វិភាគៈ តើខ្មែរជាតិនិយមឬទេ? ជាក្រុមមនុស្សបែបណាបន្ទាប់ពីអរិយធ៌មបានបាត់បង់ទៅ?

0

ដោយៈ យិន លាងគង់ស្ថាបនិកគេហទំព័រPropertyarea

    ភ្នំពេញៈ ជនជាតិអ៊ីស្រាអ៊ែល មានជំនឿថា “ពួកគេជាកូនអាទិទេព” ជាតិសាសន៍ណាទិញជនជាតិអ៊ីស្រាអ៊ែលបានម្នាក់ គេសុខចិត្តឲ្យប្រទេសទាំងមូល។ ពួកគេយកសៀវភៅ ធ្វើជាអំណោយគ្នាទៅវិញទៅមក។

ជនជាតិជប៉ុន “ពួកគេមានជំនឿថា ពួកគេជាសន្តិវង្សព្រះអាទិត្យដូចគ្នា និងស្មារតីសាម៉ូរ៉ៃ ដែលស្ម័គ្រស្លាប់គ្រប់ពេល ដើម្បីប្រទេសរបស់ពួកគេ។

ជនជាតិសឹង្ហបុរី ទោះពួកគេទៅដល់ទីណា “ក៏ពួកគេតែងមោទនភាពនូវសញ្ជាតិរបស់ពួកគេ ហើយពួកគេអាចត្រលប់មកប្រយុទ្ធគ្រប់ពេលប្រទេសជាតិត្រូវការ។

ជនជាតិចិន មិនអាចមានសញ្ជាតិ “ពីរ”បានទេ ពួកគេអាចបោះបង់សញ្ជាតិចិនបាន បើសិនជាពួកគេចង់បានសញ្ជាតិណាផ្សេង។

ចុះជនជាតិខ្មែរ ពួកគេមោទនភាព នឹងជាតិោសាសន៍របស់ពួកគេឬអត់? ចម្លើយគឺ “អត់ទេ”។ យើងមើលឃើញតាមរយៈ ទី១ ពួកគេតែងតែចាត់ទុកខ្លួនឯងជាជាតិសាសន៍ ឬកូនកាត់ចិន ដោយគិតថា ជាតិ​សាសន៍ជាប់ខ្សែស្រឡាយចិន ទើបឆ្លាត។ ទី២ អ្នកខ្លះចេញទៅក្រៅប្រទេស មានជនជាតិខ្មែរមួយចំនួនមិនចង់បង្ហាញខ្លួនជា ជនជាតិខ្មែរទេ។

ទី៣ នៅតាមផ្ទះ ឬផ្នូរសាកសពឪពុក ម្តាយរបស់ពួកគេ តែងតែបង្ហាញអក្សរចិន នៅ “ជំនាងផ្ទះ” ទី៤ នៅពេលមានពិធីចូលឆ្នាំចិនម្តងៗ ពួកគេប្រឹងសម្ញែងថា ខ្លួនជាជនជាតិចិន តាមរយៈការស្លៀកពាក់ សែនព្រេន និងការតាំងបង្ហាញពីជាតិវប្បមជនជាតិចិន ទោះបីពួកគេ ឪពុកម្តាយពួកគេ ជីដូន ជីតាពួកគេបានកើតលើទឹកដីកម្ពុជាក៏ដោយ។

ទី៥ គ្រប់សង្គមគ្រួសារខ្មែរ ក្លាយជាគ្រាប់ខ្សាច់ ដែលមិនអាចផ្សារភ្ជាប់បាន ដោយសាច់ជាតិទាំងឡាយ ដែលកើតពីផ្ទៃម្តាយតែមួយភាគច្រើន មិនរួបរួមគ្នា មិនសាមគ្គីគ្នា ហើយខ្លះឈានដល់ការជាន់ពន្លិចគ្នាទៀតផង។ ទី៦ ជំងឺតួឯក អំណួត ស៊ីជោ សម្ភារៈនិយមដ៏ឆើតឆាយ បង្ហាញពីគម្លាតសង្គមកាន់តែជ្រាលជ្រៅ ដែលក្លាយជាជំងឺមួយ កើតមានក្នុងសន្តានចិត្ត ប្រជាជនខ្មែរទាំងមិនដឹងខ្លួន និងកាន់តែធ្ងន់ធ្ងរទៅពីមួយថ្ងៃទៅមួយថ្ងៃ។

តើនេះជាជំងឺរបស់ខ្មែរឬយ៉ាងណា? ពិតហើយវប្បធ៌មអញនិយម​បានស្រោចស្រពចូលព្រលឹង និងបានហូរចូលគ្រប់សសៃឈាមជនជាតិខ្មែរ។

ជំងឺបែកបាក់ អញនិយមកំពុងកើតមាន និងគួរឲ្យបារម្ភ សម្រាប់ការកសាងសង្គមស៊ីវិល័យមួយ នាពេលអនាគត ព្រោះសូម្បីតែបងប្អូនសាច់ញាតិពួកគេ ជួបការលំបាក ក៏ពួកគេបិទភ្នែក ដោយនិយាយនូវពាក្យ “សក់អ្នកណា ក្បាលអ្នកហ្នឹង” ដែលកម្លាយមកពី “ខ្លួនទីពឹងខ្លួន” ដែលសាបព្រួសដោយពួកអ្នកបួសខាងពុទ្ឋិចក្រ ដែលពេលខ្លះបុព្វជិតទាំងនោះមិនទាំងដឹងថា ខ្លួនសូត្រពីអ្វី មានន័យបែបណា? ធ៌មមានប្រភពពីខាងណាផងនោះឡើយ។

ប្រព័ន្ធជំនឿមួយ ដែលខ្សោយ ដែលសាបព្រួសលើប្រជាជាតិមួយ ឲ្យមានស្មារតីជាតិនិយម បានកើតមានក្នុងសង្គមខ្មែរ បន្ទាប់ពីការដួលរលំនៃចក្រភពអង្គរមកម្លេស រហូតពេលខ្លះប្រទេសនេះ ត្រូវបានគេហែកចែកគ្នា(ចុងសតវត្សរ៍ទី១៩) ប្រទេសនេះប៊ិះបាត់ពីផែនទីពិភពលោកនាពេលនោះ កុំតែបានបារាំងមកដាក់អាណានិគម គឺខ្មែរបានបាត់បង់ប្រទេសរួចទៅហើយ។

នេះបង្ហាញពីភាពកម្សោយ ស្មារតីអញនិយម និងជាកំហុសរបស់ប្រជាជាតិនេះ តាំងពីមេដឹកនាំរហូតដល់ប្រជារាស្រ្តទាំងមូល។

ជាក់ស្តែងការឈ្លានពានរបស់ថៃ មកលើកម្ពុជាកាលពីពេលថ្មីៗនេះ ពិតហើយ ជនជាតិខ្មែរជាច្រើនបាននិយាយថា“វាជាការប្រមាថដ៏ឈឺចាប់បំផុត”។

ប៉ុន្តែសំណួរត្រូវសួរថា “តើយើងបានត្រឹមឈឺចាប់ ស្អប់ពួកគេ លើកដៃសុំសន្តិភាពពីពួកគេ”ឬយ៉ាងណា? តើយើងគួរធ្វើអ្វីជាមួយរាជរដ្ឋាភិបាល ដើម្បីលើកតម្កើងប្រជាជាតិនេះ មានអរិយធ៌មឡើងវិញ? អ្វីៗផ្តើមចេញពីម្នាក់ៗ ពីកោសិកាមួយ ដែលរួមគ្នាប្រៀបបាននឹងអាតូម​នុយក្លេអ៊ែរ ដែលអាចកសាងបាននូវសង្គមមានភាពស៊ីវិល័យ និតិរដ្ឋ ស្អាតស្អំ និងឈរលើផលប្រយោជន៍រួម ទាំងស្មារតី និងសកម្មភាព មិនមែននិយាយតែមាត់ឲ្យពិរោះស្តាប់នោះទេ។

ជាតិសាសន៍កម្ពុជា ត្រូវក្រោកឈរ ជាមួយស្មារតីបើកចំហរ រៀនសូត្រជាប្រចាំ ពង្រឹងចំណេះដឹង ជំនាញ និងស្វែងរកអ្វីដែលជាព្រលឹងជាតិ និងភាពខ្លាំងរបស់ខ្លួនពិតប្រាកដ មិនមែនជាការលើកដៃសុំសន្តិភាព សក់អ្នកណាក្បាលអ្នកហ្នឹង ពៀររម្ងាប់ដោយការមិនចងពៀរនោះឡើយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here