អាសន្ន​៖ ចិន​ព្រមាន​ពលរដ្ឋ​ខ្លួន​ក្នុង​ការ​ធ្វើដំណើរ​ទេសចរណ៍​ទៅកាន់​អាមេរិក​

0
ភ្ញៀវទេសចរណ៍ចិនកំពុងថតរូប​អនុស្សាវរីយ៍នៅទីក្រុងញូវយ៉ក

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រសួងវប្បធម៌​ និង​ទេសចរណ៍​ចិន​ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន​ ដែល​គ្រោង​នឹង​ទៅ​ទស្សនា​សហរដ្ឋអាមេរិក​នា​ថ្ងៃម្សិល​ម៉ិញ​នេះ​។

ក្រសួង​បាន​កត់សម្គាល់​ថា​ មានការ​បាញ់ប្រហារ​ជាបន្តបន្ទាប់​នៅ​អាមេរិក​ ការ​លួច​ប្លន់​ និង​បាន​ណែនាំ​ដល់​ភ្ញៀវ​ទេសចរ​ចិន​ ឲ្យ​ពិនិត្យមើល​យ៉ាង​ពេញលេញ​អំពី​គ្រោះថ្នាក់​ដែល​ពាក់ព័ន្ធ​ នឹង​ការ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អាមេរិក​។

ក្រសួង​ការបរទេស​ចិន​បាន​អះអាង​ថា​ កាលពី​ពេល​ថ្មី​ៗនេះ​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​របស់​សហរដ្ឋអាមេរិក​ បាន​ធ្វើឲ្យ​មានការ​រំខាន​ដល់​ពលរដ្ឋ​ចិន​ ដែល​ទៅ​ធ្វើ​ទស្សនា​សហរដ្ឋអាមេរិក​ម្តង​ហើយ​ម្តង​ទៀត​តាមរយៈ​ការ​ត្រួតពិនិត្យ​ការ​ចេញចូល​ និង​ការ​ធ្វើ​សំភាស​ន៍​ម្តង​ម្នា​ក់ៗ​ និង​មធ្យោបាយ​ផ្សេង​ទៀ​តៗ​។

ក្រសួង​ការបរទេស​ ស្ថានទូត​ និង​ស្ថាន​កុងស៊ុល​ចិន​នៅ​សហរដ្ឋអាមេរិក​បាន​ក្រើនរំលឹក​ដល់​ប្រជាជន​ចិន​ និង​ស្ថាប័ន​ដែល​ទទួល​បាន​មូលនិធិ​ពី​ចិន​ នៅក្នុង​សហរដ្ឋអាមេរិក​ដើម្បី​បង្កើន​ការយល់​ដឹង​អំពី​សន្តិសុខ​ និង​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​។

អ្នកវិភាគ​មួយចំនួន​បាន​កត់សម្គាល់​ថា​ ការ​ប្រឹក្សា​យោបល់​ផ្នែក​ទេសចរណ៍​គឺជា​ផ្នែក​មួយ​នៃ​ការវាយប្រហារ​សងសឹក​ដោយ​រដ្ឋាភិបាល​ចិន​ ក្នុង​ការ​ឆ្លើយតបទៅនឹង​សង្គ្រាម​ពាណិជ្ជកម្ម​ ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​បាន​កើតឡើង​កាលពី​ខែមុន​។

​លោក​ប្រធានាធិបតី​អាមេរិក​ ដូ​ណាល់​ ត្រាំ​ (Donald​ Trump​) បាន​ដាក់បញ្ចូល​ក្រុមហ៊ុន​ Huawei​ ក្នុង​បញ្ជីខ្មៅ​ និង​ហាមឃាត់​ក្រុមហ៊ុន​អាមេរិក​ មិន​ឱ្យធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​នេះ​។

ក្រុម​អ្នកវិភាគ​សេដ្ឋកិច្ច​មួយចំនួន​ចាត់ទុកថា​ ការ​ដាក់​បញ្ជីខ្មៅ​នេះ​ស្មើនឹង​”ការ​កាត់ទោស​ប្រហារជីវិត​” សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Shenzhen​៕

LEAVE A REPLY

Please enter your comment!
Please enter your name here