តើតម្លៃផ្ទះនៅប្រទេសចិនមានស្ថានភាពប្រែប្រួលដូចម្តេចក្នុងខែវិច្ឆិកា ខណៈវិស័យអចលនទ្រព្យចិនមិនទាន់ធ្លាក់ចុះដល់បាត?

0

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការស្ទង់មតិឯកជនដែលចេញផ្សាយនៅថ្ងៃចន្ទ ទី១ ខែធ្នូ បានឱ្យដឹងថា តម្លៃផ្ទះថ្មីនៅប្រទេសចិនបានកើនឡើងក្នុងល្បឿនលឿនជាងមុននៅខែវិច្ឆិកា ឆ្នាំ២០២៥។ ប៉ុន្តែ តម្លៃផ្ទះប្រភេទទី២ នៅតែបន្តធ្លាក់ចុះ ដែលជាសញ្ញាមួយបង្ហាញថា វិស័យអចលនទ្រព្យចិនមិនទាន់ធ្លាក់ចុះដល់បាតនៅឡើយ។

យោងតាមស្ថាប័ន ​​China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យធំជាងគេមួយរបស់ប្រទេសចិន បានឱ្យដឹងថា តម្លៃផ្ទះថ្មីបានកើនឡើង០,៣៧ភាគរយក្នុងខែវិច្ឆិកា បើធៀបនឹងកំណើនក្នុងរង្វង់០,២៨ភាគរយនៅក្នុងខែតុលា។

យ៉ាងណាមិញ តម្លៃផ្ទះប្រភេទទី២ (Resale price) បានធ្លាក់ចុះ០,៩៤ភាគរយនៅខែវិច្ឆិកា បើប្រៀបធៀបទៅនឹងការធ្លាក់ចុះ០,៨៤ភាគរយកាលពីខែតុលា។

ក្រុមហ៊ុនស្រាវជ្រាវខាងលើបានលើកឡើងថា កំណើននៃការចុះបញ្ជីដាក់លក់ផ្ទះ និងការថយចុះនៃទំនុកចិត្តរបស់អ្នកទិញផ្ទះ បានធ្វើឱ្យតម្លៃផ្ទះប្រភេទទី២ ធ្លាក់ចុះរហូតដល់ដំណាច់ឆ្នាំ២០២៥។

វិស័យអចលនទ្រព្យរបស់ប្រទេសចិនបាននិងកំពុងរង្គោះរង្គើ ចាប់តាំងពីបទប្បញ្ញត្តិកាន់តែតឹងរ៉ឹងបានបង្កឱ្យមានវិបត្តិសាច់ប្រាក់ងាយស្រួលនៅឆ្នាំ២០២១ ដែលធ្វើឱ្យបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យភាគច្រើនខកខានទូទាត់សងបំណុល។

ការស្តារឱ្យទីផ្សារអចលនទ្រព្យមានស្ថិរភាពឡើងវិញអាចជួយជំរុញការប្រើប្រាស់ក្នុងគ្រួសារ និងជួយកាត់បន្ថយការពឹងផ្អែកលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល ក៏ដូចជាការនាំចេញ ដែលរងផលប៉ះពាល់ដោយសារគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។

អាជ្ញាធរចិនបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់នៅឆមាសទីពីរ ឆ្នាំ២០២៤ ដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យ។ទោះជាយ៉ាងណា ការដាក់ចេញវិធានការជំរុញសេដ្ឋកិច្ចទ្រង់ទ្រាយធំថ្មីត្រូវបានផ្អាកនៅឆ្នាំនេះ។

ក្រុមហ៊ុន China Index Academy រំពឹងថា រដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយរយៈពេលខ្លី ដូចជា ការបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះ ការកាត់បន្ថយថ្លៃផ្ទេរលំនៅឋាន និងការពន្លឿនគម្រោងអភិវឌ្ឍន៍ជួសជុលភូមិក្នុងទីក្រុងឡើងវិញ ដើម្បីជំរុញតម្រូវការ៕ ប្រភព: REUTERS៕

LEAVE A REPLY

Please enter your comment!
Please enter your name here