ដោយ: សហសេវិក
អន្តរជាតិ: កំណើននៃតម្លៃអចលនទ្រព្យលំនៅឋាននៅប្រទេសហ្វីលីពីនបានធ្លាក់ចុះដល់អត្រាប្រចាំឆ្នាំទាបបំផុតក្នុងរង្វង់១,៩ភាគរយនៅត្រីមាសទី៣ នៃឆ្នាំ២០២៥។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយធនាគារកណ្តាលហ្វីលីពីន។
នៅក្នុងត្រីមាសទី២ សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅឋាន (RRPI) ដែលជារង្វាស់នៃការប្រែប្រួលជាមធ្យមនៃតម្លៃលំនៅឋានទូទាំងប្រទេសហ្វីលីពីនបានស្ថិតក្នុងរង្វង់៧,៥ភាគរយ។
តម្លៃអចលនទ្រព្យនៅក្នុងតំបន់រដ្ឋធានីម៉ានីល (NCR) បាននាំមុខគេ ដោយបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំចំនួន២,៣ភាគរយ ខណៈតម្លៃលំនៅឋាននៅខាងក្រៅតំបន់ NCR បានកើនឡើង១,៦ភាគរយ។
-->
តម្លៃលំនៅឋានទោល(detached house) អាផាតមុិន ផ្ទះ Townhouse និងផ្ទះភ្លោះបានកើនឡើងក្នុងរង្វង់១,៩ភាគរយនៅក្នុងត្រីមាសទី៣ បើប្រៀបធៀបទៅនឹងការកើនឡើង១,៤ភាគរយនៃតម្លៃខុនដូ។

ធនាគារកណ្តាលហ្វីលីពីន (BSP) បានលើកឡើងថា សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅឋាន (RRPI) ជាសូចនាករដ៏សំខាន់មួយ ដែលខ្លួនតាមដានក្នុងការវាយតម្លៃស្ថានភាពទីផ្សារអចលនទ្រព្យ និងសុខភាពឥណទានរបស់ប្រទេសនេះ។
នៅក្នុងរបាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២៥ របស់ខ្លួន ក្រុមហ៊ុន Leechiu Property Consultants បានអះអាងថា ទីផ្សារលំនៅឋានហ្វីលីពីនហាក់មានសន្ទុះខ្លាំងចាប់ពីខែសីហាដល់ខែកញ្ញា ឆ្នាំនេះ ដោយសារការដាក់ឱ្យដំណើរការគម្រោងតិចជាងមុនក្នុងចំណោមបណ្តាអ្នកអភិវឌ្ឍន៍៕ ប្រភព: PNA៕
