ដោយ វុត្ថា
ប្រទេសថៃ៖ ក្រុមអ្នកវិនិយោគអន្តរជាតិជាច្រើន បានសម្រុកចូលទៅក្នុងប្រទេសថៃ ដើម្បីចាប់ដៃគូវិនិយោគជាមួយអ្នកអភិវឌ្ឍថៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលើការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនានា។
យោងតាមការចុះផ្សាយសារព័ត៌មាននៅក្នុងស្រុក នាពេលថ្មីៗនេះបានឱ្យដឹងថា អ្នកវិនិយោគជាជនជាតិជប៉ុន បាននាំមុខគេក្នុងចាប់ដៃគូជាមួយអ្នកអភិវឌ្ឍថៃ លើការអភិវឌ្ឍលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសថៃ ជាពិសេសលើវិស័យខុនដូ ហើយមានរយៈពេលយូចាប់តាំងពីឆ្នាំ២០១៣ កន្លងមកនេះ។
-->
សារព័ត៌មាន Phukhet News បានចុះផ្សាយថា កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុន ជប៉ុន Ananda Development Plc ;; ជាមួយក្រុមហ៊ុន ;; Mitsui Fudosan និងក្រុមហ៊ុន AP Thailand ជាមួយក្រុមហ៊ុន Mitsubishi Estate បានចុះហត្ថលេខាកិច្ចព្រមព្រៀងអភិវឌ្ឍន៍ខុនដូរួមគ្នានៅក្នុងប្រទេសថៃ។ ជាមួយគ្នានេះ មានក្រុមហ៊ុនចិនជាច្រើនបានបង្ហាញពីការចាប់អារម្មណ៍របស់ខ្លួន ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនថៃលើគម្រោងជាច្រើន សម្រាប់ទាក់ទាញទីផ្សារអ្នកទិញដែលជាជនជាតិចិន។
កិច្ចព្រមព្រៀងភាគច្រើន លើគម្រោងអភិវឌ្ឍន៍លើវិស័យខុនដូ ព្រោះដោយសារតែច្បាប់របស់ប្រទេសថៃអនុញ្ញាតឱ្យជនបរទេសកាន់កាប់បានប្រមាណ ៤៩ភាគរយ នៃទំហំបន្ទប់ស្នាក់នៅនៃខុនដូ។ ប៉ុន្តែអ្នកអភិវឌ្ឍន៍ថៃខ្លះបានចាប់ផ្ដើមសាងសង់ គម្រោងលំនៅដ្ឋានដាច់ដោយឡែកពីគ្នាជាមួយដៃគូបរទេស ព្រោះពួកគេចង់ដឹងពីការច្នៃប្រឌិតពីអ្នកអភិវឌ្ឍបរទេសជាពិសេសប្រព័ន្ធសន្សំសំចៃថាមពល។
តម្លៃកើនឡើងនៃគម្រោងអចលនទ្រព្យរួមគ្នា ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនអភិវឌ្ឍន៍ថៃ និងបរទេសឥឡូវនេះ មានចំនួនច្រើនជាង ៥០០ពាន់លានបាត នេះបានបង្ហាញពីសញ្ញានៃការរីកលូតលាស់បន្ថែមទៀតលើវិស័យអចលនទ្រព្យ។ គម្រោងចំនួន២៥ ត្រូវបានប្រកាសរួចហើយនៅក្នុងឆ្នាំ២០១៩ ដែលមានតម្លៃវិនិយោគសរុប ១៧៧ពាន់លានបាត កើនឡើង ៧%បើធៀបកាលពីឆ្នាំមុន។
ភាគច្រើននៃគម្រោងថ្មីនេះ គឺស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើងក្រោមដី នៅក្នុងទីក្រុងបាងកក។ ប៉ុន្តែក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា បានប្រកាសពីផែនការសម្រាប់តំបន់លំនៅដ្ឋានចំនួន៣នៅតំបន់ជាយក្រុងបាងកក ដែលមានតម្លៃសរុបចំនួន១៧,២ពាន់លានបាត៕