ដោយ គង់ សូរិយា
ភ្នំពេញ៖ កំណើននៃការវិនិយោគផ្ទាល់ពីបរទេស (FDI) បានធ្វើឲ្យតម្លៃដីក្នុងខេត្តព្រះសីហនុកើនឡើងទ្វេរដង គាំទ្រដោយសារកំណើននៃការវិនិយោគ ក្នុងវិស័យឧស្សាហកម្មរបស់ខេត្ត ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ។
តាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន អចលនទ្រព្យ CBRE Cambodia បានឲ្យដឹងនៅថ្ងៃទី១៣ តុលានេះថា គិតត្រឹមបំណាច់ឆមាសទី១ឆ្នាំនេះ តម្លៃដីធ្លីក្នុងខេត្តព្រះសីហនុបានកើនទ្វេរដង ដោយដីក្នុងតំបន់ឆ្នេរមានតម្លៃក្នុងទីផ្សារចាប់ពី ៤៥០ដុល្លារអាមេរិក ទៅ ២៥០០ដុល្លារអាមេរិកក្នុងមួយម៉ែតការ៉េ ហើយតំបន់ដែលមានតម្លៃដីខ្ពស់ជាងគេនោះ គឺស្ថិតក្នុងតំបន់ក្បែរឆ្នេរអូឈើទាល បើប្រៀបនឹងពេលវេលាដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯដីដែលមានតម្លៃទាបជាងគេនោះ គឺស្ថិតក្នុងតំបន់ឆ្នេរអូត្រេះ។ ចំណែកតម្លៃដីក្នុងក្រុងវិញ វាមានតម្លៃចន្លោះពី២០០ដុល្លារ ទៅ៧៥០ដុល្លារអាមេរិកក្នុងមួយម៉ែតការ៉េ ហើយដីលំនៅដ្ឋានវិញមានតម្លៃចាប់ពី ១២០ដុល្លារអាមេរិក ដល់៣០០ដុល្លារអាមេរិកក្នុងមួយម៉ែតការ៉េ។
ការសិក្សាដដែលបានរកឃើញថា ការហក់ឡើងនូវតម្លៃដីនេះត្រូវបានគេមើលឃើញថា ដោយសារតែការកើនឡើងឡើងនូវលំហូរវិនិយោគវិនិយោគផ្ទាល់ទាំងក្នុងស្រុក និងមកពីក្រៅប្រទេស ដែលការវិនិយោគបានផ្តោតលើផ្នែកបដិសណ្ឋារកិច្ច រមណីយដ្ឋាន គម្រោងលំនៅស្ថាន និងការកើនឡើងនូវចំនួនរោងចក្រដោយផ្ដោតសំខាន់លើតំបន់សេដ្ឋកិច្ចពិសេស ដែលប៉ុន្មានឆ្នាំចុងក្រោយនេះទំហំទឹកប្រាក់វិនិយោគបានកើនដល់៣១០លានដុល្លារ។