អ្នកជំនាញ​ប្រាប់​ក្បួន​រកចំណូល​ដល់​ភ្នាក់ងារ​អចលនទ្រព្យ​ជាជាង​ដេកចាំ​ប្រាក់ខែ​

1

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ភាគច្រើន​បុគ្គលិក​ដែល​ចូល​បម្រើការ​ងារ​នៅក្នុង​ក្រុមហ៊ុន​ ឬស្ថាប័ន​ណាមួយ​ គឺ​តែងតែ​រំពឹង​ទៅលើ​ការ​ទទួល​បាន​ប្រាក់ចំណូល​ជា​បៀវត្សរ៍​ប្រចាំខែ​ តប​ទៅ​នឹង​ការ​ខិតខំ​បញ្ចេញ​កម្លាំង​ពលកម្ម​ ប៉ុន្តែ​សម្រាប់​ការបម្រើ​ការងារ​ផ្នែក​វិស័យ​អចលនទ្រព្យ​ក្នុងនាម​ជា​ភ្នាក់ងារ​វិញ​ ត្រូវ​បាន​អ្នកជំនាញ​បញ្ជាក់​ប្រាប់​ថា​ ការ​ដេក​ទន្ទឹងរង់ចាំ​ទទួល​តែ​ប្រាក់ខែ​គឺ​មិន​មាន​ភាព​រីកចម្រើន​នោះ​ទេ​ ប៉ុន្តែ​បើ​ចង់​ទទួល​បាន​ចំណូល​ច្រើន​ គឺ​ត្រូវតែ​ពង្រឹង​សមត្ថភាព​ក្នុង​ការ​លក់​ ទើប​អាច​ទទួល​បាន​កម្រៃ​ជើង​សារ​ច្រើន​។

ស្ថាបនិក​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​21​ Dream​ Property​ លោក​ គាម​ សៀ​កឡុង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ កាលពី​ព្រឹក​ថ្ងៃទី១១​ ខែឧសភា​ ឆ្នាំ២០១៩​ នេះ​ថា​ ជា​ផ្នត់គំនិត​ទូទៅ​ ចំពោះ​ការ​ចូល​បម្រើការ​ងារ​នៅក្នុង​ក្រុមហ៊ុន​មួយ​ គឺ​គេ​តែង​គិតទៅ​លើ​ប្រាក់ខែ​ ប៉ុន្តែ​ចំពោះ​ការងារ​នៅក្នុង​វិស័យ​អចលនទ្រព្យ​គឺ​មាន​ភាព​ខុសគ្នា​ពី​ការងារ​ទូទៅ​ ដោយសារតែ​នៅក្នុង​ការ​បំពេញភារកិច្ច​ជា​ភ្នាក់ងារ​អាច​ទទួល​បាន​កម្រៃជើងសា​រត​បទៅ​នឹង​លទ្ធផល​របស់​ពួកគេ​។

លោក​បាន​បន្ត​ទៀត​ថា​ “ការ​បំពេញ​តួនាទី​ជា​ភ្នាក់ងារ​លក់​អចលនវត្ថុ​ ប្រៀបបានទៅ​នឹង​ការ​ធ្វើជំនួញ​ផ្ទាល់ខ្លួន​យ៉ាង​ដូច្នោះ​ ហើយ​អ្វី​ដែល​ជា​ភាពល្អ​ប្រសើរ​ចំពោះ​ពួកគាត់​ គឺ​ពួកគាត់​មាន​ក្រុមហ៊ុន​ស្រាប់​រួច​ទៅ​ហើយ​ គ្រាន់តែ​គាត់​ខំប្រឹង​លើ​តួនាទី​របស់​គាត់​ដើម្បី​ទទួល​បាន​ចំណូល​ជាការស្រេច​”។ លោក​បន្ថែម​ថា​ “បើ​បុគ្គលិក​ផ្នែក​នេះ​ខំប្រឹង​កាន់តែ​ខ្លាំង​ ចំណូល​ដែល​ទទួល​បាន​កាន់តែ​ច្រើន​”។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក ​ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ តាម​ការសង្កេត​របស់​លោក​ ភាគច្រើន​អ្នក​ដែល​ចូល​បម្រើការ​ងារ​ក្នុងនាម​ជា​ភ្នាក់ងារ​អចន​ទ្រព្យ​ តែង​ប្រាថ្នា​ចង់បាន​ចំណូល​ជា​ប្រាក់បៀវត្សរ៍​ប្រចាំខែ​ជាជាង​ការ​ទទួល​បាន​កម្រៃ​ជើង​សារ​ ដែល​ទទួល​បាន​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​លក់​របស់​ខ្លួន​។

លោក​បាន​បន្ត​ថា​ “តាមពិត​ការ​ទន្ទឹងរង់ចាំ​ទទួល​ចំណូល​ពី​ប្រាក់ខែ​ វា​ប្រៀបបានទៅ​នឹង​ការ​ដាក់​សម្ពាធ​ និង​បិទ​ឱកាស​របស់​ខ្លួន​យ៉ាង​ដូច្នោះ​។ ភាព​ជាក់ស្ដែង​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ការងារ​ជា​ភ្នាក់ងារ​លក់​ អាច​មានលទ្ធភាព​ទទួល​បាន​ប្រយោជន៍​ និង​ចំណូល​ច្រើនជាង​ប្រាក់ខែ​ដោយ​ឥត​កំណត់​”។

​ឧទាហរណ៍​ ប្រសើ​នបើ​គាត់​ខំប្រឹង​លក់​អចលនវត្ថុ​លើ​គម្រោង១​ ដែល​មានតម្លៃ​រហូតដល់១លាន​ដុល្លារ​ ហើយ​កម្រៃជើងសា​ររបស់​គាត់​ទទួល​បាន៣ភាគរយ​ នោះ​មានន័យថា​ គាត់​នឹង​ទទួល​បាន​ចំណូល​ពី​ការ​លក់​រហូតដល់៣ម៉ឺន​ដុល្លារ​ឯណោះ​ ដូច្នេះ​បើ​ប្រៀប​ទៅ​នឹង​ប្រាក់ខែ​វិញ​ តើ​គាត់​ត្រូវ​ធ្វើការ​រយៈពេល​ប៉ុន្មាន​ខែ​ ទើប​អាច​ទទួល​បាន​ចំណូល​ខាងលើ​នេះ​។

ប្រធាន​សមាគម​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​ នៅក្នុង​បណ្តា​ប្រទេស​ជឿនលឿន​ ដូចជា​ សិង្ហបុរី​ ហុងកុង​ តៃវ៉ាន់​ ក៏ដូចជា​ប្រទេស​ជប៉ុន​ជាដើម​ បុគ្គលិក​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ពួកគេ​មិន​ទទួលយក​ប្រាក់ខែ​នោះ​ទេ​ ប៉ុន្តែ​ពួកគេ​ព្យាយាម​បង្កើត​ទំនាក់ទំនង​ចងភ្ជាប់​បណ្តាញ​ឱ្យ​បាន​ច្រើន​ ពង្រឹង​សមត្ថភាព​ក្នុង​ការ​លក់​ ដើម្បី​អាច​ទទួល​បាន​ចំណូល​ពី​កម្រៃជើងសា​ររបស់​ពួកគេ​៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here