ឥណ្ឌូនេស៊ីអាចនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង៥ របស់ពិភពលោកនៅឆ្នាំ២០៥០

0

ដោយ: សហសេវិក
អន្តរជាតិ: រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក Airlangga Hartarto បានលើកឡើងថា ឥណ្ឌូនេស៊ីអាចក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង៥ របស់ពិភពលោកនៅឆ្នាំ២០៥០ ប្រសិនបើប្រទេសនេះរក្សាបាននូវសន្ទុះកំណើនសេដ្ឋកិច្ចបច្ចុប្បន្ន និងកំណែទម្រង់។

លោក Airlangga បានបង្ហាញសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីនៅឆ្នាំ២០២៦ ដោយអាចកើនឡើងប្រហែល៥,៤ភាគរយ។ មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចនៅតែមានស្ថិរភាព ដែលបានបង្ហាញឱ្យឃើញដោយអតិរេកពាណិជ្ជកម្មរយៈពេល៦៩ខែជាប់ៗគ្នា ទុនបម្រុងអន្តរជាតិ និងការគ្រប់គ្រងបាននូវអតិផរណា។

រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងពន្លឿនយុទ្ធសាស្ត្រមួយដើម្បីពង្រឹងការសម្របសម្រួលរវាងវិស័យសាធារណៈ និងឯកជន ដោយលើកកម្ពស់ឧស្សាហូបនីយកម្ម បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។

អាទិភាពគោលនយោបាយសំខាន់ៗ រួមមានហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ធនធានរ៉ែ ការអភិវឌ្ឍយានយន្តអគ្គិសនី ថាមពលកកើតឡើងវិញ និងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក។

លោក Airlangga បានសង្កត់ធ្ងន់ថា ប្រទេសឥណ្ឌូនេស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងតំបន់ ជាពិសេសនៅក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីបង្កើនភាពធន់នៃសេដ្ឋកិច្ចពិភពលោក ស្របពេលមានការប្រែប្រួលភូមិសាស្ត្រនយោបាយ។

លោក​អះអាង​ថា ទ្វីបអាស៊ី​អាចឈានទៅក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ដ៏ចម្បង​របស់​ពិភពលោក ប្រសិនបើ​អាសុីបន្ត​ប្តេជ្ញា​ចិត្ត​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ប្រកបដោយភាព​បើកចំហ ​និង​បរិយាបន្ន។ តំបន់​នេះ​ត្រូវ​បាន​ព្យាករ​ថា​ នឹង​ចូល​រួម​ចំណែក​ប្រហែល៥២ភាគរយនៃ​ផលទុនជាតិ​សរុប​របស់ពិភពលោក​នៅ​ត្រឹម​ឆ្នាំ២០៥០។

លោកបានបញ្ជាក់ថា នៅឆ្នាំ២០៥០ ប្រទេសចិនអាចសម្រេចបានទំហំ GDP ចំនួន ៥៨ទ្រីលានដុល្លារ ឥណ្ឌា ចំនួន ៤៤ទ្រីលានដុល្លារ ខណៈឥណ្ឌូនេស៊ីត្រូវបានគេរំពឹងថា នឹងសម្រេចបានទំហំ GDP ចន្លោះពី ១០ទៅ១១ ទ្រីលានដុល្លារ៕ប្រភព: VNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here