ដោយៈ ម៉ាណា
ភ្នំពេញៈ ប្រតិភូអ្នកធុរកិច្ចអាមេរិក បានបង្ហាញការចាប់អារម្មណ៍ សិក្សាលើវិស័យចំនួន៨ ក្នុងការវិនិយោគនៅកម្ពុជា ខណៈទំនាក់ទំនងកម្ពុជា អាមេរិកកំពុងមានភាពប្រសើរឡើង។
ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលលោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា ដឹកនាំដោយ លោក គីមឆា ហ៊ួត ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។
លោកនុត អ៊ុនវ័ណរ៉ា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា ដែលបានអញ្ជើញមកកម្ពុជា និងជួបពិភាក្សាការងារនាថ្ងៃនេះ ដោយលោកបានជម្រាបជូនពីស្ថានភាពថ្មីៗ នៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក៏ដូចជាច្បាប់និងបទប្បញ្ញត្តិទាក់ទងនឹងវិនិយោគ ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី រវាងកម្ពុជានិងសហរដ្ឋអាម៉េរិក វិស័យអាទិភាពសម្រាប់ការវិនិយោគ និងការផ្តល់ការលើកទឹកចិត្ត និងការគាំទ្រនានារបស់កម្ពុជាជូនដល់អ្នកវិនិយោគ។

លោក គីម ឆា ហ៊ួត ប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការរងនិងសហការី ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបគណៈប្រតិភូ ព្រមទាំងបានផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយស្តីពីបរិស្ថានវិនិយោគនៅកម្ពុជា ដើម្បីបានជាមូលដ្ឋានក្នុងការសម្រេចចិត្តធ្វើការវិនិយោគ ក៏ដូចជា សម្រាប់យកទៅផ្សព្វផ្សាយជូនដល់សមាជិកដទៃទៀត។
ជារួមគណៈប្រតិភូទាំំងអស់ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានសម្លឹងមើលឃើញ នូវកាលានុវត្តភាពជាច្រើន ក្នុងដំណើរទស្សនកិច្ចការងារនាពេលនេះ ក្នុងនោះវិស័យមួយចំនួន ដែលគណៈប្រតិភូបានចាប់អារម្មណ៍ ក្នុងការវិនិយោគមាន ដូចជា វិស័យសុខាភិបាល (ការបង្កើតមន្ទីរពេទ្យ និងការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល) ភស្តុភារកម្ម ( Logistics) សេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា កសិឧស្សាហកម្ម ពាណិជ្ជកម្មនាំចេញ-នាំចូល និងការចិញ្ចឹមសត្វ ជាដើម។ល៕







