ក្រុម​ហ៊ុនចិន​ធំមួយ​បង្ហាញចំណាប់​អារម្មណ៍​វិនិយោគ​លើ​ស្វាយចន្ទី ​នៅកម្ពុជា​

ចែករំលែក

ដោយៈ ម៉ាណា

    ភ្នំពេញៈ​ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Huangshan High-Tech Investment Group ដែលដឹកនាំដោយលោក វ៉ាង សាវយ៉ាង (Wang Shaoyang)ប្រធានក្រុមហ៊ុន។

លោកអគ្គលេខាធិការបានសម្តែង នូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈប្រតិភូដែលបានចំណាយពេលអញ្ជើញមកធ្វើទស្សនកិច្ច សិក្សាស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ពិសេសនៅក្នុងឧស្សាហកម្មស្វាយចន្ទី ចំពេលវេលាដែលសមស្របបំផុត។

លោកបន្តទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញ ការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបានបង្កើតតំបន់សេដ្ឋកិច្ចឧទ្យានឧស្សាហកម្មចន្ទី លើផ្ទៃដីប្រមាណ៤០០ហិកតា ស្ថិតក្នុងខេត្តកំពង់ធំ។

តំបន់កសិឧស្សាហកម្មស្វាយចន្ទី និងការវិនិយោគកែច្នៃស្វាយចន្ទី នឹងទទួលបានការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធដូចដែលមានចែងក្នុងច្បាប់វិនិយោគ ក៏ដូចជាការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេសផ្សេងទៀត លើសពីអ្វីដែលមានចែងក្នុងច្បាប់ជាធរមាន។

បច្ចុប្បន្នកម្ពុជាកំពុងត្រូវការក្រុមហ៊ុនវិនិយោគ កែច្នៃដោយប្រើបច្ចេកវិទ្យាទំនើបដូចជាក្រុមហ៊ុន Huangshan High-Tech Investment Group។

ក្នុងន័យនេះ លោកអគ្គលេខាធិការបានស្នើ យ៉ាងទទូចឱ្យក្រុមហ៊ុនរួសរាន់ ក្នុងការសម្រេចចិត្តបោះទុនវិនិយោគ ក្នុងវិស័យឧស្សាហកម្មស្វាយចន្ទីនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទាញយកផលពីស្វាយចន្ទី ឱ្យអស់ពីសមត្ថភាពសំដៅបង្កើតតម្លៃបន្ថែម ក្នុងស្រុកឱ្យកាន់តែច្រើន ពិសេស ការទទួលបានផលចំណេញទាំងអស់គ្នាពីវិស័យដែលកំពុងមានសក្តានុពលនេះ។

លោកជា វុទ្ធីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរធ្វើការវិនិយោគលើការដាំដំទ្បូងឈើ ដើមកៅស៊ូ និងឧស្សាហកម្មឈើដាំជាដើម ដែលវិស័យទាំងនោះ សុទ្ធសឹងតែជាវិស័យកសិ -ឧស្សាហកម្មដែលកំពុងមានសក្តានុពល និងអំណោយផលនៅក្នុងប្រទេសកម្ពុជាយើង។

មានមតិក្នុងឱកាសកិច្ចប្រជុំ លោក Wang Shaoyang បានថ្លែងអំណរគុណ ដល់លោកអគ្គលេខាធិការ ដែលបានទទួលជួបពិភាក្សាការងារដោយបានផ្តល់នូវព័ត៌មានលម្អិត នៃវិស័យឧស្សាហកម្មស្វាយចន្ទី និងវិស័យកសិ-ឧស្សាហកម្មដទៃទៀតនៅកម្ពុជា ដែលក្រុមហ៊ុន កំពុងមានចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគ។

តបតាមសំណើរបស់ឯកឧត្តមអគ្គលេខាធិការខាងលើ ក្រុមហ៊ុនបានបង្ហាញនូវសុទិដ្ឋិនិយម ក្នុងការគិតគូរបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងវិស័យឧស្សាហកម្មស្វាយចន្ទីនេះ។

ក្រុមហ៊ុន Huangshan High-Tech Investment Group គឺជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយ ដែលមានមុខសញ្ញាអាជីវកម្មក្នុងវិស័យជាច្រើនរួមមាន ការនាំចេញ/ចូលផលិតផលកសិកម្ម, វិស័យឧស្សាហកម្ម, វិស័យយានយន្ត, ការផលិតឧបករណ៍ឆ្លាតវៃ និងបច្ចេកវិទ្យាទំនើប, ហិរញ្ញវត្ថុ និងសេវាកម្ម, ប្រព័ន្ធសូទ្បា និងកាបូនទាប និងការដាំដុះឈើដែលផ្តោតលើឱសថបុរាណចិនជាដើម៕


ចែករំលែក