ដោយ ដន
ភ្នំពេញ: សង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិកបានធ្វើឲ្យពិភពលោកបារម្ភជាថ្មី ដោយប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ព្រមានថា ជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ អាចបណ្តាលឲ្យមានវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោកសាជាថ្មី។

-->
តើសង្រ្គាមពាណិជ្ជកម្ម ដែលអាមេរិកដាក់ចេញកន្លងមក អ្នកណាឈ្នះ? អ្នកណាចាញ់? ចម្លើយទំនងជាមិនមានអ្នកឈ្នះនោះទេ។ ប៉ុន្តែបន្ទាប់ពីធូរស្រាលមួយរយៈ ប្រធានាធិបតីអាមេរិកលោកដូណាល់ ជេ ត្រាំបានព្រមានចិនជាថ្មី ដែលនឹងបង្កើនការយកពន្ឋរហូតដល់២៥០ពាន់លានដុល្លារអាមេរិក ប្រសិនជាចិនមិនឆ្លើយតបនឹងអ្វីដែលខ្លួនបានសន្យាទេនោះ។
តើសង្រ្គាមពាណិជ្ជកម្មនេះ អាចនឹងប៉ះពាល់់ដល់វិស័យសំណង់ និងអចលនទ្រព្យកម្ពុជាឬទេ? របាយការណ៍សេដ្ឋកិច្ចក្នុងតំបន់ប្រចាំឆ្នាំព្រមានថា ជម្លោះពាណិជ្ជកម្មអាមេរិក-ចិនអាចនឹងធ្វើឱ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យនៅកម្ពុជា។
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន + 3 (Amro) ឲ្យដឹងថា ខណៈពេលសេដ្ឋកិច្ច ដែលពឹងផ្អែកលើពាណិជ្ជកម្ម ដូចជា ហុងកុង កូរ៉េខាងត្បូង ម៉ាឡេស៊ី និងសិង្ហបុរីនឹង រងផលប៉ះពាល់ខ្លាំងបំផុត ដោយសារការកើតឡើងនៃសង្គ្រាមពាណិជ្ជកម្ម វិស័យអចលនទ្រព្យនៅកម្ពុជា អាចនឹងងាយរងគ្រោះផងដែរ ដោយសារតែការពឹងផ្អែកយ៉ាងខ្លាំង ទៅលើការវិនិយោគផ្ទាល់ពីបរទេស(FDI)ពីប្រទេសចិន។
របាការណ៍របស់AMROបានបន្ថែមថា “ហានិភ័យខាងក្រៅដែលអាចនឹងកើតឡើងសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិនដែលវានឹងនាំឱ្យមានសន្ទុះកំណើនសេដ្ឋកិច្ចមិនសូវល្អ នៅក្នុងប្រទេសទាំងពីរនេះ និងបង្កើនការការពារពាណិជ្ជកម្មសកល។ លំហូរចូលវិនិយោគចិនផ្ទាល់ ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាងាយគ្រោះ ដោយសារការផ្លាស់ប្តូរគោលនយោបាយ មួយរំពេចណាមួយរបស់ប្រទេសចិន”។
ការពិត៧៥ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេស ដែលបានអនុម័តមកគឺមកពីប្រទេសចិន។ប្រទេសចិនមិនត្រឹមតែក្លាយទៅជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាអ្នកវិនិយោគបរទេសដ៏ធំបំផុត និងម្ចាស់ជំនួយទ្វេភាគី អ្នកនាំចូលអង្ករកម្ពុជា និងប្រភពនៃភ្ញៀវទេសចរបរទេសផងដែរ។
ធនាគារពិភពលោកដែលបានចេញផ្សាយ កាលពីដើមសប្តាហ៍មុន បង្ហាញថា “លំហូរវិនិយោគទុនបរទេសចំនួនបីភាគបួន បានមកពីប្រទេសចិន។ នៅក្នុងឆ្នាំថ្មីៗនេះ ការវិនិយោគបរទេសពីប្រទេសចិនបានកើនឡើងជាពិសេសផ្តោតលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងលំនៅដ្ឋាន ឬអចលនទ្រព្យ វិស័យទេសចរណ៍ និងផលិតកម្ម និងកសិកម្ម។
កាលពីថ្ងៃអាទិត្យលោកប្រធានាធិបតីអាមេរិក Donald Trump បានបង្ហោះបណ្តាញសង្គម Twitter ថា លោកនឹងដំឡើងពន្ធលើទំនិញចិនតម្លៃ ២០០ ពាន់លានដុល្លារអាមេរិកឡើងពី១០ភាគរយដល់២៥ភាគរយត្រឹមថ្ងៃនេះ។ ក្រុមអ្នកវិភាគសេដ្ឋកិច្ចជឿថា ពន្ធលើទំនិញរបស់ចិននឹងធ្វើឱ្យសេដ្ឋកិច្ចចិនធ្លាក់ចុះទាំងមូល ដែលនឹងបង្កើនហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។
របាយការណ៍ធនាគារពិភពលោក បង្ហាញទៀតថា “ដោយសារការពឹងផ្អែកយ៉ាងខ្លាំងរបស់កម្ពុជាលើលំហូរចូលមូលធន និងភ្ញៀវទេសចរមកពីប្រទេសចិន ការធ្លាក់ចុះយ៉ាងគំហុកក្នុងសេដ្ឋកិច្ចចិនអាចនឹងធ្វើឲ្យ កំណើនសេដ្ឋកិច្ចថមថយ”។
ធនាគារពិភពលោកព្រមានថា លំហូរវិនិយោគបរទេសដ៏ធំធេងពីប្រទេសចិននៅក្នុងវិស័យអចលនទ្រព្យ អាចនឹងមិនមានរយៈពេលយូរទេ នៅពេលការរីកចម្រើនសេដ្ឋកិច្ចពិភពលោក មានភាពមិនច្បាស់លាស់ ហើយការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅចុងឆ្នាំ ២០១៩ ឬឆ្នាំ២០២០ នឹងបន្តត្រូវបានពិភាក្សាក្នុងរវាងអ្នកជំនាញ និងអ្នកជំនាញហិរញ្ញវត្ថុ។
វិស័យសំណង់ និងអចលនទ្រព្យគឺជាកត្តាជំរុញ ដ៏សំខាន់សម្រាប់កំណើនធនាគារនៅក្នុងប្រទេសកម្ពុជា។ អស់រយៈពេលជាច្រើនឆ្នាំមកហើយធនាគារពាណិជ្ជ បានបង្កើនការផ្តល់ប្រាក់កម្ចីសម្រាប់គម្រោងអចលនទ្រព្យ។
លោក Shin Chang Moo ប្រធានធនាគារ PPCBank និយាយថា វិស័យអចលនទ្រព្យ គឺជាកម្លាំងជំរុញមួយដ៏សំខាន់ ដែលកំពុងជួយធនាគារនៅទីនេះ។
វិស័យហិរញ្ញវត្ថុបានទទួលផលប្រយោជន៍ភាគច្រើន ពីការរីកចំរើនផ្នែកអចលនទ្រព្យនៅកម្ពុជា ប៉ុន្តែធនាគាពិភពលោកព្រមានថា វិស័យហិរញ្ញវត្ថុគឺងាយរងគ្រោះបំផុត នៅក្នុងសេណារីយ៉ូដែលការវិនិយោគចិន នៅក្នុងវិស័យអចលនទ្រព្យចាប់ផ្តើមធ្លាក់ចុះ។
របាយការណ៍របស់ធនាគារពិភពលោកបានឱ្យដឹងថា “ការកើនឡើងនៃលំហូរវិនិយោគផ្ទាល់ពីបរទេសនាពេលថ្មីៗនេះ បានធ្វើឱ្យមានការរីកចម្រើនផ្នែកសំណង់យូរអង្វែង ខណៈកំពុងបិទបាំងភាពងាយរងគ្រោះរបស់វិស័យហិរញ្ញវត្ថុ បន្ទាប់ពីមានកំណើនកម្ចីឆាប់រហ័សអស់ជាច្រើនឆ្នាំ”។
ទោះជាយ៉ាងណាលំហូរចូលមូលធនបរទេសបែបនេះ អាចនឹងមិនមាននិរន្តភាពទេ ជាពិសេសក្នុងបរិបទនៃភាពមិនច្បាស់លាស់ ជាសកលនិងការធ្លាក់ចុះនៅប្រទេសចិន”។
ធនាគារពិភពលោកបានបន្ថែមទៀតថា “ការធ្វើឱ្យវិនិយោគបរទេសធ្លាក់ចុះក្នុងវិស័យសំណង់ អាចនាំឱ្យមានការធ្លាក់ចុះតម្លៃយ៉ាងគំហុក និងធ្វើឱ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុ”។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិយោគកូរ៉េខាងត្បួងដ៏ធំម្នាក់ដែលកំពុងវិនិយោគនៅកម្ពុជា បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិននឹងមិនមានផលប៉ះពាល់ដល់វិស័យអចលនទ្រព្យកម្ពុជា ដោយសារស្ថានភាពសេដ្ឋកិច្ចកម្ពុជា ការរីកចចម្រើនជាងប្រទេសដទៃទៀតក្នុងតំបន់។
លោកបន្តថា “ការដែលមានលំហូរវិនិយោគទុនច្រើន ពីជារឿងល្អមួយសម្រាប់កម្ពុជា ដោយបាននាំចូលទុនវិនិយោគជាច្រើន មកកាន់ប្រទេសនេះ ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេច ដែលធ្វើឲ្យមានសេដ្ឋកិច្ចរឹងមាំ និងសិ្ថរភាពនយោបាយធ្វើឲ្យមានកើនឡើងការវិនិយោគផ្ទាល់ពីបរទេស”។
រូបភាពសំណងអគារធំៗ និងខ្ពស់ៗ នៅក្នុងរាជធានីភ្នំពេញ។ រូបថត៖ ម៉ៃ វិរៈ
លោកលើកឡើងថា “បើប្រសិនបើវិនិយោគិនចិនមកកាន់តែច្រើន កាន់តែល្អ ដោយសារការវិនិយោគរបស់ពួកគេនឹងត្រូវបង់ពន្ធជួនរដ្ឋ ដូច្នេះរដ្ឋភិបាលនឹងទទួលផលចំណេញពីការវិនិយោគរបស់ពួកគេ”៕
[…] ប្រភព៖ Property Area […]
good news