គម្រោងបុរីធំមួយនៅក្រុងភ្នំពេញ
ដោយៈ រ៉ាណេត
ភ្នំពេញៈ អ្នកជំនាញបាននិយាយថា ស្របពេលវិស័យលំនៅដ្ឋានមានការរីកចម្រើនខ្លាំង ការផ្តោតលើគុណភាពសំណង់ជារឿងចាំបាច់ ដែលអ្នកអភិវឌ្ឍត្រូវតែយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាពសំណង់របស់ខ្លួន ជាពិសេសលទ្ធភាពនៃការវិនិយោគឱ្យបានគ្រប់គ្រាន់។
អគ្គនាយកក្រុមហ៊ុន Khmer Real Estate លោកបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា នៅពេលដែលវិស័យសំណង់កាន់តែមានភាពរីកចម្រើនខ្លាំង ការប្រកួតប្រជែងនៅលើទីផ្សារវិស័យមួយនេះ កាន់តែមានភាពតាន់តឹងខ្លាំង ដែលតម្រូវឱ្យអ្នកអភិវឌ្ឍចាំបាច់ ត្រូវតែមានការយកចិត្តខ្ពស់ទៅលើគុណភាពសំណង់ និងលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន។
-->
លោកបនម្តថា “នៅលើទីផ្សាររួម មិនថាចំពោះតែវិស័យអ្វីនោះទេ ការប្រកួតប្រជែងគឺចាំចាប់ត្រូវតែខ្លាំងជាងដៃគូ និងប្រកបដោយទំនុកចិត្តខ្ពស់ ទើបអាចទទួលជោគជ័យ”។ លោកបន្តថា “ក្នុងខណៈពេលទីផ្សារអចលទ្រព្យ កំពុងមានការប្រកួតប្រជែងគ្នា អ្នកមានទុនវិនិយោគគ្រប់គ្រាន់នឹងទទួលបានជោគជ័យ”។
ផ្ទុយទៅវិញអ្នកប្រកាសគម្រោងហើយរង់ចាំប្រាក់ ពីអតិថិជនយកទៅសាងសង់ មិនទទួលបានជោគជ័យនោះទេ និងថែមទាំងអាចប្រឈមមុខនឹងការសាងសង់មិនចប់ទៀតផង ជាក់ស្ដែងកាលពីពេលកន្លងទៅ ធ្លាប់មានក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានមួយចំនួនបានជួបនឹងភាពរាំងស្ទះក្នុងដំណើរការសាងសង់រួមទៅហើយ។ មានន័យថា ចំពោះអ្នកមានលុយសាងសង់គ្រប់គ្រាន់ដើម្បីលក់ គឺមិនប្រឈមនឹងបញ្ហានោះទេ ដែលពេលពួកគេសាងសង់ចប់ គម្រោងរបស់ពួកគេនឹងទទួលបានជោគជ័យ មិនមានបញ្ហាក្នុងទីផ្សារនោះឡើយ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា ភាគច្រើននៃគម្រោងបុរីដែលមាននៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ មានទីតាំងនៅតាមបណ្តាខណ្ឌមួយចំនួន ដែលស្ថិតនៅជាយក្រុង។ ជាក់ស្ដែង ខណ្ឌសែនសុខមានរហូតដល់ ៤៥គម្រោង ខណ្ឌឫស្សីកែវមានចំនួន ៣១គម្រោង ខណ្ឌមានជ័យមាន២៤គម្រោង និងខណ្ឌច្បារអំពៅមានចំនួន២៣គម្រោង។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ប្រាប់ឱ្យដឹងកាលពីពេលកន្លងទៅនេះថា គម្រោងបុរីថ្មីៗ ដែលត្រូវបានព្យាករណ៍ថា នឹងចូលមកកាន់ទីផ្សារបន្ថែមទៀត ភាគច្រើនស្ថិតនៅខណ្ឌជ្រោយចង្វារ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ ។
អ្នកនាងបានបន្តទៀតថា “នៅក្នុងចំណោមខណ្ឌទាំង៣ខាងលើនេះ ខណ្ឌដែលទទួលបានការចាប់អារម្មណ៍ជាងគេ គឺខណ្ឌជ្រោយចង្វារ ខណៈដែលបច្ចុប្បន្នក៏មានសំណង់បុរីជាច្រើន កំពុងតែមមាញឹកក្នុងការសាងសង់បញ្ចប់គម្រោង រួមជាមួយគម្រោងបុរីថ្មីៗមួយចំនួន នឹងបង្ហាញវត្តមានបន្ថែមទៀតនៅក្នុងខណ្ឌមួយនេះ”៕