កម្មករកំពុងដេរសម្លៀកបំពាក់ក្នុងរោងចក្រមួយកន្លែង
ដោយ ម៉ាណេត
ភ្នំពេញៈ អង្គការអ្នកប្រជាធិបតេយ្យបានស្នើសុំឲ្យសហភាពអឺរ៉ុប (EU) ផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជា ក្នុងករណីក្របខណ្ឌ«អ្វីទាំងអស់ក្រៅពីសព្វាវុធ (EBA)»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ អង្គការអ្នកប្រជាធិបតេយ្យកណ្ដាលអន្តរជាតិ (Centrist Democrats International (IDC-CDI)) ចុះកាលពីពេលថ្មីនេះ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការនេះបានឲ្យដឹងបន្តថា យើងទាំងអស់គ្នាជាសមាជិក អង្គការអ្នកប្រជាធិបតេយ្យកណ្ដាលអន្តរជាតិ (Centrist Democrats International (IDC-CDI)) សូមស្នើសុំឲ្យសហភាពអឺរ៉ុប (EU) ផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជា ក្នុងករណីក្របខណ្ឌ «អ្វីទាំងអស់ក្រៅពីសព្វាវុធ (EBA)»។ កម្ពុជាដែលជាប្រទេសដែលក្រោកពីសង្គ្រាម និងជាប្រទេសអភិវឌ្ឍន៍តិចតួច បានទទួលផលប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម ដូចជា EBA ជាដើម ក្នុងនោះកម្មករ-កម្មារិនីប្រមាណ១លាននាក់ ដោយភាគច្រើនជាស្ត្រីមកពីតំបន់ជនបទ បានទទួលនូវការងារក្នុងឧស្សាហកម្មវាយណភណ្ឌ ដែលទទួលបានភាពអនុគ្រោះក្នុងទីផ្សារសហភាពអឺរ៉ុប ដោយមិនមានពន្ធគយ និងមិនមានកូតា។
-->
សេចក្តីប្រកាសព៌តមានដដែលបានបន្តថា យើងក៏បានកត់សម្គាល់ដោយពេញចិត្ត ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញលក្ខខណ្ឌ និងការទាមទារបស់សហភាពអឺរ៉ុប ដែលរួមបញ្ចូលអនុសញ្ញាចំនួន១៥ ក្រោមក្របខណ្ឌរបស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មពិភពលោកទាក់ទង នឹងការពង្រីកការអភិវឌ្ឍន៍នយោបាយ និងសេដ្ឋកិច្ច សិទ្ធការងារ និងទំហំសេរីភាពនៅកម្ពុជា។
យើងត្រូវតែយល់ថាដំណើរការ នៃលទ្ធិប្រជាធិបតេយ្យជាដំណើរការវែងឆ្ងាយ។ ការកើនឡើងនូវគ្រួសារ មានចំណូលកម្រិតមធ្យមនៅកម្ពុជា បានធ្វើវិភាគទានគួរកត់សម្គាល់ដល់ការពង្រឹងដោយពេញលេញ នូវតម្លៃប្រជាធិបតេយ្យ និងការសាងសង់ស្ថាប័នប្រជាធិបតេយ្យ។ EBA បានរួមវិភាគទានគួរឲ្យកត់សម្គាល់ដល់មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
កម្មករសម្រាកបាយថ្ងៃត្រង់
យើងស្នើសុំឲ្យសហភាពអឺរ៉ុប ឲ្យទទួលយកនូវហេតុផលខាងលើ សម្រាប់ការសម្រេចចិត្តដក EBA ពីកម្ពុជា។ ប្រជាជនកម្ពុជាបានទទួលនូវការឈឺចាប់គ្រប់គ្រាន់ហើយ និងសមតែរស់នៅដោយសន្តិភាព ឧត្តមភាព និងសុភមង្គល។ យើងប្រាថ្នាចង់ឃើញលទ្ធិប្រជាធិបតេយ្យមានភាពរីកចម្រើន និងសេដ្ឋកិច្ចរឹងមាំ តាមរយៈការអនុគ្រោះ និងគាំទ្ររបស់សហគមន៍អន្តរជាតិ៕