ការសិក្សា: ចំនួនអាផាតមុិនដែលត្រូវបានរឹបអូសដោយធនាគារនៅចិនអាចកើនឡើងដល់ជាង២,៤លានយូនីតនៅឆ្នាំ២០២៧

0

ដោយ: សហសេវិក
អន្តរជាតិ: ធនាគារវិនិយោគខ្នាតយក្ស ​​UBS របស់ស្វីសបានព្យាករណ៍ថា ការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យ និងសេដ្ឋកិច្ចនៅប្រទេសចិន អាចជំរុញឱ្យមានការកើនឡើងនៃការខកខានទូទាត់សងប្រាក់កម្ចី និងចំនួនផ្ទះដែលត្រូវបានរឹបអូស។

លោក John Lam ប្រធានផ្នែកស្រាវជ្រាវលើទីផ្សារអចលនទ្រព្យចិននៅធនាគារ UBS បានអះអាងថា ចំនួនអាផាតមុិនដែលត្រូវបានរឹបអូសដោយធនាគារអាចកើនឡើងដល់ជាង២,៤លានយូនីតនៅត្រឹមឆ្នាំ២០២៧ខាងមុខ។

លោក Lam បានលើកឡើងថា ការប្រកាសដាក់លក់ផ្ទះដែលត្រូវបានរឹបអូសទាំងនេះអាចជះផលប៉ះពាល់ដល់ការលក់ផ្ទះថ្មីនៅប្រទេសចិនប្រហែលមួយភាគបួនជារៀងរាល់ឆ្នាំ និងធ្វើឱ្យតម្លៃផ្ទះប្រភេទទី២ ធ្លាក់ចុះបន្ថែមទៀត ហើយនេះជាហានិភ័យចម្បងដែលយើងព្រួយបារម្ភ។

លោក Lam បានគូសបញ្ជាក់ថា គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៥ ទំហំប្រាក់កម្ចី ដែលមិនទាន់ទូទាត់សង (outstanding loan) បានកើនឡើងដល់ចំនួន៣៦,១ទ្រីលានយ័ន (ប្រមាណ៥,១ទ្រីលានដុល្លារអាមេរិក)។ តួលេខនេះមានកម្រិតខ្ពស់ជាងកម្រិតមុនពេលផ្ទុះជំងឺរាតត្បាត ប្រមាណ៣ដង។

ចំនួន​ផ្ទះ ​ដែល​ត្រូវ​បាន​រឹបអូស​នឹង​កើន​ឡើង​ដល់ចំនួន៦៤០.០០០យូនីតនៅ​ចុង​ឆ្នាំ​នេះ និងបន្ត​កើនឡើង​ដល់ចំនួន១,៤៧លាន​យូនីតនៅ​ឆ្នាំ​២០២៦ ហើយនឹងកើនឡើងដល់២,៤៣លាន​យូនីតនៅ​ឆ្នាំ២០២៧។ នេះបើយោងតាមធនាគារវិនិយោគខ្នាតយក្ស ​​UBS របស់ស្វីស។

ប្រាក់កម្ចីមិនដំណើរការ(Non-performing loan) នៅក្នុងវិស័យធនាគាររបស់ប្រទេសចិនស្ថិតក្នុងរង្វង់១,៥២ភាគរយគិតត្រឹមចុងត្រីមាសទី៣។នេះបើយោងតាមទិន្នន័យពីរដ្ឋបាលបទប្បញ្ញត្តិហិរញ្ញវត្ថុជាតិ ដែលជាស្ថាប័នមានតួនាទីត្រួតពិនិត្យវិស័យហិរញ្ញវត្ថុរបស់ប្រទេសចិន៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here