ដោយៈ ម៉ាណា
ប្រទេសចិនៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំប្រតិភូខេត្ត ចូលរួមក្នុង “វេទិកាជំនួបអ្នកវិនិយោគឧស្សាហកម្មទីក្រុងហឺហ្វី-ខេត្តអានហួយ និងខេត្តព្រះសីហនុ (កម្ពុជា)”។
វេទិកានេះ បានរៀបចំឡើងនៅទីក្រុងហឺហ្វី សាធារណរដ្ឋប្រជាមានិតចិន ដោយមានការសហការពីរដ្ឋបាលក្រុងហឺហ្វី និងអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោកYang Li ប្រធានការិយាល័យការបរទេសទីក្រុងហឺហ្វី លោកងួន វិសុទ្ធ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ព្រមទាំងតំណាងសហគ្រាស និងក្រុមហ៊ុនវិនិយោគឈានមុខពីទីក្រុងហឺហ្វីចំនួន៥០ក្រុមហ៊ុន។
បណ្តាក្រុមហ៊ុនចិនដែលបានចូលរួម ក្នុងជំនួបផ្គូរផ្គងធុរកិច្ចនេះ ភាគច្រើនជាសហគ្រាសធំៗ ដែលរកស៊ីលើវិស័យសក្តានុពលជាច្រើន រួមមាន៖ វិស័យគ្រប់គ្រងទឹក និងបរិស្ថាន៖ ក្រុមហ៊ុន Anhui Shunyu Water Affairs និង Anhui Tongyuan Environment Energy Saving។
វិស័យថាមពលថ្មី និងបច្ចេកវិទ្យាឆ្លាតវៃ៖ ក្រុមហ៊ុន Anhui Oukun New Energy, Sichuang Electronics និង Anhui Shengyun Intelligent Technology។
វិស័យសំណង់ និងវិស្វកម្ម៖ ក្រុមហ៊ុន Anhui Runye Construction Engineering និង Anhui Yifeng Engineering Project Management។
វិស័យពាណិជ្ជកម្ម នាំចេញ-នាំចូល និងវិស័យផ្សេងៗទៀត។
នៅក្នុងសន្ទរកថាបើក លោកម៉ាង ស៊ីណេត បានគូសបញ្ជាក់ថា ជំនួបនាពេលនេះឆ្លុះបញ្ចាំង ពីការលើកកម្ពស់ទំនាក់ទំនងមិត្តភាពជា “មិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ។ នេះជាលទ្ធផលនៃភាពស៊ីសង្វាក់គ្នារវាង យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក្នុងការជំរុញក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ពន្លឿនការកសាង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និងច្រករបៀងមច្ឆា និងអង្ករ។
លោកអភិបាលខេត្ត បានធ្វើបទបង្ហាញពីភាពទាក់ទាញ និងសក្តានុពលរបស់ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ក្នុងនាមជាទីក្រុងកំពង់ផែ ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។
បច្ចុប្បន្ន ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស កំពុងដំណើរការចំនួន៧ទីតាំង។ បន្ថែមលើនេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ “ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (២០២៥-២០៣៨)” សិក្សាដោយវិទ្យាស្ថាន UPDIS នៃទីក្រុងសិនជិន ដើម្បីប្រែក្លាយខេត្តទៅជាច្រកទ្វារអន្តរជាតិ តំបន់ឧស្សាហកម្ម មជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ទីក្រុងបៃតង ចីរភាព និងទីក្រុងវៃឆ្លាតក្នុងតំបន់អាស៊ាន

ពិសេសជាងនេះទៅទៀត លោកបានលើកឡើងពី “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្តល់ការលើកទឹកចិត្តពិសេសរួមមាន១. ការលើកទឹកចិត្តផ្នែកពន្ធ៖ លើកលែងពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមារយៈពេល៣ឆ្នាំ និងការនាំចូលសម្ភារសំណង់ បរិក្ខារផលិតកម្ម គឺពន្ធនិងអាករជាបន្ទុករបស់រដ្ឋ។
២. ការគាំទ្រផ្នែករដ្ឋបាល៖ សម្រួលនីតិវិធីលិខិតអនុញ្ញាតសាងសង់ អាជ្ញាប័ណ្ណ និងលិខិតបទដ្ឋាននានា ដោយរហ័ស តម្លាភាព និងប្រសិទ្ធភាព។
ជំនួបនេះ មិនត្រឹមតែជាវេទិកាបង្ហាញ ពីភាពទាក់ទាញនៃបរិយាកាសវិនិយោគ របស់ខេត្តព្រះសីហនុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងដ៏សំខាន់ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងរដ្ឋបាលខេត្តព្រះសីហនុ និងទីក្រុងហឺហ្វី ឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត ដើម្បីឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនខេត្តក្រុងទាំងពីរ។
លោកម៉ាង ស៊ីណេតបានអះអាងថា “កម្ពុជានិងខេត្តព្រះសីហនុ មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសុវត្ថិភាពសង្គមល្អប្រសើរ ព្រមទាំងមានប្រជាពលរដ្ឋរស់រាយរាក់ទាក់ ពោរពេញដោយស្នាមញញឹម”។ លោកបន្តថា “រដ្ឋបាលខេត្តបានដាក់ចេញនូវចក្ខុវិស័យ “ភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាភាពរីករាយរបស់យើងខ្ញុំ” សូមចាប់ដៃជាមួយរដ្ឋបាល ខេត្តព្រះសីហនុ ដើម្បីឆ្ពោះទៅរកភាពជោគជ័យទាំងអស់គ្នា”៕







