ដោយ វុត្ថា
សៀមរាប៖ ក្រុមហ៊ុនកែច្នៃកសិផលកសិកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន គ្រោងវិនិយោគកែច្នៃកសិផលខ្មែរចំនួន ៤មុខក្នុងខេត្តសៀមរាប ដើមី្បជំរុញការលើកស្ទួយវិស័យកសិកម្មកម្ពុជា និង ការស្វែងរកនូវ ទីផ្សារកសិកម្ម ក្នុងការបង្កើនកម្រិតជីវភាពរបស់ប្រជាកសិករក្នុងខេត្ត ឲ្យបានកាន់តែល្អប្រសើរឡើង។
លោក ស៊ឹម រ៉ាស៊ី ប្រធានស្តីទី សភាពាណិជ្ជកម្មខេត្តសៀមរាប ឧត្តរមានជ័យ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត កាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០១៩ម្សិលមិញនេះបានឲ្យដឹងថថា តាម រយៈសភាពាណិជ្ជកម្មខេត្តសៀមរាប បានធ្វើការទំនាក់ទំនងជាមួយអ្នកវិនិយោគចិន ចុះមកធ្វើការសិក្សាអំពីវិស័យកសិកម្ម សំខាន់គឺ ពាក់ព័ន្ធនឹងការកែច្នៃកសិផលកសិកម្ម ក្នុងខេត្តសៀមរាប ដោយផ្តោតទៅលើកសិផលកសិកម្មចំនួន៤មុខ គឺ ស្រូវ , គ្រាប់ស្វាយចន្ទី ដំឡូងមី និង ស្វាយកែវរមៀត ។
-->
លោកបន្តថា រាល់ការកែច្នៃកសិផលកសិកម្មនេះ និង ផ្តល់នូវផលចំណេញជាច្រើនដល់ កម្ពុជា ទាំងពេលវេលា តម្លៃទីផ្សារសម្រាប់ប្រជាកសិករ និង បង្កើនការងារដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ព្រមទាំងចូលរួមក្នុងការ កាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋទៀតផង ។
លោក ម៉ៃឆើល ហ្វូ នាយកក្រុមហ៊ុនកែច្នៃកសិផលកសិកម្មបានឲ្យដឹងដែរថា ដើមី្បឲ្យការងារនេះបានដំណើរការទៅដោយជោគជ័យនោះ គឺត្រូវក្រុមហ៊ុនចុះធ្វើការសិក្សាស្រាវជ្រាវ អំពីទន្និន័យកសិផលកសិកម្មនៅក្នុងខេត្ត ដើមី្បធានា បាននូវការផ្គត់ផ្គង់ដល់ការផលិតកែច្នៃកសិផលទាំងនោះ ដោយគិតចាប់ពី១លានតោនឡើងទៅ ចំពោះកសិផលកសិកម្មទាំង៤មុខ ដែលបានលើកឡើងមកនេះ ។
លោកក៏បន្តថា ក្រៅពីការកែច្នៃកសិផលកសិកម្ម ក្រុមហ៊ុនក៏មានធ្វើការកែច្នៃសម្រាម ធ្វើជាថាមពល និង សម្ភារៈប្រើប្រាស់ដែលយកចេញពីកាកសំណល់ទាំងនោះ ហើយរាល់កាកសំណល់សល់ពីការកែច្នៃកសិផលទាំងនោះ ក្រុមហ៊ុនក៏យកទៅកែច្នៃជាថាមពលប្រើប្រាស់ផងដែរ ។ ក្នុងនោះលោកក៏បានលើកផងដែរ ចំពោះលទ្ធិផលអ្វីខ្លះ ដែលមាននៅ ក្នុងខេត្តសៀមរាប ដែលក្រុមហ៊ុនត្រូវយកមកធ្វើការកែច្នៃ ក្នុងការនាំចេញទៅក្រៅប្រទេស ហើយក្នុងនោះដែរក្រុមហ៊ុនក៏មានចំណាប់ អារម្មណ៍ ចំពោះទន្និផលស្រូវនៅកម្ពុជា នៅមានកម្រិតទាបក្នុងមួយហិចតា ។
លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានសម្តែងការគាំទ្រទៅលើគម្រោងសិក្សាស្វែងយល់ទៅលើទន្និន័យកសិផលកសិកម្មនៅខេត្តសៀមរាប របស់ក្រុមហ៊ុន ក្នុងការផលិតកែច្នៃនូវកសិផលកសិកម្មនៅកម្ពុជា សំខាន់ក្នុងខេត្តសៀមរាប ទៅលើកសិផលកសិកម្ម ទាំង៤មុខ។
លោកថា ការងារកសិកម្មនៅកម្ពុជា លើការងារបង្កបង្កើនផលដែលទទួលបាន ទន្និផលទាប់ ដោយប្រជាកសិករនៅកម្ពុជា នៅមានកម្រិតយល់ដឹងទាប ក្នុងការប្រើប្រាស់ជី និង ជ្រើសរើសគ្រាប់ពូជ ព្រមទាំងមិនបាន ផ្លាស់ប្តូរនូវទន្លាប់ការធ្វើស្រែពីដូនតាឡើង និង កង្វះនូវប្រព័ន្ធស្រោចស្រព ដោយធ្វើស្រែពឹងផ្អែកទឹកភ្លៀង ។
លោកអភិបាលរងខេត្តរូបនេះ បានគាំទ្រចំពោះក្រុមហ៊ុន ដែលមានបច្ចេកទេសក្នុងការកែច្នៃកាកសំណល់ សំខាន់សម្រាម ដែលជា ចំណោទបញ្ហាដ៏ធំ ចំពោះក្រុងទេសចរណ៍ប្រវត្តិសាស្ត្រនេះ ។
ម៉្យាងទៀតបើខេត្តមានអ្នកវិនិយោគមកធ្វើការកែច្នៃផលិតផលកសិកម្ម គឺ ជួយដល់បងប្អូនប្រជាកសិករក្នុងការផលិត កសិផលកសិកម្ម មានទីផ្សារ និង មានក្តីសង្ឃឹមក្នុងការផលិតកសិកម្មទាំងនោះ មិនមាន ការភ័យព្រួយឡើយ៕