ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារការិយាល័យនៅប្រទេសសិង្ហបុរីនៅតែមានស្ថិរភាពនៅឆ្នាំនេះ ដោយបង្ហាញពីភាពធន់ ទោះបីជាមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Edgeprop។
ទោះបីជាសកម្មភាពមានភាពយឺតយ៉ាវនៅដើមឆ្នាំ២០២៥ យ៉ាងណាក្តី ក៏តម្រូវការជួលការិយាល័យកម្រិត A នៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD) បានកើនឡើងនៅពេលក្រោយ ដោយសារការផ្គត់ផ្គង់ថ្មីមានកំណត់។
ជាមួយគ្នានេះ បណ្តាក្រុមហ៊ុននានាកំពុងងាកទៅរកជួលការិយាល័យដែលមានគុណភាពល្អប្រសើរជាងមុន ដែលធ្វើឱ្យតម្រូវការមានការកើនឡើង។
-->
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE រាយការណ៍ថា តម្លៃជួលការិយាល័យកម្រិត A នៅតំបន់ CBD បានងើបឡើងវិញនៅឆ្នាំ២០២៥ បន្ទាប់ពីស្ថិតនៅទ្រឹងនៅឆ្នាំ២០២៤។ នៅត្រីមាសទី៣ ឆ្នាំ២០២៥ តម្លៃជួលបានកើនឡើង០,៨ភាគរយធៀបនឹងត្រីមាសទី២ ដល់ចំនួន១២,២ដុល្លារសិង្ហបុរីក្នុងមួយហ្វីតការ៉េក្នុងមួយខែ។

ក្រុមហ៊ុន CBRE ប៉ាន់ប្រមាណថា តម្លៃជួលការិយាល័យកម្រិត A នៅតំបន់ CBD នឹងកើនឡើង២,៩ភាគរយសម្រាប់រយៈពេលពេញមួយឆ្នាំ២០២៥ ដែលនេះជាសញ្ញាបង្ហាញពីភាពប្រសើរឡើងបើធៀបនឹងកំណើន០,៤ភាគរយនៅឆ្នាំ២០២៤។
ដោយឡែក ក្រុមហ៊ុន Cushman & Wakefield ក៏រំពឹងថា តម្លៃជួលការិយាល័យកម្រិត A នៅតំបន់ CBD នឹងកើនឡើងចន្លោះពី២ភាគរយទៅ៣ភាគរយនៅឆ្នាំ២០២៥ បើប្រៀបធៀបនឹងកំណើនក្នុងរង្វង់១,៧ភាគរយនៅឆ្នាំ២០២៤។
ការផ្គត់ផ្គង់ការិយាល័យថ្មីលំដាប់ខ្ពស់ត្រូវបានគេរំពឹងថា នឹងនៅតែបន្តមានកម្រិតនៅឆ្នាំ២០២៦។ គម្រោងអគារការិយាល័យខ្នាតធំតែមួយគត់ដែលគ្រោងបើកដំណើរការនៅឆ្នាំ២០២៦ មានឈ្មោះថា Shaw Towers ដែលមិនស្ថិតនៅតំបន់ CBD នោះទេ៕ប្រភព: Edgeprop៕
