ប្រជាជនកូរ៉េខាងត្បូងកំពុងងាកចេញពីទីផ្សារអចលនទ្រព្យ មកសម្រុកបោះទុនវិនិយោគលើភាគហ៊ុន

0

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមកាសែត Bloomberg បានរាយការណ៍ថា ប្រជាជននៃប្រទេសកូរ៉េខាងត្បូងកំពុងសម្រុកទិញភាគហ៊ុនក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ខណៈពួកគេដកថយពីទីផ្សារលំនៅឋាន ដែលមានការកើនឡើងយ៉ាងគំហុកនៃតម្លៃផ្ទះ។

យោងតាមសមាគមវិនិយោគហិរញ្ញវត្ថុកូរ៉េ បានឱ្យដឹងថា ចំនួនប្រាក់កម្ចី ដែលប្រជាជនកូរ៉េខាងត្បូងបានខ្ចីដើម្បីវិនិយោគលើភាគហ៊ុនក្នុងស្រុកបានកើនឡើងដល់កម្រិតខ្ពស់បំផុតចំនួន២៦,៨ទ្រីលានវ៉ុន (ប្រមាណ១៨,១៨ពាន់លានដុល្លារអាមេរិក) នៅថ្ងៃទី២០ ខែវិច្ឆិកា។

រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងព្យាយាមលើកទឹកចិត្តជាពិសេសចំពោះប្រជាជនវ័យក្មេងឱ្យងាកទៅវិនិយោគលើភាគហ៊ុនដើម្បីបន្ធូរបន្ថយសម្ពាធលើការកើនឡើងនៃតម្លៃផ្ទះ។

លំនៅឋាននៅទីក្រុងសេអ៊ូលបានហក់ឡើងថ្លៃខ្លាំង ដោយតម្លៃផ្ទះកើនឡើងលឿនជាងប្រាក់ចំណូល។ សមាមាត្រតម្លៃផ្ទះធៀបទៅនឹងប្រាក់ចំណូល (price-to-income ratio) របស់ទីក្រុងសេអ៊ូល បានកើនឡើងជិតទ្វេដងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

ការកើនឡើងនៃចំនួនវិនិយោគិនខ្នាតតូចបានជំរុញឱ្យផ្សារហ៊ុនកូរ៉េខាងត្បូង Kospi ហក់ឡើង៦៨ភាគរយនៅឆ្នាំនេះ ដែលធ្វើឱ្យ Kospi ក្លាយជាទីផ្សារភាគហ៊ុនដែលមានដំណើរការល្អបំផុតមួយក្នុងចំណោមទីផ្សារភាគហ៊ុនធំៗលើសកលលោក។

ប៉ុន្តែ តម្លៃលំនៅឋានរបស់ទីក្រុងសេអ៊ូលនៅតែបន្តកើនឡើង ដែលធ្វើឲ្យធនាគារកណ្តាលកូរ៉េមានការប្រុងប្រយ័ត្នអំពីហានិភ័យហិរញ្ញវត្ថុ និងស្ទាក់ស្ទើរក្នុងការកាត់បន្ថយអត្រាការប្រាក់ ទោះបីជាសេដ្ឋកិច្ចកូរ៉េប្រឈមមុខនឹងសម្ពាធពីអត្រាពន្ធគយខ្ពស់របស់សហរដ្ឋអាមេរិកយ៉ាងណាក្តី។

តម្លៃផ្ទះបានកើនឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យប្រជាជនកូរ៉េខាងត្បូងវ័យក្មេងពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទិញផ្ទះ។ បច្ចុប្បន្ន ធនាគារកណ្តាលកូរ៉េកំពុងផ្តោតការយកចិត្តទុកដាក់លើស្ថិរភាពហិរញ្ញវត្ថុជាជាងការជំរុញកំណើនសេដ្ឋកិច្ច៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here