លោករដ្ឋមន្ត្រី វេង សាខុន និងលោក He Jianping ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន BGI International Investment
ដោយ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនធំមួយមកពីប្រទេសចិន គឺ BGI International Investment បាននិងកំពុងរៀបចំដីជាង២ពាន់ហិកតា នៅខេត្តកំពង់ធំសម្រាប់ធ្វើការដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដូចជាអង្ករ ស្វាយ និងស្វាយចន្ទី។
ក្នុងជំនួបរវាង លោករដ្ឋមន្ត្រី វេង សាខុន និងលោក He Jianping ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន BGI International Investment នាព្រឹកថ្ងៃទី១៦ ឧសភានេះ ប្រធានក្រុមហ៊ុនបានអះអាងថា គំរោងវិនិយោគនេះ ផ្តោតសំខាន់ទៅលើបំណង និងផែនការវិនិយោគរបស់ក្រុមហ៊ុនក្នុងការកែច្នៃ វេចខ្ចប់ ពិសេសការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្មពីចំណុចផ្តើម រហូតដល់ការនាំចេញតែម្តង ហើយអ្វីដែលសំខាន់នោះ ការធ្វើពាណិជ្ជកម្ម និងទីផ្សារកសិផលគឺតាមរយៈប្រព័ន្ធអ៊ីនធឺណេត ដែលអាចកាត់បន្ថយពេលវេលា ការចំណាយ និងបង្កើនភាពទូលំទូលាយជូនគ្រប់ភាគីពាក់ព័ន្ធ។
-->
លោក He Jianping បានបញ្ជាក់ផងដែរថា “ដើម្បីឱ្យផែនការវិនិយោគរបស់ក្រុមហ៊ុនទទួលបានជោគជ័យ ក្រុមហ៊ុនបានរៀបចំដីជាង២ពាន់ហិកតា នៅខេត្តកំពង់ធំសម្រាប់ធ្វើការដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដូចជាអង្ករ ស្វាយ ស្វាយចន្ទីជាដើម ហើយគម្រោងនេះក៏ទទួលបានការសហការគាំទ្រពីក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ”។
លោករដ្ឋមន្ត្រីវេង សាខុនបានថ្លែងថា ចំណងមិត្តភាពយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងចិន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យសម្រាប់ប្រទេសកម្ពុជា ដោយភាគីចិនបានដើរតួយ៉ាងសំខាន់ ក្នុងការជួយឧបត្ថម្ភគាំទ្រទាំងការផ្តល់ហិរញ្ញប្បទាន និងបច្ចេកទេសមកដល់កម្ពុជា។
លោកបន្ថែថា “វិស័យកសិកម្ម ភាគីចិនក៏បាននិងកំពុងបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយភាគីកម្ពុជាផងដែរ ដោយភាគីចិនបានឯកភាពបង្កើនកូតានាំចូលអង្ករកម្ពុជារហូតដល់ ៤០០ពាន់តោន និងថ្មីៗនេះបានអនុញ្ញាតឱ្យចេកអំបូងលឿងកម្ពុជាធ្វើការនាំចេញឆ្ពោះត្រង់ទៅកាន់ទីផ្សារចិន ហើយសង្ឃឹមថាផលិតផលកសិកម្មមួយចំនួនទៀតដូចជាស្វាយ ផ្លែមៀន ម្រេច ផ្លែស្រកានាគ ផ្លែដូង និងទឹកមាត់ត្រចៀកកាំ ដែលភាគីទាំងពីរកំពុងធ្វើការចរចាអំពីលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងភូតគាមអនាម័យ នឹងអាចធ្វើការនាំចេញក្នុងពេលឆាប់ៗខាងមុខនេះ”។
លោកឲ្យដឹងថា ទន្ទឹមនឹងនេះ ចំនួននៃការវិនិយោគពីក្រុមហ៊ុនចិន មកលើវិស័យកសិកម្មនៅកម្ពុជា ក៏បាននិងកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដូច្នេះឯកឧត្តមរដ្ឋមន្ត្រីគាំទ្រ និងស្វាគមន៍ចំពោះបំណង និងផែនការវិនិយោគរបស់ក្រុមហ៊ុនមកលើវិស័យនេះ ដោយត្រូវសំដៅលើការកែច្នៃ វេចខ្ចប់វត្ថុធាតុដើមដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ៕