ដោយ ម៉ាណេត
ប៉ារីសៈ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហរិញ្ញប្បទាន សហប្រតិបត្តិការក្នុងទឹកប្រាក់ចំនួន ២៩,១ លានអឺរ៉ូ (ប្រម៉ាណជា ៣២,៦ ដុល្លារអាមេរិក)។ នេះយោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចកាលពីល្ងាចម្សិលមិញ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនបានឲ្យដឹងថា ក្នុងចំណោមឥណទានសម្បទានចំនួន២៥លានអឺរ៉ូ (ប្រម៉ាណជា២៨លានដុល្លារ) ពីភ្នាកងារបារាំងសម្រាប់ការអភិវឌ្ឍន៍ និងហិរញ្ញប្បទានឥតសំណងចំនួន៤,១លានអឺរ៉ូ (ប្រម៉ាណជា ៤,៦ លានដុល្លារ) ពីសហគមន៍អឺរ៉ុប (EU) សម្រាប់ហិរញ្ញប្បទាន លើគម្រោងធ្វើទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជួន និងចែកចាយដែលគម្រោងនេះមានទិសដៅក្នុងការពង្រីក និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងអគ្គិសនី ឲ្យមានការវិវន្តន៍ទៅរកប្រព័ន្ធឆ្លាតវៃ (Smart Grid) ដែលអាចសម្រួលយ៉ាងច្រើន ក្នុងការគ្រប់គ្រងប្រព័ន្ធបណ្តាញអគ្គិសនីទាំងមួល ក៏ដូចជាបង្កើនប្រសិទ្ធិភាព និងនិរន្តរភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា។
ពិធីចុះហត្ថលេខាលើខាងត្រូវបានធ្វើឡើងរវាង លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រី្តក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Remi Riou នាយកគ្រប់គ្រងទូទៅនៃភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍នៅក្នុងទីក្រុងបារីស ប្រទេសបារាំង។
លោកឿបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា សមិទិ្ធផលជាផ្លែផ្កានៃការអភិវឌ្ឍបច្ចុប្បន្នដែលកម្ពុជាទទួល គឺមិនអាចកាត់ផ្តាច់ពីតួនាទីយ៉ាងសកម្មរបស់ភាគីមិត្ត ក្នុងការចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ការផ្តល់ឥណទានដែលមានភាពអំណោយ និងអនុគ្រោះខ្ពស់ ជំនួយបច្ចេកទេសផ្សេងៗ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកិម្ម សេដ្ឋកិច្ច សង្គមកិច្ច អភិបាលកិច្ច និងការអភិវឌ្ឍលើវិស័យផ្សេងៗទៀតនៅកម្ពុជាជាដើម៕