ដោយ វុត្ថា
ភ្នំពេញៈ ក្រុមអ្នកជំនាញវិស័យអចលនទ្រព្យបានអះអាងថា សង្រ្គាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចចិន-អាមេរិក នឹងមិនប៉ះពាល់ដល់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានោះទេ។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាលោក ឃាង ពុទ្ធីបានមានប្រសាសន៍ឲ្យដឹងតាមរយៈទូរស័ព្ទនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៩ នេះថា សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ នឹងមិនប៉ះពាល់ខ្លាំងនោះទេ ដោយសារតែទីផ្សារនៅក្នុងប្រទេសកម្ពុជានៅមានកម្រិត បើធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀត ហើយទំហំវិនិយោគនៅក្នុងប្រទេសកម្ពុជាក៏នៅមានកម្រិត។
លោកបន្តថា “បើទោះបីប៉ះពាល់ ហើយប៉ះពាល់បន្តិចបន្តួច ហើយក៏វាមានរយៈពេលយូរ និងមិនប្រាកដប្រជាផងដែរ”។ លោកបន្ថែមថា “យ៉ាងណាក៏ដោយលោកថា ប៉ះពាល់ ឬមិនប៉ះពាល់អាស្រ័យលើឥរិយាបទរបស់អ្នកវិនិយោគទុន និងវិនិយោគទុនអន្តរជាតិ ក្នុងការៀបចំគម្រោងក្នុងការទិញ ឬលក់អចលនទ្រព្យឲ្យបានត្រឹមត្រូវ មានការប្រយ័ត្នប្រយ៉ែងខ្ពស់ មានតម្លាភាព និងប្រកបដោយជំនាញ និងចំណេះដឹងរបស់ខ្លួន”។
លោកបន្តថា បន្ថែមពីនេះរដ្ឋាភិបាលក៏បានរៀបចំច្បាប់ផ្សេងៗ ដើម្បីការពារហានិភ័យណាមួយកើតឡើងទាំងអ្នកអភិឌ្ឍ និងអតិថិជន។ ប្រការនេះ មិនមានអ្វីដែលគួរឲ្យព្រួយបារម្ភអ្វីឡើង ចំពោះសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក-ចិន ដែលកើតឡើងនិងបន្លាយរហូតមកដល់ពេលនេះ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគលើវិស័យអចលនទ្រព្យទាំងអស់កុំអោយមានការបារម្ភខ្លាំងពេកចំពោះបញ្ហានេះ ហើយអាជីកម្ម និងវិនិយោគរបស់ខ្លួនដែលមានបច្ចុបប្បនគួរតែបន្តធ្វើសកម្មភាព។
អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE ប្រចាំនៅកម្ពុជាបានឲ្យដឹងដែរថាតាមពិតទៅសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បានកើតឡើងកន្លងមកនេះ ជាយូរមកហើយ ហើយការចាប់ផ្តើមជាថ្មីនេះ ក៏នឹងមិនបង្កអោយមានផលប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាឡើយ។
អ្នកនាងបន្តថា “បើទោះបីប៉ះពាល់ក៏មិនប៉ះពាល់ធ្ងន់ធ្ងរខ្លាំងដែរ ព្រោះទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានៅតូច បើធៀបទៅនឹងបណ្តាលទីផ្សារអចលនទ្រព្យនានាក្នុងប្រទេសដទៃ ហើយគម្រោងវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា វាមានល្មមគ្រប់គ្រាន់សម្រាប់ទីផ្សាររបស់កម្ពុជា”។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឲ្យដឹងដែរថា សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក-ចិន គឺមិនមានបញ្ហា ឬជះឥទ្ធិពលលើទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដោយសារតែជាប្រទេសពីរផ្សេងគ្នា។
លោកបញ្ជាក់ថា “បញ្ហាសង្គ្រាមពាណិជ្ជកម្មនេះ គឺជាទ្វេភាគីរវាងចិន និងអាមេរិក វាមិនពាក់ព័ន្ធលើវិស័យអចលនទ្រព្យនៅក្នុងស្រុកខ្មែរនោះទេ”។
កាលពីថ្ងៃទី១០ ឧសភាកន្លងមកនេះ រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំបានប្រកាសដំឡើងពន្ឋលើមុខទំនិញចិនជាច្រើន ដែលមានតម្លៃទឹកប្រាក់រហូតដល់២៥០ពាន់លានដុល្លារអាមេរិក ជាការឆ្លើយតបប្រទេសចិនសន្យានឹងចាត់វិធានការណ៍ឆ្លើយតបផងដែរ៕