ដោយៈ សហសេវិក
ប្រទេសថៃៈ នៅក្នុងអត្ថបទវិភាពស៊ីជម្រៅមួយ គេហទំព័រ siamrath របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៧ មេសា ២០២៦ ហាក់កំពុងទូងស្គរប្រកាសអាសន្ន ដល់មេដឹកនាំថៃ ឱ្យងាកមកមើលសេដ្ឋកិច្ចរបស់ខ្លួន ដែលកំពុងដាំក្បាលចុះនៅបាតអាស៊ាន។
តើអនាគតសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលធ្លាប់ឈរយ៉ាងសង្ហារលំដាប់ទី២ ក្នុងអាស៊ាន កំពុងដើរដល់ផ្លូវទាល់ដែរឬទេ? កាលពីពេលថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់គ្រាប់បែកព័ត៌មានយ៉ាងធ្ងន់ធ្ងរ ដោយកាត់បន្ថយការព្យាករណ៍កំណើនGDP របស់ថៃមកនៅត្រឹមតែ១,៥% ប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៦ ដែលបង្ហាញថាថៃកំពុងក្លាយជា “អ្នកជំងឺ” លូតលាស់យឺតជាងគេបំផុតនៅក្នុងតំបន់។
ផ្ទុយទៅវិញ ប្រទេសវៀតណាមមានកំណើនសេដ្ឋកិច្ចលើស ៧%, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីនលើស៥% សូម្បីតែកម្ពុជាដែលកំពុងហក់ឡើងក្នុងរង្វង់៥% សុទ្ធតែបង្ហាញថា “សេដ្ឋកិច្ចតំបន់កំពុងទៅមុខ”។
បញ្ហារបស់ថៃ មិនមែនជាវិបត្តិរយៈពេលខ្លី ដែលអាចដោះស្រាយបាន ដោយការចាក់លុយបណ្តោះអាសន្ននោះទេ ប៉ុន្តែវាគឺជា “ជំងឺសរីរាង្គ” ដោយវិស័យឧស្សាហកម្មដែលធ្លាប់ជាឆ្អឹងខ្នង កំពុងឈានដល់ដំណាក់កាលទ្រុឌទ្រោម។
ខណៈពិភពលោកកំពុងរត់រកបច្ចេកវិទ្យាខ្ពស់ (High-tech) និងថាមពលស្អាត ថៃហាក់នៅយឺតយ៉ាវ ក្នុងការទាក់ទាញទុនវិនិយោគពីបរទេស (FDI) បើធៀបនឹងគូប្រជែង។
ការពឹងផ្អែកខ្លាំងលើការនាំចូលថាមពល បានធ្វើឱ្យសេដ្ឋកិច្ចថៃងាយរងគ្រោះបំផុត។
នៅពេលសង្គ្រាមមជ្ឈិមបូព៌ានៅតែបន្តឆាបឆេះ តម្លៃប្រេងឡើងថ្លៃ នឹងរុញច្រានឱ្យថៃធ្លាក់ចូលក្នុងស្ថានភាពStagflation ពោលគឺ៖ “សេដ្ឋកិច្ចមិនរីកចម្រើន ប៉ុន្តែតម្លៃទំនិញ និងថ្លៃរស់នៅកើនឡើងកប់ពពក”។
នៅខែតុលា ឆ្នាំ ២០២៦ ខាងមុខ ថៃនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ IMF និងធនាគារពិភពលោក (WB)។ នេះគឺជាវេទិកាបង្ហាញមុខមាត់ផង និងជាវេទិកាដែលពិភពលោក នឹងដាក់ពិលឆ្លុះមើល “របួសសេដ្ឋកិច្ច” របស់ថៃយ៉ាងលម្អិតផងដែរ។
ប្រសិនបើគ្មាន “ម៉ាស៊ីនសេដ្ឋកិច្ចថ្មី” ទេនោះ ថៃអាចនឹងត្រូវចំណាយពេលរាប់ទសវត្សរ៍ដើម្បីស្តារមុខមាត់ឡើងវិញ៕







