ដោយ វុត្ថា
ភ្នំពេញ៖ សិទ្ធិជួលអចលនវត្ថុ ដែលមានរយៈពេលវែងលើសពី១៥ឆ្នាំឡើង ទៅត្រូវបានក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៧(មាត្រា២៤៤)ចាត់ទុកជាសិទ្ធិជួលអចិន្ត្រៃយ៍។
តើសិទ្ធិនេះត្រូវបានបង្កើតឡើងបែបណា ហើយប្រើប្រាស់យ៉ាងណាទៅវិញ។មនុស្សមួយចំនួនទំនងជាបានយល់ ; ហើយមួយចំនួនច្រើនទៀត ទំនងជាមិនបានយល់នោះទេ។
ការបង្កើតសិទ្ធិជួលអចិន្ត្រៃយ៍ មែនទែនទៅវាគ្មានការបង្កើតសិទ្ធិឯណា ដោយមិនមានការព្រមព្រៀងឬការសន្មត់របស់ច្បាប់ ឬបញ្ញត្តិនានានោះទេ។ សិទ្ធិជួលអចិន្ត្រៃយ៍គឺបង្កើតឡើងតាមតែមធ្យោបាយតែមួយគត់គឺកិច្ចសន្យាជួល ហើយដែលត្រូវធ្វើឡើងជាលាយល័ក្ខណ៍អក្សរ ដែលមានរយៈពេលលើសពី១៥ឆ្នាំឡើងទៅនេះ បើយោងតាមមាត្រា២៤៤ នៃក្រមរដ្ឋប្បវេណី។
ទម្រង់នៃកិច្ចសន្យាជួលអចិន្ត្រៃយ៍
កិច្ចសន្យាជួលអចិន្ត្រៃយ៍ គឺជាកិច្ចសន្យាដែលត្រូវតែធ្វើជាលាយលក្ខណអក្សរហើយប្រសិនជាមិនបានសរសេរជាលាយល័ក្ខណ៍អក្សរ គឺត្រូវចាត់ទុកថាជាកិច្ចសន្សាមានថេរៈវេលាមិនកំណត់ (ភតិសន្យា)។
អ្វីដែលគួរតែដឹងបន្ថែមទៀត គឺថា បើល្គឹកណាមានកិច្ចសន្សាជាលាយលក្ខណ៍អក្សរហើយក៏ដោយ ថែមទាំងបានកំណត់អំពីពេលវេលាទៀតផងក្តី ក៏កិច្ចសន្យាជួលដែលធ្វើត្រឹមតែភាគីគ្នាឯង មិនអាចតតាំងជាមួយជនទីបីផ្សេងបាននោះទេ។ ពោលគឺជនទី៣ អាចយកកិច្ចន្យា ដែលបានចុះបញ្ជីត្រឹមត្រូវទៅតតាំងបាន។ ពោលគឺត្រូវតែយកកិច្ចសន្យា នេះទៅចុះបញ្ជីនៅការិយាល័យភូមិបាល ស្រុកឬខណ្ឌនានាដែលនៅជិតបំផុត។ ឬក៏អាចចុះបញ្ជឺតាមរយៈមន្ទីរសារការីក៏បាន។ អត្ថប្រយោជន៍នៃការចុះបញ្ជីនេះ វាមានវិសាលភាពធំធេងណាស់ គឺវាអាចតតាំងបានជាមួយតតីយជន វាអាចតតាំងបានជាមួយអនុប្បទានិកនៃកម្មសិទ្ធិដី ដែលជាកម្មវត្ថុនៃសិទ្ធិជួលអចិន្ត្រៃយ៍ បានបើទោះបីជាកម្មសិទ្ធិលើដីនោះត្រូវបាន អនុប្បទានរួចហើយក៏ដោយ។
រយៈពេលនៃកិច្ចសន្យាជួលអចិន្ត្រៃយ៍
ដូចដែលបានសន្មត់ក្នុងមាត្រា២៤៤ថា កិច្ចសន្យាជួលដែលចាប់ពី១៥ឆ្នាំឡើងទៅគឺត្រូវចាត់ទុកថា ជាកិច្ចសន្យាជួលអចលវត្ថុអចិន្ត្រៃយ៍។ ប៉ុន្តែមិនមែនមានន័យថាសិទ្ធិជួលអចិន្ត្រៃយ៍ មិនមែនគ្មានពេលកំណត់នោះទេ។
យោងតាមមាត្រា២៤៧ នៃក្រមរដ្ឋប្បវេណីដដែល គឺមិនអាចឲ្យលើសពី៥០ឆ្នាំឡើយ ហើយក៏បន្តបានត្រឹមតែ៥០ឆ្នាំទៀតដោយមិនអោយលើសទេ។ ក្នុងករណីដែលមានសិទ្ធិជួយអចិន្ត្រៃយ៍ណាដែលលើសពី៥០ឆ្នាំ គឺត្រូវបន្ថយមកត្រឹម៥០ឆ្នាំវិញបាន៕