ដោយ: សហសេវិក
អន្តរជាតិ: សន្ទស្សន៍ហានិភ័យសម្រាប់ទីផ្សារលំនៅឋានរបស់ទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់កម្រិតខ្ពស់បំផុតមួយ ដោយសារការកើនឡើងជាលំដាប់នៃតម្លៃអាផាតមុិននៅក្នុងរដ្ឋធានីមួយនេះ ខណៈតម្លៃផ្ទះនៅតំបន់ជនបទ និងតំបន់ដែលមានប្រជាជនរស់នៅតិច នៅតែបន្តធ្លាក់ចុះ។
របាយការណ៍របស់ធនាគារកណ្តាលកូរ៉េ (BOK) បង្ហាញថា តម្លៃអាផាតមុិនសរុបជារួមនៅទីក្រុងសេអ៊ូលបានគ្របដណ្តប់ចំណែកចំនួន៤៣,៣ភាគរយនៃតម្លៃអាផាតមុិនទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំនេះ បើធៀបនឹងចំណែក៤៣,២ភាគរយក្នុងខែសីហា ឆ្នាំ២០២០។
ជាលទ្ធផល សន្ទស្សន៍ហានិភ័យនៃទីផ្សារលំនៅឋានរបស់រដ្ឋធានីសេអ៊ូលបានកើនឡើងដល់០,៩ពិន្ទុ រវាងខែកក្កដាដល់ខែកញ្ញា ឆ្នាំ២០២៥។ តួលេខនេះជាកម្រិតខ្ពស់បំផុតចាប់តាំងពីធនាគារកណ្តាលកូរ៉េបានចាប់ផ្តើមចងក្រងទិន្នន័យនេះក្នុងឆ្នាំ២០១៨។








