ដោយ ម៉ាណេត
ព្រះសីហនុ៖ រដ្ឋាភិបាលចាប់ផ្តើមរៀបចំរចនាសម្ព័ន្ឋកោះរ៉ុង ហើយដោយការរៀបចំបាន និងកំពុងចាប់ផ្តើមនៅខែឧសភានេះ ខណៈការបង្កើតទីក្រុងកោះរ៉ុងគឺបញ្ចូលទាំងកោះរ៉ុង និងកោះរ៉ុងសន្លឹមជាទីក្រុងថ្មីមួយ ដែលត្រូវបានហៅថា ទីក្រុងកោះរ៉ុង។ នេះបើលោក វិត សុភ័ក្រ នាយរងប៉ុសនៅកោះរ៉ុង។
លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី១០ ឧសភានេះថា ការបង្កើតជាទីក្រុងកោះរ៉ុងចាប់ផ្តើមខែឧសភានេះ ហើយឥឡូវនេះគេបំបែកជាសង្កាត់កោះរ៉ុង និងកោះរ៉ុងសន្លឹម ក្នុងនោះសង្កាត់កោះរ៉ុងភូមិចំនួនបីរួមមាន ភូមិកំសាន្ត ភូមិព្រែកស្វាយ និងភូមិដើមស្កូវ ចំណែកឯសង្កាត់កោះរ៉ុងសន្លឹមមានភូមិកោះតូច និងភូមកោះរ៉ុនសន្លឹម។ ការបែងចែកជាសង្កាត់ក៏ត្រូវបានគេប្រកាសហើយដែរ។
-->
លោកបន្តថា “បន្ទាប់ប្រកាសចេញពីទីក្រុងថ្មីនេះ ការវិនិយោគដូចជាមិនសូវមាន ហើយមួយរយៈនេះចំនួនភ្ញៀវទេសចរដូចជាអន់ថយជាងឆ្នាំមុន ដោយសារឥឡូវវាចូលដល់វស្សា ដែលធ្វើចំនួនភ្ញៀវទេសចរមានការថមថយ”។
កាលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ សណ្ឋាគារលំដាប់ផ្កាយ៥ « The Royal Sands Koh Rong » ដែលបើកដំណើរជាផ្លូវការ បានចំណាយទឹកប្រាក់សាងសង់អស់ ប្រមាណជាង៤០លានដុល្លារក្នុងដំណាក់កាលទី១ ដែលមានលក្ខណៈជាវីឡាចំនួន ៦៧ខ្នង (៧១បន្ទប់) ដែលបានបង្ហាញពីសក្ដានុពលទេសចរណ៍របស់ប្រទេសកម្ពុជា និងការរីកចម្រើន នៃសេវាកម្មទេសចរណ៍លំដាប់អន្តរជាតិនៅលើទឹកដីប៉ែកនិរតី នៃតំបន់សមុទ្រនេះ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់សណ្ឋាគារលំដាប់ផ្កាយ ៥ « The Royal Sands Koh Rong » ដែលមានទីតាំងស្ថិតនៅភូមិសុខសាន្ដ សង្កាត់កោះរ៉ុង និងបញ្ចប់នូវបញ្ហាដីធ្លីនៅកោះរ៉ុង ខេត្តព្រះសីហនុ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា “កោះរុង និងកោះដទៃទៀតនៅក្នុងប្រទេសកម្ពុជា គឺជាកោះរបស់រដ្ឋ មិនមែនជារបស់ឯកជននោះទេ”។សម្តេចបន្ថែមថា “ប៉ុន្តែរាជរដ្ឋាភិបាលបានប្រគល់សិទ្ឋិអោយអភិវឌ្ឍន៍ទៅអោយក្រុមហ៊ុនឯកជន ក្នុងការវិនិយោគជាតំបន់ទេចរណ៍ទៅតាមរយៈពេល នៃការវិនិយោគ ដែលបានកំណត់ៗ”។
ប៉ុន្តែកន្លងមក មានក្រុមហ៊ុនបានទទួលសិទ្ឋិវិនិយោគ ប៉ុន្តែមិនបានធ្វើអ្វីទាំងអស់ គឺសម្តេចតេជោបានបញ្ជាទៅអោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សើរើពិនិត្យ នឹងដកហូតយកមកវិញ ព្រោះសព្វថ្ងៃគឺមានក្រុមហ៊ុនមួយចំនួន ដែលបានសិទ្ឋិទទួលអាជ្ញាប័ណ្ណវិនិយោគពីរដ្ឋ ប៉ុន្តែមិនធ្វើហើយបានយកទៅលក់អោយក្រុមហ៊ុនដទៃ ដែលខុសនឹងច្បាប់រដ្ឋ។ ដូច្នេះត្រូវដកមកវិញទាំងអស់៕