ដំណឹង​ល្អ តោះ ! ទៅ​មើល​ស្ថានភាព​ខុន​ដូ​ឆ្នាំ២០១៧

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ នៅពេល​និយាយ​ពី​ខុន​ដូ គេ​តែង​នឹកឃើញ​វត្តមាន​អាគារខ្ពស់ៗនៅ ដែល​លូត​ឡើងជា​រៀងរាល់ថ្ងៃ​នៅ​ទីក្រុង​ភ្នំពេញ ដែល​វា​កំពុង​ផ្លាស់ប្តូរ​មុខមាត់​ទីក្រុង​នេះ​យ៉ាង​សម្បើម។

តើ​ស្ថានភាព​នៃ​ការវិនិយោគ ការផ្គត់ផ្គង់ និង​តម្រូវការ​នៅក្នុង​លំនៅដ្ឋាន​បែប​សហកម្ម​សិ​ទ្ឋ​នេះ (ខុន​ដូ) ប្រែប្រួល​យ៉ាងដូចម្តេច? គេហទំព័​យ​អចលនទ្រព្យ ឈានមុខ​គេ​នៅ​កម្ពុជា Propertyarea.asia នឹង​បង្ហាញជូន​នូវ​ការសិក្សា​បែប​វិទ្យាសាស្ត្រ​មួយ​ក្នុង​វិស័យនេះ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Vtrust Appraisal ដែល​បានបញ្ចប់​និង​ផ្សព្វផ្សាយ​កាលពីពេលថ្មីៗនេះ​បាន​ឲ្យ​ដឹងថា ចំនួន​ខុន​ដូ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន១៦០ទីតាំង ក្នុងនោះ៣៣ទីតាំង​បានបញ្ចប់​និង​ដាក់ចូល​ទីផ្សារ ដែល​ធ្វើ​ឲ្យ​ចំនួន​ខុន​ដូ​នៅ​រាជធានី​ភ្នំពេញ​កើន​ដល់៦០៥០០យូ​នី​ត ក្នុងនោះ៨៧០០យូ​នី​ត​បាននិងកំពុង​ប្រើប្រាស់​ឬ​បញ្ចប់។ ក្រៅពី​រាជធានី​ភ្នំពេញ នៅ​ខេត្ត​ព្រះសីហនុ​មាន​ខុន​ដូ​ចំនួន​សរុប​កើន​ដល់១៥គំរោង និង​មានផ្ទះ​ប្រមាណ៥០០០យូ​នី​ត ដែល​ភាគច្រើន​នៃ​ខុន​ដូ​ទាំងនោះ​កំពុង​សាងសង់។

នៅ​ឆ្នាំ២០១៧ខុន​ដូ​ចំនួន១៨,០០០យូ​នី​ត ត្រូវបាន​ប្រកាស​លក់​ក្នុង​ទីផ្សារ​ជាតិ និង​អន្តរជាតិ ខណៈ​ឆ្នាំ២០១៦មាន​ខុន​ដូ ចំនួន១៤,០០០យួ​នី​ត​ប៉ុណ្ណោះ​បានប្រកាស​លក់។ ផ្ទុយ​ពីនេះ ការលក់​ខុន​ដូ​នៅ​ឆ្នាំ២០១៧នេះ គិត​ជា​មធ្យម​ក្នុង​មួយខែ​លក់បាន១០០យូ​នី​ត ខណៈ​ឆ្នាំ២០១៦ចំនួន​នៃ​ការលក់​មាន​រហូតដល់៣៨០យូ​នី​ត​ក្នុង​មូ​យ​ខែ។ ការសិក្សា​បញ្ជាក់​ឲ្យ​ដឹង។

ខុន​ដូ​មួយ​បន្ទប់​គេង​មានតម្លៃ​ចន្លោះ​ពី៦០,០០០ ទៅ១០០,០០០ដុល្លារ ខុន​ដូ​ពី​បន្ទប់​គេង​មានតម្លៃ​ចន្លោះ​ពី១៣០,០០០ទៅ១៥០,០០០ដុល្លារ និង​ខុន​ដូ​បី​បន្ទប់​គេង​មានតម្លៃ​ចន្លោះ​ពី២៥០,០០០ទៅ៣០០,០០០ដុល្លារ​អាមេរិក។

លោក​ហ៊ឹម សីហា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន VTRUST Appraisal បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១៩ ធ្នូ​នេះ​ថា ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​បែបនេះ​ក្តី ក៏​ទីផ្សារ​នេះ​មិនមាន​សញ្ញា ហានិភ័យ​ណាមួយ​នោះទេ ផ្ទុយទៅវិញ​វា​បង្កើត​ឲ្យ​មាន​ភាព​ទាក់ទាញ​ទៅវិញ ព្រោះ​ដើម្បី​ឆ្លើយតប​តម្រូវការ​នាពេល​អនាគត ប៉ុន្តែ​អ្វី​សំខាន់​គឺ​អ្នកវិនិយោគ ត្រូវធ្វើ​យ៉ាងណា​ឲ្យ​គំរោង​ទាំងនោះ​សាងសង់​ចប់។ កុំ​ឲ្យ​មានការ​ផ្អាក​សាងសង់ ប៉ុន្តែ​រហូតមកទល់​ពេលនេះ យើង​មិនទាន់បាន​រកឃើញ​គំរោង​ណា​គាំង​កណ្តាល​ទី​ទៀត​ទេ។

លោក​បន្តថា “ស្ថានភាព​នៃ​ការផ្គត់ផ្គង់ វា​ដូចជា​ផ្លូវ​មួយ​ដែល​បានបញ្ចប់​ការសាងសង់ ទោះបី​មិនមាន​មនុស្ស​ធ្វើដំនើរ​ច្រើន​ពីមុន​ក្តី ប៉ុន្តែ​ពេល​សាងសង់​ចប់ វា​នឹង​ទាក់ទាញ​អ្នកធ្វើដំណើរ​ច្រើន។លោក​បន្តថា “វា​ជា​ឳ​កាស​សម្រាប់​ទីផ្សារ សម្រាប់​អតិថិជន ព្រោះ​ពេល​សាងសង់​ចប់​អ្នកវិនិយោគ ក៏​អាច​ប្រែក្លាយ​ខុន​ដូ​ទៅជា​អា​ផាត​ម៉ិ​ន​បាន។

អ្នកនាង​អាន សុ​ធីតា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែងថា នាពេល​បច្ចុប្បន្ន​ការលក់​ខុន​ដូ​ប្រណីត មានការ​យឺតយ៉ាវ​បន្តិច ប៉ុន្តែ​សម្រាប់​ខុន​ដូ​ដែលមាន​តម្លៃ​សមរម្យ ដោយ​ផ្តោតលើ​អ្នកមាន​ប្រាក់ចំណូល​មធ្យម និង​លើ​មធ្យម​បន្តិច​នៅតែមាន​សញ្ញា​ល្អប្រសើរ។អ្នកនាង​បន្តថា អ្នកទិញ​ខុន​ដូ​ជា​ជនជាតិ​បរទេស ភាគច្រើន​ពួកគេ​ទិញ​សម្រាប់​ជួល និង​លក់​ចេញ​យកចំណេញ ប៉ុន្តែ​ប្រជាជន​ក្នុងស្រុក​ទិញ​សម្រាប់​រស់នៅ និង​លក់​ចេញ​ឬ​ទុក​ជួល​ផងដែរ។

អ្នកនាង​បន្តថា “បច្ចុប្បន្ន​ប្រជាជន​ខ្មែរ ដែល​បាន​ទិញ​ខុន​ដូ​បាន​កើនសន្សឹមៗ ប៉ុន្តែ​ស្ថានភាព​ទីផ្សារ​មិនមាន​សញ្ញា​ហានិភ័យ​នោះទេ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Hutton CPL លោក​ឧកញ៉ា​ចេង ខេង​បាន​ថ្លែងថា ស្ថានភាព​ទីផ្សារ​នេះ​នៅតែ​ល្អប្រសើរ បើទោះជា​មាន​អ្នកខ្លះ​បារម្ភ​ថា ការផ្គត់ផ្គង់​លើស​តម្រូវការ​ក្តី ប៉ុន្តែ​ការពិត​វា​មិន​លើស​តម្រូវការ​នោះទេ ព្រោះ​ចំនូ​ន​ខុន​ដូ​នៅ​កម្ពុជា ធៀប​នឹង​ប្រទេសជិតខាង​មិនទាន់បាន១០ ទៅ២០ភាគរយ​នៃ​ខុន​ដូ​ប្រទេស​គេ​នៅឡើយ​ទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here