ចំណេះដឹង! តើកិច្ចសន្យាគួរបង្កើតឡើងនៅពេលណា?
ដោយ វុត្ថា
ភ្នំពេញៈ កិច្ចសន្យាត្រូវបានបង្កើតឡើងនៅពេល ដែលសំណើរធ្វើកិច្ចសន្យាអ្វីមួយ ត្រូវបានភាគីទាំងពីរព្រមព្រៀងគ្នា(មាត្រា៣៣៦វាក្យខណ្ឌទី១)។តាមន័យនេះកិច្ចសន្យាត្រូវបានបង្កើតឡើងនៅពេលដែលមានយល់ព្រម និងសំណើបានជួបគ្នា នោះកិច្ចសន្យានឹងមានអនុភាព ដែលអាចបង្កើតសិទ្ធិ និងកាតព្វកិច្ចរវាងគូភាគីឬម្ចាស់បំណុល និងកូនបំណុលបានហើយ។
ជាគោលការណ៍ ការមកដល់នៃស្វីការកិច្ចសន្យាត្រូវបាន កើតឡើងនៅពេលដែលដំណឹង អំពីស្វីការបានមកដល់អ្នកស្នើសុំ។ ពោលគឺមិនមែនគ្រាន់តែជាការជូនដំណឹងផុតពីដៃរបស់ខ្លូន ហើយចាត់ទុកជាបានធ្វើស្វីការនោះទេ(មាត្រា៣៤០)។
-->
ផ្ទុយពីនេះ ប្រសិនបើកិច្ចសន្យាដែលទាក់ទងនឹងកិច្ចសន្យា ដែលមានអចលនវត្ថុជាកម្មវត្ថុនៃកិច្ចសន្យា លុះត្រាតែភាគីត្រូវធ្វើឡើងដោយមានលិខិតយថាភូត គឺជាលិខិតដែលទទួលស្គាល់ដោយអាជ្ញាធរ ឬដោយសារការី(មាត្រា៣៣៦ វាក្យខណ្ឌទី២)។ ជាគោលការណ៍កិច្ចសន្យាអាចធ្វើឡើង ដោយមិនបាច់សរសេរ ជាលាយលក្ខណ៍អក្សរក៏បានក៏វាមានអនុភាពដែរ វាលើកលែងតែមានអចលនវត្ថុជា កម្មវត្ថុនៃកិច្ចសន្យាតែប៉ុណ្ណោះ។
ឧទាហរណ៍ថា ពូសុខ បានដាក់ស្លាកលក់រថយន្តរបស់គាត់ ហើយប្រសិនបើមានភាគីណាម្នាក់(អ្នកធ្វើស្វីការ) បានទូរសព្ទ័មកប្រាប់ថា នឹងទិញរថយន្តនោះ ក្នុងតម្លៃដែលបានកំណត់នៅក្នុងសំណើ។ ក្នុងករណីនេះ គឺកិច្ចសន្យាត្រូវបានបង្កើតឡើង ហើយវាមានអនុភាពអាចចាប់បង្ខំឱ្យអនុវត្តបាន ដោយមិនចាំបាច់ចុះកិច្ចសន្យា ជាលាយលក្ខអក្សអ្វីក៏បាន នេះបើយោងតាមមាត្រា មាត្រា៣៣៦ វាក្យខណ្ឌទី១នៃក្រមរដ្ឋប្បវេណី។
ប៉ុន្តែប្រសិនបើជាការទិញលក់ដូចជាដី ឬផ្ទះ គឺភាគីត្រូវតែធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរជាដាច់ខាត់ ថែមទាំងត្រូវធ្វើជាលិខិតយថាភូតទៀតផង ទើបកិច្ចសន្យានោះមានអនុភាពអាចអនុវត្ត និងចាប់បង្ខំគូភាគីបាន។ បើយោងតាមមាត្រា៣៣៦ វាក្យខណ្ឌទី២នៃក្រមរដ្ឋប្បវេណី៕