ដោយៈ រ៉ាណេត
ភ្នំពេញៈ រឿងអាស្រូវក្នុងវិស័យអចលនទ្រព្យ ពិសេសគំរោងដីឡូត៍ខ្យល់បានចាប់ផ្តើម ដែលធ្វើឲ្យរដ្ឋាភិបាលបានចេញសារណែនាំដល់់ប្រជាពលរដ្ឋ ត្រូវសិក្សាមូលដ្ឋានច្បាប់បទដ្ឋានគតិយុត្តិនានា ដើម្បីជៀសផុតពីហានិភ័យក្នុងការវិនិយោគលើវិស័យនេះ។
ករណីនេះ ត្រូវបានអ្នកជំនាញនៅក្នុងវិស័យមួយនេះបង្ហើរសារព្រមាន និងទទូចសុំឱ្យបណ្តាអ្នកវិនិយោគ ដែលស្ថិតនៅក្នុងវិស័យរួមគ្នាត្រូវគោរព និងអនុវត្តទៅតាមគោលការណ៍ច្បាប់ ប្រកបដោយភាពស្មោះត្រង់ ចៀសវាងកើតមានហានិភ័យដល់ខ្លួន។
-->
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១០ ខែឧសភា នេះថា មិនថាទោះជាក្នុងរូបភាពណានោះទេ ឱ្យតែជាសកម្មភាពដែលប្រាសចាកពីច្បាប់ គ្មានក្រមសីលធម៌ ខ្វះវិជ្ជាជីវៈក្នុងនាមជាភ្នាក់ងារ ឬជាក្រុមហ៊ុនដែលកំពុងវិនិយោគនៅក្នុងវិស័យអចលនទ្រព្យគឺមិនត្រូវអនុវត្តនោះទេ។
លោកបន្តទៀតថា “អ្វីដែលសំខាន់នោះគឺអតិថិជនខ្លួនឯង មុនពេលសម្រេចចិត្តទិញ គឺត្រូវតែមានការសិក្សាស្វែងយល់ឱ្យបានច្បាស់ថា ក្រុមហ៊ុនឬភ្នាក់ងារនោះមានប្រវត្តិបែបណា មានការបញ្ជាក់ និងទទួលស្គាល់ពីក្រសួងឬទេ មានប័ណ្ណសម្គាល់ជាម្ចាស់អចលនទ្រព្យដែលកំពុងដាក់លក់ ឬទេ ដើម្បីចៀសវាងការខាតបង់”។
ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ថា ក្រុមហ៊ុនអចលនទ្រព្យពិតប្រាកដគឺត្រូវមានការចុះបញ្ជី និងមានការទទួលស្គាល់ពីស្ថាប័នចំនួន៣ រួមមាននៅក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនឹងខាងអគ្គនាយកដ្ឋានពន្ធដា ដូច្នេះដើម្បីបានក្លាយជាក្រុមហ៊ុនអលចលនទ្រព្យពេញលក្ខណៈ និងស្របច្បាប់គឺត្រូវតែមានការចុះបញ្ជីនៅស្ថាប័នទាំង៣ខាងលើនេះ ដោយមានវិញ្ញាបនបត្របញ្ជាក់។
លោកបានបញ្ជាក់ទៀតថា “អ្នកខ្លះមិនមែនជាក្រុមហ៊ុនស្របច្បាប់នោះទេ ប៉ុន្តែតាំងខ្លួនជាក្រុមហ៊ុនដើម្បីស្វែងរកផលប្រយោជន៍ ក្នុងរូបភាពបោកបញ្ឆោត”។ លោកបន្តថា “ចំណុចនេះ រដ្ឋាភិបាលគួរតែមានវិធានការឱ្យបានម៉ត់ចត់ ដើម្បីដាក់ទោសទៅលើជនខិលខូចទាំងនេះ ដើម្បីបញ្ឈប់សកម្មភាពបែបអវិជ្ជមាន ដែលអាចប៉ះពាល់ដល់អ្នកដទៃ ក៏ដូចជាសាយភាយកេរ្តិ៍ឈ្មោះមិនល្អនៅក្នុងវិស័យអចលនទ្រព្យ”។
;លោកបន្តថា ដោយឡែកចំពោះអ្នកទិញ ក៏ត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងគួរតែពិនិត្យឯកសារពាក់ព័ន្ធផ្លូវច្បាប់ផ្សេងៗ មានប្លង់មេក្នុងការអភិវឌ្ឍន៍ត្រឹមត្រូវដែរឬទេ ជាពិសេសម្ចាស់គម្រោងមានប័ណ្ណសម្គាល់ជាម្ចាស់កម្មសិទ្ធិ ដែលទទួលស្គាល់ដោយអជ្ញាធរជាដើម។
លោកឧកញ៉ា តេង រិទ្ធី អគ្គនាយកក្រុមហ៊ុន R Investment Groupបានមានប្រសាសន៍ប្រាប់ទូរស័ព្ទផងដែរថា នៅពេលមានហេតុការណ៍អាក្រក់ ដូចជាការលក់គម្រោងខ្យល់ លក់ដីខ្យល់ ដែលជាការបោកប្រាស់នោះ គឺវាពិតជាជះឥទ្ធិពលដល់វិស័យដែលកំពុងតែវិនិយោគរួមគ្នា ហើយវាក៏អាចជះឥទ្ថិពលអាក្រក់ដក់ជាប់ ក្នុងអារម្មណ៍របស់មហាជនទូទៅផងដែរ។
លោកបន្តទៀតថា “ខ្ញុំគិតថា រដ្ឋាភិបាលគួរតែមានច្បាប់សម្រាប់ កំណត់ទោសទៅលើជនខិលខូចឱ្យបានច្បាស់ និងគួរការពារជនរងគ្រោះដែលជាប្រជាពលរដ្ឋស្មោះត្រង់ និងត្រូវបានគេបោកប្រាស់”។ លោកបន្តថា “អតិថិជនវិញគឺមិនត្រូវឆាប់ជឿទុកចិត្តទៅលើការឃោសនាដែលជាការអូសទាញនោះទេ ប៉ុន្តែគួរតែមានការពឹងអាស្រ័យជាមួយក្រុមហ៊ុនជំនាញដែលជាភ្នាក់ងារស្របច្បាប់ធ្វើជាជំនួយ ដើម្បីចៀសវាងជួបហានិភ័យ និងខាតបង់ផលប្រយោជន៍”។
ជាមួយគ្នានេះ រដ្ឋាភិបាលបានសម្រេចចេញសេចក្ដីប្រកាសព័ត៌មាន ជូនដល់សាធារណៈជនទូទៅ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់មុនពេលសម្រេចចិត្ត ទិញអចលនទ្រព្យ ដែលរួមមានប្រភេទដីឡូតិ៍ គម្រោងដីចម្ការ និងលំនៅដ្ឋាន ចៀសវាងកើតមានករណីបាញ់បោកឈ្មួញទុច្ចរឹត ធ្វើឱ្យការខាតបង់ទ្រព្យសម្បត្តិ៕
[…] ប្រភព៖ Property Area […]