ដោយៈ រ៉ាណេត
ភ្នំពេញៈ បច្ចុប្បន្ននេះមានក្រុមហ៊ុនអចលនទ្រព្យជាច្រើន ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកផលចំណេញពីវិស័យមួយនេះ ដែលក្នុងនោះភាគច្រើនបានដើរតួជាក្រុមហ៊ុនភ្នាក់ងារ ដើម្បីទទួលបានកម្រៃជើងសារពីការ ទិញ – លក់ និងជួលអចលនវត្ថុ។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈម និងតែងតែកើតមានជាប្រចាំនោះ គឺការប្រកួតប្រជែងគ្នាដោយគ្មានតម្លាភាព ពីសំណាក់ក្រុមហ៊ុនភ្នាក់ងារមួយចំនួន ដើម្បីដណ្ដើមយកចំណែកទីផ្សារ ជាហេតុធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនដទៃទៀតដែលស្ថិតក្នុងវិស័យរួមគ្នា។
នៅលើទីផ្សារមួយ ដែលមានការប្រកួតប្រជែងមិនមានតម្លាភាព មិនភាពស្មោះត្រង់ និងគ្មានសីលធម៌ វាជារូបភាពមួយដែលមិនគួរកើតមាន ដែលអាចជះឥទ្ធិពលអាក្រក់ដល់វិស័យរួមគ្នា រហូតអាចឈានដល់ការបាត់បង់ចំណែកទីផ្សារផងដែរ។ នេះជាការលើកឡើងរបស់អ្នកជំនាញ ផ្នែកវិស័យអចលនទ្រព្យ។
-->
អគ្គនាយកក្រុមហ៊ុនអលចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ថា ការប្រកួតប្រជែងដោយគ្មានភាពស្មោះត្រង់ និងគ្មានតម្លាភាព គឺបណ្តាលមកពីហេតុផលបន្ទាប់បន្សំមួយចំនួន ដែលមានទាំងកក្តាច្បាប់ កក្តាមនុស្ស រាប់ទាំងបុគ្គលដែលជាភ្នាក់ងារគ្មានវិជ្ជាជីវៈ និងភាពមិនស្មោះត្រង់របស់អតិថិជន ដែលរាប់បញ្ចូលទាំងបុគ្គលដែលជាអ្នកលក់ និងអ្នកទិញដែលគ្មានសីលធម៌ផងដែរ ។
លោកឧកញ៉ាបន្តទៀតថា នៅតាមបណ្តាប្រទេសគេដែលមានការអភិវឌ្ឍ គឺមានការចែងច្បាប់យ៉ាងច្បាស់លាស់ចំពោះការលក់ ការទិញ ឬជួលដោយម្ចាស់អចលនវត្ថុដែលមិនមានអជ្ញាប័ណ្ណ គឺគ្មានសិទ្ធិក្នុងការលើកស្លាកប្រកាសលក់ ឬជួលនោះឡើយ។
លោកបន្តថា “មានតែក្រុមហ៊ុន ឬភ្នាក់ងារដែលស្របច្បាប់តែប៉ុណ្ណោះ ដែលអាចមានសិទ្ធិ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃហាក់មានភាពធូរលុង និងមិនទាន់មានការរឹតបណ្តឹងច្បាប់មួយនេះនៅឡើយ ទើបបណ្តាលឱ្យកើតមានទង្វើប្រាចាកពីក្រមសីលធម៌”។
លោកឧកញ៉ានួន រិទ្ឋីបានបន្តទៀតថា ដោយឡែកចំពោះការប្រកួតប្រជែងគ្នា ដោយគ្មានតម្លាភាពរវាងក្រុមហ៊ុនជាភ្នាក់ងារដូចគ្នា មានន័យថា ការអនុវត្តអាជីវកម្មនៅលើទីផ្សារដោយគ្មានការគោរព ទៅតាមគោលការណ៍ដែលបានកំណត់ ឧទាហរណ៍ដូចជា ការដែលទទួលបានយកកម្រៃជើងសារ គឺទាបបំផុតត្រឹម៣ភាគរយជាដើម ប៉ុន្តែមានភ្នាក់ងារខ្លះយកកម្រៃជើងសារទាបជាងការកំណត់ ដែលធ្វើយ៉ាងណាឱ្យតែទទួលបានចំណែកទីផ្សារ បើទោះជាប្រយោជន៍ដែលទទួលបាននោះមានចំនួនតិចក៏ដោយ ហើយក៏មានការចូលរួមដោយគ្មានភាពស្មោះត្រង់ពីអតិថិជនផងដែរ។
លោកបន្តថា “ទង្វើនេះវាជាសកម្មភាពដែលគ្មានវិជ្ជាជីវៈ គ្មានក្រមសីលធម៌នោះទេ ហើយសកម្មភាពបែបនេះតែងតែកើតមានជារឿយៗ រហូតមានករណីខ្លះឈានដល់ការប្ដឹងផ្តល់ដល់ប្រពន្ធតុលាការថែមទៀតផង”។ លោកបន្តថា“ជាការបញ្ចៀសបញ្ហាទាំងនេះ ក្រុមហ៊ុនដែលជាភ្នាក់ងារត្រូវតែចេះចងក្រង ឯកសារធ្វើជាកិច្ចសន្យាជាមួយអតិថិជនឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ទើបមិនមានហេតុការណ៍អវិជ្ជមានកើតមានឡើង ហើយចំពោះក្រុមហ៊ុនដែលជាភ្នាក់ងារក៏គួរតែមានការគោរព និងអនុវត្តតាមគោលការណ៍រួមដែលទទួលស្គាល់ដោយច្បាប់ទាំងអស់គ្នា ដើម្បីលើកស្ទួយវិស័យនេះឱ្យមានភាពល្អប្រសើរ”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ផងដែរថា ការប្រកួតប្រជែងដោយគ្មានតម្លាភាព ឬការដែលមិនអនុវត្តទៅតាមគោលការណ៍នៃច្បាប់ អាចកើតមានចំពោះតែក្រុមហ៊ុនមួយចំនួនតូច ដែលមិនមានក្រមសីលធម៌តែប៉ុណ្ណោះ ហើយក៏អាចទទួលបានប្រយោជន៍ត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះ ដែលយើងក៏មិនអាចហាមឃាត់អ្នកទាំងនោះបានដែរ ព្រោះវាជាទីផ្សារសេរី។
លោកបានបន្តទៀតថា ករណីបែបនេះ ហាក់មិនទាន់អាចជះឥទ្ធិពលអាក្រក់នៅលើទីផ្សាររួមខ្លាំងក្លានោះទេ ប៉ុន្តែអ្វីដែលត្រូវធ្វើដើម្បីបញ្ចៀសការខាតបង់នោះ គឺក្រុមហ៊ុនដែលជាភ្នាក់ងារ ត្រូវតែមានការចង់ជាកិច្ចសន្យាជាមុនឱ្យត្រឹមត្រូវ ទើបផ្តល់កិច្ចប្រឹក្សា និងណែនាំអតិថិជនរបស់ខ្លួនតាមក្រោយ។
យ៉ាងណាក៏ដោយ លោកក៏បានទទួចឱ្យបណ្តាភ្នាក់ងារ ដែលតែងអនុវត្តប្រាសចាកពីក្រមសីលធម៌ និងវិជ្ជាជីវៈទាំងនោះ គួរចូលរួមមកអនុវត្តតាមគោលការណ៍ច្បាប់ទាំងអស់គ្នា ដើម្បីលើកកម្ពស់តម្លៃក្រុមហ៊ុន ដែលកំពុងប្រកបអាជីវកម្មដូចជា ក៏ដូចជាផ្តល់តម្លៃឱ្យខ្លួនឯងផងដែរ៕