តម្រូវការ​ខុនដូ​នៅ​ទីក្រុង​ម៉ានីលរបស់ហ្វីលីពីន​កើនឡើង១៩ភាគរយក្នុង​ត្រីមាស​ទី១ ប៉ុន្តែបញ្ហាប្រឈមនៅតែមាន

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: តម្រូវការ​ខុនដូ​នៅ​ទីក្រុង​ម៉ានីលនៃប្រទេសហ្វីលីពីន​កើនឡើង១៩ភាគរយក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២៦ ដែល​ជំរុញ​ដោយ​អ្នកទិញផ្ទះក្នុងគោលបំណងរស់នៅពិតប្រាកដ ​និង​ការលើកទឹកចិត្ត​របស់បណ្តា​អ្នកអភិវឌ្ឍន៍។

យ៉ាងណាមិញ ​ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Leechiu Property Consultants (LPC) បាន​លើកឡើង​ថា ការកើនឡើង​នេះ​ឆ្លុះបញ្ចាំង​ពី​ការងើបឡើងវិញ​​រយៈពេលខ្លី (seasonal rebound) ជាជាង​ការងើបឡើងវិញ​ពេញលេញ​នៃ​ទីផ្សារ​។

ការទិញយកខុនដូសរុបនៅរដ្ឋធានីម៉ានីលបានកើនឡើងដល់ចំនួន៧.៧៣២យូនីតក្នុងរយៈពេល៣ខែ រាប់ចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីបានធ្លាក់ចុះយ៉ាងគំហុក នៅក្នុងត្រីមាសទី៤ ឆ្នាំមុន។

បើទោះបីជាទីផ្សារបង្ហាញភាពប្រសើរឡើងយ៉ាងណាក្តី LPC ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Leechiu Property Consultants បានអះអាងថា ទីផ្សារនៅតែងាយរងគ្រោះ
ដោយសារផលប៉ះពាល់ពីកត្តាខាងក្រៅ។

ហានិភ័យសកល រួមទាំងភាពតានតឹងខាងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា អាចជំរុញឱ្យមានអតិផរណា និងការដំឡើងអត្រាការប្រាក់ និងធ្វើឱ្យលំហូរប្រាក់បញ្ញើពីពលករហ្វីលីពីននៅក្រៅប្រទេសថយចុះ។

សកម្មភាព​របស់បណ្តា​វិនិយោគិន​នៅ​តែ​មាន​សភាព​ស្ងប់ស្ងាត់ ដោយ​ផលចំណេញពីការ​ជួល​ (Rental Yields) មាន​អត្រា៣,៨ភាគរយសម្រាប់ខុនដូថ្មី និងអត្រា៤,៦ភាគរយសម្រាប់​ខុនដូប្រភេទទី២ (second-hand)។ អត្រាទាំងនេះ​មិនទាន់គ្រប់គ្រាន់​ដើម្បី​ទូទាត់​ថ្លៃដើម​ខ្ពស់ នៅពេលអ្នកវិនិយោគទិញខុនដូនោះទេ។

ចំណាប់អារម្មណ៍របស់បណ្តាវិនិយោគិននៅតែបន្តធ្លាក់ចុះ ខណៈអត្រាផលចំណេញពីការជួលខុនដូមានកម្រិតទាប ដោយសារតម្លៃជួលខុនដូមានស្ថេរភាព ប៉ុន្តែតម្លៃខុនដូសម្រាប់លក់នៅតែមានកម្រិតខ្ពស់។

ជាងនេះទៅទៀត ទីផ្សារនៅតែបន្តជួបប្រទះស្ថានភាពនៃការផ្គត់ផ្គង់ខុនដូតម្រូវការ ដោយត្រូវចំណាយរយៈពេល៣១ខែ ដើម្បីលក់ខុនដូឱ្យអស់ពីស្តុក ដោយសន្មតថា ពុំមានការផ្គត់ផ្គង់ខុនដូថ្មីបន្ថែមទៀត ក្នុងកំឡុងពេលនេះ។

តម្រូវការ​​ខុនដូផ្នែកមធ្យម (mid-market segment) នៅតែមានភាពធន់ ខណៈ​ដែល​អ្នកទិញ​លំនៅឋានលំដាប់​ខ្ពស់​នៅ​តែ​មាន​ការ​ប្រុងប្រយ័ត្ន និង​រង់ចាំ​មើលស្ថានការណ៍។

លោក Roy Golez នាយកទទួលបន្ទុកផ្នែកស្រាវជ្រាវ ប្រឹក្សាយោបល់ និងវាយតម្លៃនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Leechiu Property Consultants បានអះអាងថា ដោយយោងលើហានិភ័យសកល និងភាពតានតឹងភូមិសាស្ត្រនយោបាយ អ្នកវិនិយោគនឹងរក្សាជំហរប្រុងប្រយ័ត្ន។

ជាមួយគ្នានេះ ពួកគេនឹងវាយតម្លៃយ៉ាងដិតដល់នូវផលប៉ះពាល់ចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ រក្សាសាច់ប្រាក់ងាយស្រួល និងពន្យារពេលការពង្រីកអាជីវកម្ម រហូតដល់ស្ថានការណ៍មានស្ថិរភាពវិញ៕ប្រភព: BusinessWorld៕


ចែករំលែក