វេលា​ដី​ធ្លាក់​ថ្លៃ​ជាការ​ល្អ ដោយសារ​នៅពេល​សេដ្ឋកិច្ច សង្គម​មាន​កំនើន​និង​លំនឹង​ល្អ គួបផ្សំ​នឹង​លំហូរ​ទុនវិនិយោគ​ពី​ក្រៅប្រទេស​កើនឡើង​ខ្លាំង តម្លៃ​ដី​នោះ​នឹង​កើនឡើង​និង​ផ្តល់​ផលចំណេញ​ច្រើន​ដល់ អ្នកវិនិយោគ​នានា។

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បាន​បន្តថា ក្នុង​រយៈពេល៥ឆ្នាំ​ចុង​ក្រោយនេះ តម្លៃ​ដី និង​ផ្ទះ​បាន​ឡើងថ្លៃ​ចន្លោះ​ពី១៥ ទៅ២៥ភាគរយ​ក្នុង​មួយឆ្នាំ ហេតុនេះ​បើ​សួរថា​គួរ​ទិញ​ដី​ឬ​ទិញ​ផ្ទះ​យកចំណេញ តើ​ការវិនិយោគ​មួយណា​ល្អ​ជាង គឺ​ទិញ​ដី​ទុក​ចំ ណេ​ញ​ល្អ​ជាង ព្រោះ​បើ​មាន​លុយ​ក្នុង​ទំហំ​ដូចគ្នា ការទិញ​ដី​បាន​ទំហំ​ធំ​ជាង​ទិញ​ផ្ទះ ហេតុនេះ​ភាគរយ​នៃ​ផលចំណេញ​ទទួលបាន​ច្រើនជាង។

ចំណែក​ការទិញ​ផ្ទះ គឺ​មិនមែន​ផ្ទះ​ឡើងថ្លៃ​ទេ គឺ​ដី​ឡើងថ្លៃ​ទៅវិញ​ទេ ព្រោះ​ផ្ទះ​រស់នៅ​កាន់តែ​យូរ ត្រូវ​កាត់​រំលស់​កាន់តែ​ច្រើន ព្រោះ​ផ្ទះ​កាន់តែ​ចាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here