ធនាគារពិភពលោក៖  ក្រុងភ្នំពេញ​រីកចម្រើន តែមាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ធនាគារពិភពលោក​បាន​ទទួលស្គាល់​ការរីកចម្រើន នៃ​ទីក្រុង​ភ្នំពេញ​ដែល​បានរួម​ចំណែក​បង្កើន​ឳ​កាស​ការងារ និង​កាត់បន្ថយ​ភាពក្រីក្រ ប៉ុន្តែ​ធនាគារ​នេះ​បានលើកឡើង​បញ្ហា​ប្រឈម​ជាច្រើន ដែល​ត្រូវ​ដោះស្រាយ។

យោងតាម​ការសិក្សា​ថ្មី​មួយ របស់​ធនាគារពិភពលោក​ស្តីពី ការអភិវឌ្ឍ​ទីក្រុង​ភ្នំពេញ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី២០ ធ្នូ​នេះ​បាន​ឲ្យ​ដឹងថា ការរីកលូតលាស​ដ៏​ឆាប់រហ័ស​នៃ​ទីក្រុង​ភ្នំពេញ ក្នុង​រយៈពេល១០ឆ្នាំ​ចុង​ក្រោយនេះ ពិត​ជាមាន​រួមចំណែក​យ៉ាងច្រើន ក្នុងការ​បង្កើត​ឳ​កាស​ការងារ ប៉ុន្តែ​ទន្ទឹមនឹង​ការអភិវឌ្ឍ​ទីក្រុង​នេះ មាន​បញ្ហា​ប្រឈម​ជាច្រើន ក្នុង​ការផ្តល់​សេវាកម្ម​មូលដ្ឋាន ដែល​រួមមាន​ប្រ​ព័​ន្ឋ​បង្ហូរ​ទឹកស្អុយ ស្ថានីយ៍​កែច្នៃ​ទឹកស្អុយ សេវាកម្ម​សាធារណៈ ការ​គ្រប់ គ្រង​កាកសំណល់​រឹង ការគ្រប់គ្រង និង​ការផ្តល់​ហិរញ្ញប្បទាន​លើ​ការរៀបចំ​ទីក្រុង ការពង្រឹង​អភិបាលកិច្ច និង​និង​ការគ្រប់គ្រង​លើ​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ជា​រឿង​ចាំបាច់។

ឆ្លើយតប​នឹង​កង្វល់​នេះ ធនាគារពិភពលោក​បាន​ផ្តល់​អនុសាសន៍​ចំនួន៤ចំណុច ដើម្បី​អភិវឌ្ឍន៍​ទីក្រុង​នេះ​ប្រកបដោយ​ភាព​សុខដុម ដូចជា ត្រូវ​កែលំអរ ស្ថាប័ន និង​អភិបាលកិច្ច ដើម្បី​ឲ្យ​ទីក្រុង​អាច​អភិវឌ្ឍន៍​ទៅបាន ប្រកបដោយ​ភាព​សុខដុម និង​មាន​ប្រ​សិទ្ឋិ​ភាព​ជាង​មុន។ ត្រូវ​កែលំអរ​ផែនការ​រៀបចំ​ទីក្រុង និង​ការ អនុវត្តន៍​ផែនការ​តាមរយៈ ការបង្កើត​បទដ្ឋាន​គ​តិ​យុ​ត្តិ ក្របខ័ណ្ឌ​ច្បាប់ និង​ពង្រឹង​ផែនការ​រៀបចំ​ទីក្រុង​ដែលមាន​ស្រាប់។ ត្រូវ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទីក្រុង ប្រកបដោយ​និរន្តរភាព​ដើម្បី​លើក​កំពស់​ជីវភាព​រស់នៅ និង​ការប្រកួតប្រជែង​និង​ត្រូវ​ធានាថា​ការរៀបចំ​ទីក្រុង ត្រូវ​គិតគូរ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ជៀសវាង​វិសមភាព។

ទីក្រុង​ភ្នំពេញ​បានរៀបចំ​ផែនការមេ​រួចហើយ សម្រាប់​ឆ្នាំ២០១៥ ២០៣៥ ដែល​បាននិងកំពុង​អនុវត្តន៍ ប៉ុន្តែ​អ្នកជំនាញ​បាន​មើលឃើញថា ការអភិវឌ្ឍន៍​ទីក្រុង​នេះ​តាម​ផែនការមេ​មិនបាន​ធ្វើ​ដោយ​រលូន​នៅឡើយ​ទេ។

យោងតាម​ការសិក្សា​រប​ស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​កាលពី​ឆ្នាំ២០១៣បាន​រកឃើញថា តង់​ស៊ី​តេ​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ​មាន​ចំនួន២៨០០នាក់​ក្នុង​មួយ​គីឡូម៉ែត្រ ខណៈ​ទីក្រុង​បាងកក​មាន៨០០០នាក់ និង​ទីក្រុង​ហូ​ជី​ម៉ិ​ញ ប្រទេស​វៀតណាម​មាន៤០០០នាក់​ក្នុង​មួយ​គីឡូម៉ែត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here